រ៉ូម 2
2
ការជំនុំជម្រះដ៏សុចរិតរបស់ព្រះ
1ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។ 2យើងដឹងថា ព្រះជំនុំជម្រះពួកអ្នកដែលប្រព្រឹត្តដូច្នោះ គឺស្របតាមសេចក្ដីពិត។ 3ឱមនុស្សអើយ តើអ្នកនឹកស្មានថា ពេលអ្នកថ្កោលទោសអស់អ្នកដែលប្រព្រឹត្តដូច្នោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះអ្នកនឹងបានរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ? 4ឬតើអ្នកមើលងាយសេចក្តីសប្បុរស សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គឬ? តើអ្នកមិនដឹងថា សេចក្តីសប្បុរសរបស់ព្រះ នាំអ្នកឲ្យប្រែចិត្តទេឬ? 5ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។ 6ព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ 7ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច 8រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។ 9សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។ 10តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។ 11ដ្បិតព្រះមិនលម្អៀងឡើយ។
12អស់អ្នកដែលបានធ្វើបាបដោយមិនស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅទាំងគ្មានក្រឹត្យវិន័យ ហើយអស់អ្នកបានធ្វើបាបនៅក្រោមក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជម្រះដែរ។ 13ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។ 14ពេលពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។ 15គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា 16នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
សាសន៍យូដា និងក្រឹត្យវិន័យ
17ប៉ុន្តែ បើអ្នកមានឈ្មោះជាសាសន៍យូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ អួតសរសើរពីព្រះ 18ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ 19ហើយបើអ្នកជឿជាក់ថា ខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកនៅក្នុងសេចក្ដីងងឹត 20ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ 21ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? 22ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? 23ខ្លួនអ្នកដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងក្រឹត្យវិន័យឬទេ? 24ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះនាមរបស់ព្រះត្រូវគេប្រមាថក្នុងចំណោមពួកសាសន៍ដទៃ ព្រោះតែអ្នករាល់គ្នា»។
25ការកាត់ស្បែកមានប្រយោជន៍មែន ប្រសិនបើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការកាត់ស្បែករបស់អ្នក ក៏ត្រឡប់ដូចជាមិនកាត់ដែរ។ 26ដូច្នេះ បើពួកអ្នកដែលមិនកាត់ស្បែក គេកាន់តាមបទបញ្ញត្តិរបស់ក្រឹត្យវិន័យ នោះតើការដែលមិនកាត់ស្បែក រាប់ដូចជាបានកាត់ស្បែកវិញទេឬ? 27ដូច្នេះ ពួកអ្នកដែលមិនកាត់ស្បែកខាងរូបកាយ តែប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងកាត់ទោសអ្នកដែលមានទាំងគម្ពីរវិន័យ និងការកាត់ស្បែក តែបែរជាប្រព្រឹត្តរំលងក្រឹត្យវិន័យ។ 28ដ្បិតអ្នកដែលជាសាសន៍យូដា មិនសំដៅលើសម្បកក្រៅទេ ឯការកាត់ស្បែកពិតប្រាកដ ក៏មិនសំដៅលើរូបកាយខាងក្រៅនោះដែរ។ 29ផ្ទុយទៅវិញ អ្នកដែលជាសាសន៍យូដា គឺសំដៅលើចិត្តខាងក្នុង ឯការកាត់ស្បែកពិតប្រាកដ ក៏ស្ថិតនៅលើចិត្តដែរ គឺជាការខាងវិញ្ញាណ មិនមែនតាមន័យរបស់ពាក្យនោះទេ។ មនុស្សបែបនោះ ទទួលការសរសើរពីព្រះ មិនមែនពីមនុស្សឡើយ។
Aktualisht i përzgjedhur:
រ៉ូម 2: គកស១៦
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2016 United Bible Societies