២ កូរិនថូស 2
2
1ដូច្នេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទាំងព្រួយចិត្តទៀតឡើយ។ 2ដ្បិតបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទៅហើយ តើអ្នកណានឹងធ្វើឲ្យខ្ញុំសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ? 3ហេតុនេះបានជាខ្ញុំសរសេរសំបុត្រនោះផ្ញើមកអ្នករាល់គ្នា ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនកើតទុក្ខព្រួយពីអស់អ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ដ្បិតខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា អំណររបស់ខ្ញុំ ក៏ជាអំណររបស់អ្នករាល់គ្នាដែរ។ 4ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងពិបាកចិត្ត ទាំងថប់ព្រួយ ទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់ពីសេចក្តីស្រឡាញ់ជាបរិបូរ ដែលខ្ញុំមានចំពោះអ្នករាល់គ្នាវិញ។
ការអត់ទោសឲ្យអ្នកដែលប្រព្រឹត្ដខុស
5ប៉ុន្តែ បើអ្នកណាម្នាក់ធ្វើឲ្យមានទុក្ខព្រួយ អ្នកនោះមិនបានធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់ព្រួយខ្លះ (ខ្ញុំនិយាយដូច្នេះ មិនចង់បំផ្លើសទេ)។ 6ទោសដែលអ្នករាល់គ្នាភាគច្រើនបានធ្វើដល់មនុស្សបែបនេះ នោះល្មមហើយ 7ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។ 8ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យបញ្ជាក់ប្រាប់គាត់ថា អ្នករាល់គ្នាស្រឡាញ់គាត់។ 9ដ្បិតដោយហេតុនេះបានជាខ្ញុំសរសេរ ដើម្បីលចិត្តអ្នករាល់គ្នាឲ្យដឹងថា តើអ្នករាល់គ្នាស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ ឬយ៉ាងណា។ 10បើអ្នករាល់គ្នាអត់ទោសឲ្យអ្នកណា នោះខ្ញុំក៏អត់ទោសឲ្យអ្នកនោះដែរ ចំពោះខ្ញុំ ប្រសិនបើខ្ញុំបានអត់ទោសពីរឿងអ្វីមួយមែន នោះដោយព្រោះអ្នករាល់គ្នានៅចំពោះព្រះគ្រីស្ទ 11ដើម្បីកុំឲ្យអារក្សសាតាំងមានឱកាសលើយើង ដ្បិតយើងមិនមែនមិនដឹងពីកិច្ចកលរបស់វានោះឡើយ។
លោកប៉ុលខ្វល់ខ្វាយក្នុងចិត្ដនៅក្រុងទ្រអាស
12កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់ 13តែចិត្តខ្ញុំមិនបានធូរស្បើយសោះ ព្រោះនៅទីនោះ ខ្ញុំរកទីតុស ជាបងប្អូនខ្ញុំមិនឃើញ។ ដូច្នេះ ខ្ញុំក៏លាគេ ហើយបន្តដំណើរទៅស្រុកម៉ាសេដូន។
14ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។ 15ដ្បិតយើងជាក្លិនក្រអូបរបស់ព្រះគ្រីស្ទចំពោះព្រះ ក្នុងចំណោមអស់អ្នកដែលកំពុងតែបានសង្គ្រោះ និងក្នុងចំណោមអស់អ្នកដែលកំពុងតែវិនាស។ 16ចំពោះមនុស្សមួយពួក ជាក្លិននៃសេចក្តីស្លាប់ ដែលនាំឲ្យស្លាប់ ចំពោះមនុស្សមួយពួកទៀត ជាក្លិននៃជីវិត ឲ្យមានជីវិត។ តើអ្នកណាមានសមត្ថភាពសម្រាប់កិច្ចការនេះ? 17ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
தற்சமயம் தேர்ந்தெடுக்கப்பட்டது:
២ កូរិនថូស 2: គកស១៦
சிறப்புக்கூறு
பகிர்
நகல்
உங்கள் எல்லா சாதனங்களிலும் உங்கள் சிறப்பம்சங்கள் சேமிக்கப்பட வேண்டுமா? பதிவு செய்யவும் அல்லது உள்நுழையவும்
© 2016 United Bible Societies