កំណើតពិភពលោក 46
46
ណាពីយ៉ាកកូបទៅនៅប្រទេសអេស៊ីប
1អ៊ីស្រអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលគាត់មានទៅជាមួយផង។ លុះទៅដល់បៀរសេបា គាត់បានធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់អ៊ីសាហាក់ ជាឪពុក។
2អុលឡោះហៅអ៊ីស្រអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកកូប! យ៉ាកកូបអើយ!»។ អ៊ីស្រអែលឆ្លើយថា៖ «បាទអុលឡោះ!»។ 3អុលឡោះមានបន្ទូលថា៖ «យើងជាអុលឡោះជាម្ចាស់នៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។ 4យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យូសុះនឹងបិទភ្នែកឲ្យអ្នក»។
5យ៉ាកកូបចាកចេញពីបៀរសេបា។ កូនរបស់អ៊ីស្រអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលស្តេចហ្វៀរ៉អ៊ូនបានបញ្ជូនឲ្យមកទទួលនោះ។ 6គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ យ៉ាកកូបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។ 7គាត់នាំកូនប្រុស ចៅប្រុស កូនស្រី ចៅស្រី គឺនាំពូជពង្សទាំងប៉ុន្មានរបស់គាត់ ទៅស្រុកអេស៊ីប។
8នេះជាបញ្ជីរាយនាម កូនចៅរបស់អ៊ីស្រអែលដែលធ្វើដំណើរទៅស្រុកអេស៊ីប។ យ៉ាកកូប និងកូនប្រុសរបស់គាត់។ កូនច្បងរបស់យ៉ាកកូប គឺរូបេន។ 9កូនប្រុសរបស់រូបេនមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។ 10កូនប្រុសរបស់ស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ 11កូនប្រុសរបស់លេវីមាន គើរសុន កេហាត់ និងម៉្រារី។ 12កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ 13កូនប្រុសរបស់អ៊ីសាខារមាន ថូឡា ពូវ៉ាយ៉ូប និងស៊ីមរ៉ូន។ 14កូនប្រុសរបស់សាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ 15អ្នកទាំងនោះជាកូន ដែលលេអាបានបង្កើតជូនយ៉ាកកូប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីកូនទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លេអាមានទាំងអស់សាមសិបបីនាក់។
16កូនប្រុសរបស់កាដមាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និងអើរេលី។ 17កូនរបស់អេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។ 18អ្នកទាំងនោះ ជាកូនរបស់ស៊ីលផា ដែលឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លេអា។ ស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនយ៉ាកកូប។ កូន និងចៅរបស់នាង មានចំនួនទាំងអស់ដប់ប្រាំមួយនាក់។
19កូនប្រុសរបស់រ៉ាជែល ជាភរិយាយ៉ាកកូប មានយូសុះ និងពុនយ៉ាម៉ីន។ 20នៅស្រុកអេស៊ីប យូសុះមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលអាសណាត់ កូនស្រីប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតជូនគាត់។ 21កូនប្រុសរបស់ពុនយ៉ាម៉ីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។ 22អ្នកទាំងនោះជាកូនដែលរ៉ាជែល បានបង្កើតជូនយ៉ាកកូប។ កូន និងចៅរបស់រ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។ 23កូនប្រុសរបស់ដាន់មាន ហ៊ូស៊ីម។ 24កូនប្រុសរបស់ណែបថាលីមាន យ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។ 25អ្នកទាំងនេះ ជាកូនរបស់ប៊ីលហា ដែលឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់រ៉ាជែល។ នាងបានបង្កើតកូនទាំងនោះជូនយ៉ាកកូប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ប្រាំពីរនាក់។
26ក្រុមគ្រួសាររបស់យ៉ាកកូប ដែលមកស្រុកអេស៊ីបជាមួយគាត់ មានគ្នាទាំងអស់ ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសារស្រីទេ។ 27បើរាប់បញ្ចូលកូនទាំងពីររបស់យូសុះ ដែលកើតនៅស្រុកអេស៊ីបផង ចំនួនសរុបនៃក្រុមគ្រួសាររបស់យ៉ាកកូប ដែលមករស់នៅក្នុងស្រុកអេស៊ីប មានទាំងអស់ចិតសិបនាក់។
ណាពីយ៉ាកកូបនៅស្រុកអេស៊ីប
28យ៉ាកកូបបានចាត់យូដា ឲ្យទៅតំបន់កូសែនមុនគាត់។ ពេលក្រុមគ្រួសាររបស់យ៉ាកកូបទៅដល់តំបន់កូសែន 29យូសុះបានទឹមរទេះរបស់គាត់ រួចឡើងទៅកូសែន ដើម្បីទទួលអ៊ីស្រអែល ជាឪពុក។ ពេលទៅដល់ភ្លាម គាត់ឱបឪពុក ហើយយំយ៉ាងយូរ។ 30អ៊ីស្រអែលនិយាយទៅកាន់យូសុះថា៖ «ឥឡូវនេះ បើពុកស្លាប់ ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ 31យូសុះនិយាយទៅកាន់បងៗ និងក្រុមគ្រួសារឪពុកគាត់ថា៖ «ខ្ញុំនឹងទៅនិយាយជាមួយស្តេចហ្វៀរ៉អ៊ូនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកខ្ញុំ នៅស្រុកកាណាន បានមកជួបជុំនឹងខ្ញុំហើយ។ 32ពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។ 33កាលណាស្តេចហ្វៀរ៉អ៊ូនកោះហៅបងៗ ទៅសួរថា “តើអ្នករាល់គ្នាមានមុខរបរអ្វី” 34ត្រូវនិយាយទៅកាន់ស្តេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើនិយាយដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។
Aktualisht i përzgjedhur:
កំណើតពិភពលោក 46: អគត
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.