ម៉ាកុស 3
3
ណាពីអ៊ីសាប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា
1អ៊ីសាចូលទៅសាលាប្រជុំម្ដងទៀត នៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។ 2ពួកគេតាមមើលអ៊ីសា ក្រែងលោគាត់ប្រោសបុរសនេះឲ្យជា នៅថ្ងៃជំអាត់ក្នុងគោលបំណងចោទប្រកាន់គាត់។ 3អ៊ីសាមានប្រសាសន៍ទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ 4បន្ទាប់មក អ៊ីសាបានសួរទៅគេថា៖ «នៅថ្ងៃជំអាត់តើហ៊ូកុំអនុញ្ញាតឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ 5អ៊ីសាបែរមុខមើលទៅអ្នកដែលនៅជុំវិញ ទាំងខឹង ហើយគាត់ព្រួយចិត្ត ព្រោះគេមានចិត្ដរឹងរូស។ អ៊ីសាមានប្រសាសន៍ទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ 6ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយសម្លាប់អ៊ីសា។
មហាជនមកតាមណាពីអ៊ីសា
7អ៊ីសាចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមគាត់ អ្នកទាំងនោះមកពីស្រុកកាលីឡេ និងស្រុកយូដា 8ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ូស និងក្រុងស៊ីដូន។ បណ្ដាជនមកតាមអ៊ីសាច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលអ៊ីសាធ្វើ។ 9អ៊ីសាប្រាប់ពួកសិស្សឲ្យរៀបចំទូកមួយឲ្យគាត់ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមគាត់ 10ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសំរុកចូលមកជិត ដើម្បីពាល់អ៊ីសា ព្រោះគាត់បានប្រោសមនុស្សជាច្រើនឲ្យបានជា។ 11ម្យ៉ាងទៀតពេលអ៊ីព្លេសឃើញអ៊ីសា វាក្រាបចុះដល់ជើងគាត់ ហើយស្រែកឡើងថា៖ «អ្នកជាបុត្រារបស់អុលឡោះ»។ 12ប៉ុន្ដែអ៊ីសាបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថា គាត់ជានរណាឡើយ។
ណាពីអ៊ីសាតែងតាំងសាវ័ក១២នាក់
13បន្ទាប់មក អ៊ីសាឡើងទៅលើភ្នំ។ គាត់បានហៅអស់អ្នកដែលគាត់ពេញចិត្តជ្រើសរើស ហើយអ្នកទាំងនោះក៏ចូលមកជួបអ៊ីសា។ 14អ៊ីសាតែងតាំងសាវ័កដប់ពីរនាក់ ឲ្យគេនៅជាមួយគាត់ និងដើម្បីចាត់គេឲ្យទៅប្រកាសដំណឹងល្អ 15ទាំងឲ្យគេមានអំណាចដេញអ៊ីព្លេសថែមទៀតផង។ 16អ៊ីសាបានតែងតាំងសាវ័កដប់ពីរនាក់នេះ គឺស៊ីម៉ូនដែលអ៊ីសាដាក់ឈ្មោះថា ពេត្រុស 17យ៉ាកកូបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលអ៊ីសាដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្ដខ្លាំងដូចផ្គរលាន់” 18អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកកូបជាកូនអាល់ផាយ ថាដេ ស៊ីម៉ូនជាអ្នកជាតិនិយម 19និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់អ៊ីសា។
ញាតិវង្សរបស់ណាពីអ៊ីសាមកយកគាត់ទៅវិញ
20កាលអ៊ីសាត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យអ៊ីសា និងពួកសិស្សរកពេលបរិភោគមិនបានសោះ។ 21ញាតិវង្សរបស់អ៊ីសាឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់គាត់ទៅវិញ ព្រោះគេថាអ៊ីសាវង្វេងស្មារតីហើយ។
ណាពីអ៊ីសាឆ្លើយតបនឹងពួកអ្នកចោទប្រកាន់គាត់
22ពួកតួន ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអ៊ីព្លេសនៅក្នុងខ្លួន គាត់អាចដេញអ៊ីព្លេសដូច្នេះ ព្រោះស្ដេចអ៊ីព្លេសប្រគល់អំណាចឲ្យ»។ 23អ៊ីសាហៅគេមក រួចមានប្រសាសន៍ជាប្រស្នាថា៖ «តើអ៊ីព្លេសហ្សៃតនអាចដេញអ៊ីព្លេសដូចម្ដេចកើត? 24ប្រសិនបើពលរដ្ឋក្នុងនគរណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ 25ប្រសិនបើមានក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចនៅស្ថិតស្ថេរគង់វង្សបានដែរ។ 26ដូច្នេះ ប្រសិនបើអ៊ីព្លេសហ្សៃតនក្រោកឡើងប្រឆាំងនឹងខ្លួនឯង បែកបាក់ទាស់ទែងនឹងខ្លួនឯង វាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវវិនាសមិនខាន។ 27គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ 28ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្សលោកធ្វើអំពើបាប និងពោលពាក្យប្រមាថ អុលឡោះនឹងលើកលែងទោសទាំងអស់។ 29រីឯអ្នកដែលពោលពាក្យប្រមាថរសអុលឡោះដ៏វិសុទ្ធវិញ អុលឡោះមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។
30អ៊ីសាមានប្រសាសន៍ដូច្នេះ ព្រោះគេនិយាយថា គាត់មានអ៊ីព្លេសនៅក្នុងខ្លួន។
ញាតិវង្សដ៏ពិតប្រាកដរបស់អ៊ីសា
31ពេលនោះម្តាយ និងបងប្អូនរបស់អ៊ីសាមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅអ៊ីសា។ 32បណ្ដាជនដែលអង្គុយនៅជុំវិញអ៊ីសា ប្រាប់គាត់ថា៖ «តួន ម្ដាយ និងបងប្អូនតួន មករកតួននៅខាងក្រៅ!»។ 33អ៊ីសាមានប្រសាសន៍តបថា៖ «តើនរណាជាម្ដាយខ្ញុំ? នរណាជាបងប្អូនខ្ញុំ?»។ 34អ៊ីសាមើលទៅមនុស្សដែលនៅជុំវិញគាត់ រួចមានប្រសាសន៍ថា៖ «អ្នកទាំងនេះហើយជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ 35ដ្បិតអ្នកណាប្រព្រឹត្ដតាមអុលឡោះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
Aktualisht i përzgjedhur:
ម៉ាកុស 3: អគត
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.