កិច្ចការ 6
6
1នៅគ្រានោះ កាលពួកសិស្សបានចំរើនច្រើនឡើង នោះពួកហេលេនចាប់តាំងរទូរទាំទាស់នឹងពួកហេព្រើរ អំពីការចែកចាយរាល់តែថ្ងៃ ដោយព្រោះគេតែងធ្វេសការនឹងស្រីមេម៉ាយរបស់ពួកហេលេននោះ 2ពួកសាវក១២នាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា មិនគួរគប្បីឲ្យយើងខ្ញុំទុកព្រះបន្ទូលចោល ដើម្បីនឹងទៅបំរើតុទេ 3ដូច្នេះ បងប្អូនអើយ ចូររើសយក៧នាក់ក្នុងពួកអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេ ឲ្យត្រួតត្រាលើការងារនេះ 4ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ 5សេចក្ដីនោះក៏ពេញចិត្តដល់ពួកជំនុំទាំងអស់គ្នា ហើយគេរើសយកស្ទេផាន១ ជាមនុស្សពេញដោយសេចក្ដីជំនឿ នឹងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព១ ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ នឹងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍១ 6ក៏នាំអ្នកទាំងនោះមកនៅចំពោះមុខពួកសាវក កាលពួកសាវកបានអធិស្ឋានរួចហើយ នោះក៏ដាក់ដៃលើអ្នកទាំង៧នាក់នោះ 7ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។
8ឯស្ទេផាន ដែលពេញដោយសេចក្ដីជំនឿ នឹងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ នឹងទីសំគាល់យ៉ាងធំនៅក្នុងពួកជន 9គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស នឹងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន 10តែគេពុំអាចដើម្បីទប់ទល់នឹងប្រាជ្ញា ហើយនឹងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ 11នោះគេសូកមនុស្សខ្លះឲ្យនិយាយបង្កាច់ថា យើងបានឮអ្នកនេះពោលពាក្យប្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង 12អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ នឹងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់ យកទៅដល់ពួកក្រុមជំនុំ 13គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធនឹងក្រិត្យវិន័យ 14ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែតនោះ នឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទំលាប់ ដែលលោកម៉ូសេបានទុកឲ្យយើងរាល់គ្នាចេញ 15តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា។
Aktualisht i përzgjedhur:
កិច្ចការ 6: ពគប
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© BFBS/UBS 1954, 1962. All Rights Reserved.