សាការី 9
9
ការវិនិច្ឆ័យទោសចំពោះសត្រូវរបស់ពួគអ៊ីស្រាអែល
1សេចក្ដីប្រកាស។
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា
ទតមើលមនុស្សទាំងអស់
ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល
2ព្រមទាំងស្រុកហាម៉ាត
ជាស្រុកដែលជាប់ព្រំដែននឹងគេ
ក្រុងទីរ៉ុស និងក្រុងស៊ីដូនដែរ
ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ។
3ក្រុងទីរ៉ុសបានធ្វើទីមាំមួនសម្រាប់ខ្លួន
ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី
និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ។
4ប៉ុន្តែ ព្រះអម្ចាស់នឹងទម្លាក់គេចេញ
ហើយវាយកម្លាំងរបស់គេដែលនៅក្នុងសមុទ្រ
ទីក្រុងនោះនឹងត្រូវភ្លើងឆេះ។
5ឯក្រុងអាសកាឡូនក៏ឃើញដែរ
ហើយភ័យខ្លាច រួមទាំងក្រុងកាសាផងដែរ
គេនឹងមានការឈឺចាប់ជាខ្លាំងចំពោះក្រុងអេក្រុន
ដ្បិតទីសង្ឃឹមរបស់គេត្រឡប់ជាទីអាម៉ាស់ខ្មាសវិញ
ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា
ក្រុងអាសកាឡូននឹងលែងមានមនុស្សរស់នៅ។
6មានសុទ្ធតែពួកកូនកាត់រស់នៅក្នុងក្រុងអាសដូឌ
ហើយយើងនឹងបំផ្លាញសេចក្ដីអំនួត
របស់សាសន៍ភីលីស្ទីន។
7យើងនឹងដកយកឈាមចេញពីមាត់គេ
ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម
ចេញពីកណ្ដាលធ្មេញគេដែរ
នោះគេនឹងសល់នៅសម្រាប់គោរពដល់ព្រះនៃយើង
ហើយនឹងដូចជាចៅហ្វាយនៅស្រុកយូដា
ឯពួកក្រុងអេក្រុននឹងដូចជាពួកក្រុងយេប៊ូសវិញ។
8យើងនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់យើង
ទាស់នឹងពលទ័ព
ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ
ក៏គ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតដែរ
ដ្បិតឥឡូវនេះ ភ្នែកយើងបានឃើញហើយ។
អ្នកគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះ
9ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង
ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ
មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ
ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ
ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា
គឺជាលាជំទង់ ជាកូនរបស់មេលា។
10យើងនឹងកាត់រទេះចម្បាំងចេញពីស្រុកអេប្រាអិម
និងសេះចេញពីក្រុងយេរូសាឡិមដែរ
ឯធ្នូរចម្បាំងនឹងត្រូវកាត់ចេញ
ហើយព្រះអង្គនឹងមានព្រះបន្ទូល
ពីសន្តិសុខដល់អស់ទាំងសាសន៍
ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ
នឹងចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង
ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត។
11ចំណែកអ្នកវិញ យើងលែងពួកជាប់គុក
ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក
ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់អ្នក
12ឱពួកអ្នកជាប់គុក ដែលមានសង្ឃឹមអើយ
ចូរវិលមកឯទីមាំមួនចុះ
នៅថ្ងៃនេះ យើងប្រកាសថា
យើងនឹងសងអ្នកមួយជាពីរ។
13ដ្បិតយើងបានលើកយូដាដូចជាធ្នូ
ហើយដាក់អេប្រាអិមនៅធ្នូ
យើងទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ
យើងនឹងដាស់តឿនកូនប្រុសរបស់អ្នក
ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រិក
ហើយនឹងធ្វើឲ្យអ្នកដូចជាដាវរបស់មនុស្សខ្លាំងពូកែ។
14គេនឹងឃើញព្រះយេហូវ៉ាស្ថិតពីលើពួកកូនប្រុសរបស់អ្នក
ព្រួញព្រះអង្គនឹងហោះចេញទៅដូចជាផ្លេកបន្ទោរ
ហើយព្រះអម្ចាស់យេហូវ៉ានឹងផ្លុំត្រែ
ចេញទៅក្នុងខ្យល់កួចពីខាងត្បូង។
15ព្រះយេហូវ៉ានៃពួកពលបរិវារនឹងការពារគេ
គេនឹងលេបបំបាត់
ហើយឈ្នះគ្រាប់ក្រួសដែលបាញ់ មក
គេនឹងផឹក ហើយធ្វើសំឡេង
ដូចជាផឹកស្រាទំពាំងបាយជូរ
គេនឹងបានពេញដូចជាចាន
គឺជាចាននៅជ្រុងអាសនា។
16នៅថ្ងៃនោះ ព្រះយេហូវ៉ា
ជាព្រះរបស់គេនឹងសង្គ្រោះគេ
ទុកដូចជាហ្វូងចៀម ជាប្រជារាស្ត្ររបស់ព្រះអង្គ
ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក
នៅលើស្រុករបស់ព្រះអង្គ។
17ដ្បិតសេចក្ដីចម្រើនរបស់គេធំណាស់ហ្ន៎
ហើយសេចក្ដីលម្អរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎
ឯស្រូវនឹងធ្វើឲ្យពួកកំលោះៗចម្រើនកម្លាំងឡើង
ហើយទឹកទំពាំងបាយជូរ
ឲ្យពួកក្រមុំៗបានចម្រើនដូចគ្នា។
Aktualisht i përzgjedhur:
សាការី 9: គកស១៦
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2016 United Bible Societies