យ៉ះយ៉ា 21
21
អ៊ីសាបង្ហាញខ្លួនឲ្យពួកសិស្សឃើញនៅជិតមាត់សមុទ្រទីបេរាស
1ក្រោយមក អ៊ីសាបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺអ៊ីសាបង្ហាញឲ្យគេឃើញដូចតទៅ៖
2លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសិស្សរបស់អ៊ីសាពីរនាក់ទៀតនៅជុំគ្នា។ 3លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្ដែ នៅយប់នោះ គេឥតបានត្រីសោះ។ 4ព្រលឹមឡើង អ៊ីសាឈរនៅមាត់ច្រាំង ប៉ុន្ដែ ពួកសិស្សមិនដឹងថាជាអ៊ីសាទេ។ 5អ៊ីសាមានប្រសាសន៍ទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគឬទេ?»។ គេឆ្លើយអ៊ីសាថា៖ «គ្មានទេ»។ 6អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ 7ពេលនោះ សិស្សដែលអ៊ីសានិយាយប្រសាសន៍ទៅពេត្រុសថា៖ «អ៊ីសាជាអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា អ៊ីសាជាអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ 8សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ 9គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និងនំបុ័ងអាំងពីលើផង។ 10អ៊ីសាមានប្រសាសន៍ទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ 11លោកស៊ីម៉ូនពេត្រុសចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ 12អ៊ីសាមានប្រសាសន៍ទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរអ៊ីសាថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាអ៊ីសាជាអម្ចាស់ទាំងអស់គ្នា។ 13អ៊ីសាទៅជិតពួកគេ គាត់យកនំបុ័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។
14តាំងពីអ៊ីសាបានរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលអ៊ីសាសំដែងខ្លួនឲ្យពួកសិស្សឃើញ។
អ៊ីសាមានប្រសាសន៍ផ្ដាំពេត្រុស
15លុះគេបានបរិភោគរួចរាល់ហើយ អ៊ីសាសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ 16អ៊ីសាសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ ពេត្រុសឆ្លើយថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថាខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ 17អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ 18ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្ដអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឲ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ 19អ៊ីសាមានប្រសាសន៍ដូច្នេះ បង្ហាញអំពីរបៀបដែលពេត្រុសស្លាប់ ដើម្បីសំដែងសិរីរុងរឿងរបស់អុលឡោះ។ បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
អ៊ីសា និងសិស្សដែលគាត់ស្រឡាញ់
20ពេត្រុសងាកមើលក្រោយឃើញសិស្ស ដែលអ៊ីសាស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតទ្រូងរបស់អ៊ីសានៅពេលជប់លៀង ហើយសួរអ៊ីសាថា “អ៊ីសាជាអម្ចាស់អើយ! តើនរណានាំគេមកចាប់លោកម្ចាស់?”។ 21កាលពេត្រុសឃើញគាត់ ពេត្រុសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ 22អ៊ីសាមានប្រសាសន៍ឆ្លើយទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។ 23ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ។ តាមពិត អ៊ីសាពុំបានប្រាប់ពេត្រុសថា សិស្សនោះមិនត្រូវស្លាប់ឡើយ អ៊ីសាគ្រាន់តែមានប្រសាសន៍ថា “ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?”។
អវសានកថា
24សិស្សនោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។ 25អ៊ីសាបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មម សម្រាប់ទុកសៀវភៅដែលគេកត់ត្រានោះបានឡើយ។
Kasalukuyang Napili:
យ៉ះយ៉ា 21: អគត
Haylayt
Ibahagi
Kopyahin

Gusto mo bang ma-save ang iyong mga hinaylayt sa lahat ng iyong device? Mag-sign up o mag-sign in
© 2014 United Bible Societies, UK.