១កូរិនថូស 10
10
ត្រូវប្រយ័ត្ននឹងព្រះក្លែងក្លាយ
1បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា បុព្វបុរសរបស់យើងសុទ្ធតែបានដើរក្រោមពពក និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។ 2ពួកអ្នកបានទទួលពិធីជ្រមុជក្នុងពពក និងក្នុងសមុទ្រ រួមជាមួយម៉ូសា។ 3បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីរសអុលឡោះ 4និងបានពិសាទឹកដែលមកពីរសអុលឡោះដូចគ្នាទាំងអស់ ដ្បិតពួកអ្នកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីរសអុលឡោះ ជាថ្មដាដែលរួមដំណើរជាមួយពួកអ្នក ថ្មនេះ គឺអាល់ម៉ាហ្សៀស។ 5ប៉ុន្ដែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកអ្នកមិនបានគាប់ចិត្តអុលឡោះទេ។
6ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្ដប៉ងប្រាថ្នាអាក្រក់ ដូចពួកបុព្វបុរសឡើយ។ 7សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ»។ 8យើងមិនត្រូវបណ្ដោយខ្លួន ឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ 9យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់អុលឡោះជាអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។ 10សូមកុំរអ៊ូរទាំ ដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។ 11ហេតុការណ៍ទាំងនេះកើតមានដល់ពួកអ្នកទុកជាមេរៀន ហើយមានចែងទុកក្នុងគីតាប ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ 12ដូច្នេះ បើអ្នកណានឹកស្មានថា ខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្នក្រែងលោជំពប់ដួលទៅវិញ។
13គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ អុលឡោះស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ៊ីព្លេសល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្ដែ នៅពេលបងប្អូនជួបការល្បួង ទ្រង់នឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។
14ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ 15ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។ 16ពេលយើងលើកពែងនៃពរឡើង ដើម្បីអរគុណអុលឡោះ មានន័យថា យើងចូលរួមជាមួយឈាមរបស់អាល់ម៉ាហ្សៀស រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថា យើងចូលរួមជាមួយរូបកាយរបស់អាល់ម៉ាហ្សៀសដែរ។ 17មាននំបុ័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំបុ័ងតែមួយ។
18សូមរិះគិតអំពីជនជាតិអ៊ីស្រអែល ដោយសារសាច់ដែលគេបានជូននោះដែរ។ 19ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារៈសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារៈសំខាន់អ្វីដែរ? 20ទេ! គ្មានសារៈសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះគេសែនអ៊ីព្លេស គឺមិនមែនជូនអុលឡោះទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអ៊ីព្លេសទាល់តែសោះ។ 21បងប្អូនមិនអាចលើកពែងរបស់អ៊ីសាជាអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអ៊ីព្លេសពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយអ៊ីសាជាអម្ចាស់ផង ហើយរួមតុជាមួយពួកអ៊ីព្លេសផងបានដែរ។ 22ឬមួយក៏យើងចង់ឲ្យអ៊ីសាជាអម្ចាស់ច្រណែន? តើយើងខ្លាំងពូកែជាងគាត់ឬ?
អំពីការដែលត្រូវប្រព្រឹត្ដដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ
23យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះ មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្ដែ ការទាំងនោះមិនមែនសុទ្ធតែធ្វើឲ្យចំរើនឡើងបានឡើយ។ 24កុំឲ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ 25បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ដ មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ 26ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា»។ 27ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។ 28ប៉ុន្ដែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។ 29ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ដ បែរជាត្រូវសំរបទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ? 30ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរគុណអុលឡោះ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារ ដែលខ្ញុំបានអរគុណទ្រង់រួចហើយនោះទៅវិញ? 31ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ។ 32សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដាសាសន៍ក្រិក ឬក្រុមជំអះរបស់អុលឡោះជំពប់ចិត្ដឡើយ។ 33រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្ដមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលការសង្គ្រោះ។
Aktualisht i përzgjedhur:
១កូរិនថូស 10: អគត
Thekso
Ndaje
Kopjo
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2014 United Bible Societies, UK.