ណាពីមីកា 7
7
1ខ្ញុំមុខជាត្រូវវេទនាហើយ!
ដ្បិតខ្ញុំប្រៀបដូចជាអ្នកដែលទៅរក
បេះផ្លែឈើ ក្រោយរដូវផ្លែឈើទុំ
ហើយទៅរកបេះផ្លែទំពាំងបាយជូរ
ក្រោយរដូវផ្លែទំពាំងបាយជូរទុំ
គឺគ្មានផ្លែទំពាំងបាយជូរសោះ
ហើយសូម្បីតែឧទុម្ពរមួយផ្លែដែលខ្ញុំចូលចិត្ត
ក៏គ្មានដែរ។
2នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់
ដែលស្មោះត្រង់នឹងអុលឡោះ
ហើយក៏គ្មានសល់មនុស្សសុចរិតដែរ
គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់
ចាំប្រហារជីវិតគ្នា
ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប
បងប្អូនរបស់ខ្លួន។
3ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់
ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។
អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា
ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
4ក្នុងចំណោមពួកគេ
អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ
អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។
ប៉ុន្តែ ថ្ងៃដែលអុលឡោះដាក់ទោសពួកគេ
មកដល់ហើយ
គឺថ្ងៃដែលពួកណាពី ជាអ្នកយាមល្បាត
បានប្រកាសទុក។
ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។
5កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន
សូម្បីនៅមុខប្រពន្ធរបស់អ្នក
ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។
6កូនប្រុសជេរប្រទេចឪពុក
កូនស្រីប្រឆាំងទាស់នឹងម្ដាយ
កូនប្រសាស្រីទាស់នឹងម្ដាយក្មេក
ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា
នឹងក្លាយទៅជាសត្រូវនឹងគ្នា។
សេចក្ដីសង្ឃឹមរបស់ប្រជាជន
7រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅអុលឡោះតាអាឡា
ខ្ញុំសង្ឃឹមលើអុលឡោះ
ជាអ្នកសង្គ្រោះរបស់ខ្ញុំ
ម្ចាស់របស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
8ខ្មាំងសត្រូវរបស់ខ្ញុំអើយ!
កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ!
ខ្ញុំពិតជាដួលមែន
តែខ្ញុំនឹងងើបឡើងវិញពុំខាន។
ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី
ក៏អុលឡោះតាអាឡាជាពន្លឺរបស់ខ្ញុំដែរ។
9ខ្ញុំសុខចិត្តស៊ូទ្រាំនឹងកំហឹងរបស់អុលឡោះតាអាឡា
ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់
ទាស់នឹងបំណងទ្រង់។
គង់តែមានថ្ងៃណាមួយ
ទ្រង់នឹងការពារក្តីរបស់ខ្ញុំ
ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។
ទ្រង់នឹងនាំខ្ញុំចេញទៅរកពន្លឺ
ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ទ្រង់។
10សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ
គេធ្លាប់ពោលមកខ្ញុំថា “តើអុលឡោះតាអាឡា
ជាម្ចាស់របស់អ្នក ទៅណាបាត់ហើយ?”
ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង
គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី
ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
11នៅថ្ងៃដែលគេសង់កំពែងក្រុង
របស់អ្នកឡើងវិញ
ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។
12នៅថ្ងៃនោះ ប្រជាជនរបស់អ្នក
នឹងវិលមករកអ្នកវិញ
ពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីប
ចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាត
ចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង
ចាប់ពីភ្នំមួយទៅភ្នំមួយទៀត។
13ផែនដីនឹងក្លាយទៅជាទីស្មសាន
ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់
នៅលើផែនដី។
14អុលឡោះអើយ សូមថែរក្សា
ប្រជារាស្ត្រផ្ទាល់របស់ទ្រង់
ដូចអ្នកគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។
យើងខ្ញុំដែលជាហ្វូងចៀមរបស់ទ្រង់
រស់នៅលើទឹកដីគ្មានជីជាតិ
ដែលមានចម្ការព័ទ្ធជុំវិញ។
សូមនាំយើងខ្ញុំទៅរស់នៅកន្លែង
ដែលមានជីជាតិល្អនៅស្រុកបាសាន
និងស្រុកកាឡាដ ដូចដើមវិញ។
15សូមសំដែងអំណាចដ៏រុងរឿងអស្ចារ្យ ដូច
កាលទ្រង់នាំយើងខ្ញុំចេញពីស្រុកអេស៊ីប។
16ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់
ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។
ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច
ហើយស្ដាប់អ្វីក៏លែងឮដែរ។
17ពួកគេនឹងស៊ីធូលីដីដូចពស់
និងដូចសត្វលូនវារឯទៀតៗ។
ពួកគេចេញពីកន្លែងពួនមករកអុលឡោះតាអាឡា
ជាម្ចាស់នៃយើង ដោយភ័យញ័រ
ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចទ្រង់។
18អុលឡោះអើយ! តើមានម្ចាស់ណា
ដែលមានចិត្តសប្បុរសដូចទ្រង់?
ទ្រង់លើកលែងទោសឲ្យយើងខ្ញុំ
ទ្រង់មិនខឹងរហូតឡើយ។
ទ្រង់មានចិត្តស្រឡាញ់
ប្រជារាស្ត្ររបស់ទ្រង់ដែលនៅសេសសល់
ហើយទ្រង់ប្រណីសន្ដោសដល់ពួកគេ។
19ទ្រង់មុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី
ទ្រង់មិនប្រកាន់ទោសរបស់យើងខ្ញុំទេ
ទ្រង់នឹងយកអំពើបាបទាំងប៉ុន្មាន
របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
20ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ
ដល់កូនចៅរបស់យ៉ាកកូប
ហើយសំដែងចិត្តមេត្តាករុណា
ដល់កូនចៅរបស់អ៊ីព្រហ៊ីម
ដូចទ្រង់បានសន្យាជាមួយបុព្វបុរស
របស់យើងខ្ញុំកាលពីជំនាន់ដើម។
Kasalukuyang Napili:
ណាពីមីកា 7: អគត
Haylayt
Ibahagi
Kopyahin
Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.