សេរីភាព 18
18
លោកយេត្រូមកសួរសុខទុក្ខម៉ូសា
1លោកយេត្រូ ជាអ៊ីមុាំនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់ម៉ូសា ឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានធ្វើចំពោះម៉ូសា និងអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ គឺទ្រង់បាននាំពួកគេចេញពីស្រុកអេស៊ីប។
2លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូរ៉ា ជាភរិយារបស់ម៉ូសា ដែលម៉ូសាបានឲ្យត្រឡប់ទៅស្រុកវិញ 3ព្រមទាំងកូនប្រុសរបស់គាត់ទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គើសម ដ្បិតម៉ូសាគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។ 4ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតម៉ូសាគិតថា អុលឡោះជាម្ចាស់របស់ឪពុកខ្ញុំបានជួយខ្ញុំ ទ្រង់បានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្តេចហ្វៀរ៉អ៊ូន។ 5លោកយេត្រូជាឪពុកក្មេករបស់ម៉ូសា បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់ម៉ូសា ដើម្បីមកជួបម៉ូសានៅវាលរហោស្ថាន ត្រង់កន្លែងដែលគាត់បោះជំរំ នៅភ្នំរបស់អុលឡោះ។ 6លោកយេត្រូឲ្យគេមកប្រាប់ម៉ូសាថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបគាត់»។ 7ម៉ូសាចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះគាត់ ហើយថើបគាត់ទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។ 8ម៉ូសារៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានធ្វើចំពោះស្តេចហ្វៀរ៉អ៊ូន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រអែល។ គាត់ក៏រៀបរាប់អំពីការដែលអុលឡោះតាអាឡា បានជួយប្រជាជនអ៊ីស្រអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។ 9លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានធ្វើ ដើម្បីរំដោះអ៊ីស្រអែលឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ 10ម៉ូសាពោលថា៖ «សូមសរសើរតម្កើងអុលឡោះតាអាឡាដែលបានរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប និងស្តេចហ្វៀរ៉អ៊ូន។ 11ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់ដ៏ធំឧត្តមលើសអ្វីទាំងអស់ គឺទ្រង់រំដោះជនជាតិអ៊ីស្រអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
12លោកយេត្រូជាឪពុកក្មេករបស់ម៉ូសាយកគូរបានដុត និងគូរបានឯទៀតៗជូនអុលឡោះ។ ហារូន និងអះលីជំអះអ៊ីស្រអែលទាំងអស់នាំគ្នាហូបអាហារជាមួយឪពុកក្មេករបស់ម៉ូសា នៅចំពោះអុលឡោះដែរ។
ណាពីម៉ូសាតែងតាំងចៅក្រមសម្រាប់កាត់ក្តី
13លុះស្អែកឡើង ម៉ូសាអង្គុយកាត់ក្តីឲ្យប្រជាជន។ ប្រជាជននាំគ្នាឈរនៅមុខគាត់តាំងពីព្រឹករហូតដល់ល្ងាច។ 14ឪពុកក្មេករបស់ម៉ូសាឃើញការទាំងអស់ ដែលម៉ូសាធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្តីតែម្នាក់ឯង ទុកឲ្យប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។ 15ម៉ូសាតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូរអាសួរអុលឡោះ។ 16នៅពេលមានវិវាទនឹងគ្នា ពួកគេមករកខ្ញុំ។ ខ្ញុំដោះស្រាយរឿងពួកគេ ហើយណែនាំពួកគេឲ្យស្គាល់ហ៊ូកុំ និងក្រិត្យវិន័យរបស់អុលឡោះ»។ 17ឪពុកក្មេកនិយាយមកម៉ូសាទៀតថា៖ «របៀបដែលកូនធ្វើនេះ មិនល្អទេ! 18ធ្វើដូច្នេះនាំឲ្យកូន និងប្រជាជនដែលនៅជាមួយនឿយហត់ទាំងអស់គ្នា។ ការងារនេះធ្ងន់ធ្ងរពេក កូនមិនអាចធ្វើតែម្នាក់ឯងទេ។ 19ឥឡូវ នេះ ចូរស្តាប់ដំបូន្មានរបស់ពុក ហើយសូមអុលឡោះនៅជាមួយកូន! ចូរកូនធ្វើជាតំណាងរបស់ប្រជាជន នៅចំពោះទ្រង់ ចូរយករឿងរ៉ាវរបស់ពួកគេ ទៅជម្រាបទ្រង់។ 20ចូរបង្រៀនពួកគេ អំពីហ៊ូកុំទាំងឡាយ ហើយបង្ហាញមាគ៌ាដែលពួកគេត្រូវដើរតាម និងកិច្ចការដែលពួកគេត្រូវធ្វើ។ 21ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចអុលឡោះ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេ ឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ 22អ្នកទាំងនោះត្រូវកាត់ក្តីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗឲ្យពួកគេបញ្ជូនមកកូនចុះ រីឯកិច្ចការតូចតាចទុកឲ្យពួកគេកាត់ក្តីខ្លួនឯងទៅ។ ធ្វើដូច្នេះ កូនអាចសំរាលការងារ ដោយឲ្យពួកគេជួយរំលែកបន្ទុករបស់កូន។ 23ប្រសិនបើកូនធ្វើបែបនេះ ហើយបើកូនធ្វើតាមបញ្ជារបស់អុលឡោះ នោះកូននឹងមានកម្លាំងរឹងប៉ឹង រីឯប្រជាជនទាំងមូល ក៏វិលត្រឡប់ទៅវិញ ដោយសុខសាន្តដែរ»។
24ម៉ូសាធ្វើតាមសេចក្តីទាំងប៉ុន្មានដែលឪពុកក្មេកទូន្មាន។ 25ក្នុងចំណោមជនជាតិអ៊ីស្រអែលទាំងមូល គាត់បានជ្រើសរើសមនុស្សដែលមានសមត្ថភាព ហើយតែងតាំងពួកគេឲ្យទទួលខុសត្រូវលើប្រជាជន គឺឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។ 26អ្នកទាំងនោះកាត់ក្តីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកម៉ូសា រីឯកិច្ចការតូចតាច ពួកគេកាត់ក្តីខ្លួនឯង។ 27បន្ទាប់មក ម៉ូសា និងឪពុកក្មេកលាគ្នា ហើយលោកយេត្រូវិលត្រឡប់ទៅស្រុករបស់គាត់វិញ។
Aktualisht i përzgjedhur:
សេរីភាព 18: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.