ម៉ាថាយ 7
7
កុំថ្កោលទោសអ្នកដទៃ
1«កុំថ្កោលទោសអ្នកដទៃឲ្យសោះ ដើម្បីកុំឲ្យអុលឡោះថ្កោលទោសអ្នករាល់គ្នា 2បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អុលឡោះក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ទ្រង់នឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។ 3ហេតុអ្វីបានជាអ្នកឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ? 4បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលី ចេញពីភ្នែកអ្នក”! 5មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន។ 6កុំយកអ្វីៗដែលជារបស់បរិសុទ្ធ ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។
អំពីរបៀបដែលត្រូវទូរអា
7«ចូរសុំ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះទ្រង់នឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន 8ដ្បិតអ្នកណាសុំ អ្នកនោះតែងតែបានទទួល អ្នកណាស្វែងរក អ្នកនោះតែងតែបានឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។ 9ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំបុ័ងមិនដែលមាននរណាយកដុំថ្មឲ្យវាឡើយ 10ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិរពិសឲ្យវាដែរ។ 11សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កា តើទ្រង់នឹងប្រទានអ្វីៗដ៏ល្អៗឲ្យអស់អ្នកដែលសូមពីទ្រង់ យ៉ាងណាទៅទៀត!»។
ទ្វារចង្អៀត
12«ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ គីតាបហ៊ូកុំ និងគីតាបណាពីមានចែងទុកមកដូច្នេះឯង។
13ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្ដរាយធំណាស់ ហើយផ្លូវទៅរកសេចក្តីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ 14រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀតហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។
ប្រស្នាអំពីដើមឈើល្អ និងដើមឈើអាក្រក់
15«ចូរប្រយ័ត្ននឹងពួកណាពីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។ 16អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ដ។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរពីគុម្ពបន្លាឡើយ។ 17ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់ តែងផ្ដល់ផ្លែអាក្រក់។ 18ដើមឈើល្អមិនអាចផ្ដល់ផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។ 19ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។ 20រីឯពួកណាពីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ដ»។
សិស្សដ៏ពិតប្រាកដ
21«អ្នកដែលចូលទៅក្នុងនគរនៃសូរ៉កា មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “អ៊ីសាជាអម្ចាស់! អ៊ីសាជាអម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំ ដែលនៅសូរ៉កានោះវិញ។ 22នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “អ៊ីសាជាអម្ចាស់ អ៊ីសាជាអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងបន្ទូលនៃអុលឡោះក្នុងនាមលោក យើងខ្ញុំធ្លាប់ដេញអ៊ីព្លេសក្នុងនាមលោក ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងនាមលោកដែរ”។ 23ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!”»។
ប្រស្នាអំពីមនុស្សពីរនាក់សង់ផ្ទះ
24«អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្ដតាមអ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ 25ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ 26រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្ដតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ 27ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។ 28កាលអ៊ីសាមានប្រសាសន៍ទាំងនេះ ចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលគាត់ប្រៀនប្រដៅ 29ព្រោះអ៊ីសាមានប្រសាសន៍ប្រកបដោយអំណាច ខុសប្លែកពីតួនរបស់ពួកគេ។
Aktualisht i përzgjedhur:
ម៉ាថាយ 7: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.