កិច្ចការ 16
16
1រីឯប៉ុល បានទៅដល់ក្រុងឌើបេ នឹងលីស្ត្រា ហើយនៅទីនោះ ក៏ប្រទះឃើញសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលបានជឿ តែឪពុកជាសាសន៍ក្រេក 2គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ត្រា នឹងអ៊ីកូនាម 3ឯប៉ុល ចង់ឲ្យអ្នកនោះទៅជាមួយផង បានជាគាត់នាំយកទៅកាត់ស្បែកឲ្យ ដោយព្រោះពួកសាសន៍យូដាដែលនៅស្រុកទាំងនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រេក 4កំពុងដែលដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចគេឲ្យកាន់តាម 5យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿ រឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ។
6កាលបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ 7បានជានាំគ្នាចុះទៅឯស្រុកមីស៊ាវិញ ហើយខំចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ 8រួចគេដើរហួសពីស្រុកមីស៊ា ចុះទៅឯទ្រអាសវិញ 9នៅយប់នោះ ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង 10លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ 11កាលបានចុះសំពៅចេញពីទ្រអាសទៅ នោះក៏ដំរង់ទៅឯកោះសាម៉ូត្រាស ហើយថ្ងៃក្រោយបានដល់នាប៉ូល 12ពីទីនោះ យើងក៏ទៅដល់ក្រុងភីលីព ជាទីក្រុងលេខ១ក្នុងដែនខេត្តម៉ាសេដូន ដែលជាស្រុកចំណុះ ហើយយើងសំចតនៅទីនោះបានបួនដប់ថ្ងៃ។
13ដល់ថ្ងៃឈប់សំរាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នា 14នោះមានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ា ជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយ 15កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។
16រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកជួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ 17នាងដើរតាមប៉ុល នឹងយើងខ្ញុំ ទាំងស្រែកថា អ្នកទាំងនេះជាអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ 18នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ ទាល់តែប៉ុលមានសេចក្ដីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ វាក៏ចេញទៅនៅវេលានោះឯង 19កាលពួកចៅហ្វាយរបស់នាងឃើញថា ទីសង្ឃឹមដែលនឹងបានកំរៃ បានបាត់អស់ទៅហើយ នោះគេក៏ចាប់ប៉ុលនឹងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល 20រួចកាលនាំទៅដល់នាយកដំរួតនគរបាល គេជំរាបថា ពួកសាសន៍យូដាទាំងនេះនាំឲ្យទីក្រុងយើង កើតវឹកវរជាខ្លាំងណាស់ 21គេប្រកាសប្រាប់ពីទំនៀមទំលាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់ទទួល ឬកាន់តាមឡើយ 22ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់ 23ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័តប្រយែង 24មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង 25លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល នឹងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ 26នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ 27កាលមេភូឃុំភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នោះ ក៏ហូតដាវបំរុងនឹងសំឡាប់ខ្លួនចោល ដោយស្មានថា អ្នកទោសបានរត់រួចអស់ហើយ 28ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ 29មេភូឃុំក៏ឲ្យគេយកភ្លើងមក រួចម្នីម្នាស្ទុះចូលទៅក្នុងគុក ផ្តួលខ្លួននៅទៀបជើងប៉ុល នឹងស៊ីឡាស ទាំងញាប់ញ័រ 30គាត់នាំគេចេញទៅក្រៅសួរថា លោកម្ចាស់អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង 31គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង 32គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់គាត់ នឹងពួកគ្រួគាត់ទាំងអស់ដែរ 33នៅវេលាយប់នោះឯង គាត់យកគេទៅលាងស្នាមរំពាត់ចេញ រួចខ្លួនគាត់ នឹងពួកគាត់ទាំងអស់ ក៏ទទួលបុណ្យជ្រមុជទឹកភ្លាម 34នោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគ ដោយមានចិត្តរីករាយសាទរ ព្រមទាំងពួកគ្រួគាត់ផង ដោយព្រោះបានជឿដល់ព្រះហើយ។
35ដល់ភ្លឺឡើង នោះមេនគរបាលចាត់ពួកនាយ ឲ្យទៅប្រាប់ថា ចូរលែងអ្នកទាំង២នោះទៅ 36មេភូឃុំក៏ប្រាប់ដល់ប៉ុល តាមពាក្យនោះថា លោកនគរបាលបានចាត់គេមក ប្រាប់ឲ្យលែងលោកចេញទៅហើយ ដូច្នេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ 37តែប៉ុលឆ្លើយទៅគេថា ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្តាលជំនុំ ឥតមានកាត់ទោស ហើយបានដាក់គុកយើងផង ដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសំងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ 38ពួកនាយក៏ទៅជំរាបតាមពាក្យនោះ រួចពួកមេនគរបាលមានសេចក្ដីភិតភ័យ ដោយឮថាជាជាតិរ៉ូម 39ក៏មកសូមអង្វរដល់គាត់ទាំង២នាក់ រួចនាំចេញពីក្នុងគុក ហើយសូមឲ្យចេញពីទីក្រុងគេទៅ 40កាលចេញពីគុកហើយ ទើបនាំគ្នាទៅឯនាងលីឌា លុះបានឃើញពួកជំនុំ នោះក៏ទូន្មានដល់គេ រួចចេញដំណើរទៅ។
Aktualisht i përzgjedhur:
កិច្ចការ 16: ពគប
Thekso
Ndaje
Kopjo

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© BFBS/UBS 1954, 1962. All Rights Reserved.