Romans 9
9
1 ខ្ញុំនិយាយសេចក្ដីពិតនៅក្នុងព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ មនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ
2 ថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយសោកសង្រេងក្នុងចិត្តមិនស្បើយសោះ
3 ដ្បិតខ្ញុំសុខចិត្ដត្រូវបណ្ដាសាឲ្យបែកចេញពីព្រះគ្រិស្ដ ដើម្បីបងប្អូនជនរួមជាតិខាងឯសាច់ឈាមរបស់ខ្ញុំ
4 គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿង កិច្ចព្រមព្រៀង គម្ពីរវិន័យ ការបម្រើព្រះ និងសេចក្ដីសន្យាផ្សេងៗ
5 ពួកគេមានដូនតា ហើយព្រះគ្រិស្ដបានប្រសូតខាងឯសាច់ឈាមពីពួកគេដែរ គឺព្រះអង្គនេះហើយជាព្រះលើទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន!
6 យ៉ាងណាក្ដី ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនមិនបានសម្រេចទេ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជាជនជាតិអ៊ីស្រាអែលទេ
7 ហើយក៏មិនមែនដោយសារពួកគេជាពូជពង្សរបស់លោកអ័ប្រាហាំ ពួកគេសុទ្ធតែជាកូនចៅរបស់គាត់ដែរ ផ្ទុយទៅវិញមានសេចក្ដីចែងទុកថា៖ «ពូជពង្សពីអ៊ីសាកនឹងត្រូវរាប់ជាពូជរបស់អ្នក»
8 គឺកូនខាងសាច់ឈាមមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ កូនខាងឯសេចក្ដីសន្យាទេតើដែលត្រូវរាប់ជាពូជពង្ស។
9 ដ្បិតព្រះជាម្ចាស់មានបន្ទូលសន្យាថា៖ «យើងនឹងមកវិញតាមពេលកំណត់ ហើយសារ៉ានឹងមានកូនប្រុសម្នាក់»។
10 មិនត្រឹមតែប៉ុណ្ណោះ នៅពេលនាងរេបិកាមានផ្ទៃពោះជាមួយបុរសម្នាក់ គឺលោកអ៊ីសាកជាដូនតារបស់យើងក៏ដូច្នោះដែរ
11 ទោះបីកូនទាំងពីរនោះមិនទាន់កើត និងមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ ដើម្បីឲ្យគម្រោងការនៃការជ្រើសរើសដែលស្របតាមបំណងរបស់ព្រះជាម្ចាស់នៅស្ថិតស្ថេរ
12 ដ្បិតមិនមែនដោយសារការប្រព្រឹត្ដិទេ គឺដោយសារការត្រាស់ហៅរបស់ព្រះអង្គវិញ ព្រះជាម្ចាស់បានមានបន្ទូលមកនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន»
13 ដូចមានសេចក្ដីចែងទុកថា៖ «យើងស្រឡាញ់យ៉ាកុប ហើយស្អប់អេសាវ»។
14 ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់មានសេចក្ដីទុច្ចរិតឬ? មិនមែនដូច្នោះទេ!
15 ដ្បិតព្រះអង្គមានបន្ទូលប្រាប់លោកម៉ូសេថា៖ «យើងនឹងមេត្ដាចំពោះអ្នកណាដែលយើងមេត្ដា ហើយយើងនឹងអាណិតអាសូរចំពោះអ្នកណាដែលយើងអាណិតអាសូរ»។
16 ដូច្នេះ មិនមែនស្រេចលើអ្នកណាចង់បាន ឬអ្នកណាខំរត់រកនោះទេ គឺស្រេចលើព្រះជាម្ចាស់ដែលជាអ្នកមានសេចក្ដីមេត្ដាវិញ។
17 ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល»
18 ដូច្នេះ ព្រះអង្គមេត្ដាដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្ដរឹងរូស ក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
19 អ្នកមុខជាសួរខ្ញុំថា ចុះហេតុអ្វីព្រះអង្គនៅតែប្រកាន់ទោសទៀត? ដ្បិតតើអ្នកណាប្រឆាំងនឹងបំណងរបស់ព្រះអង្គបាន?
20 ប៉ុន្ដែ ឱមនុស្សអើយ! តើអ្នកជាអ្វីបានជាហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនឡើងនឹងនិយាយទៅជាងស្មូនថា ហេតុអ្វីបានជាអ្នកសូនខ្ញុំដូច្នេះដែរឬ?
21 តើជាងស្មូនគ្មានសិទ្ធិសូនពីដីឥដ្ឋតែមួយដុំធ្វើរបស់មានតម្លៃមួយ និងមួយទៀតគ្មានតម្លៃទេឬ?
22 ចុះបើព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញកំហឹង និងឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះអង្គ ប៉ុន្ដែព្រះអង្គស៊ូទ្រាំដោយអត់ធ្មត់ចំពោះរបស់ដែលត្រូវរងកំហឹង ដែលរៀបចំសម្រាប់បំផ្លាញនោះយ៉ាងដូចម្ដេចដែរ?
23 ដ្បិតព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ដែលបានទទួលសេចក្ដីមេត្ដាដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿង បានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ
24 គឺយើងដែលព្រះជាម្ចាស់បានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមជនជាតិយូដាប៉ុណ្ណោះទេ គឺពីចំណោមសាសន៍ដទៃដែរ។
25 ដូចដែលព្រះអង្គមានបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅប្រជារាស្ដ្រដែលមិនមែនជារាស្ដ្ររបស់យើងថា ជារាស្ដ្ររបស់យើង ហើយហៅអ្នកដែលយើងមិនបានស្រឡាញ់ថា ជាទីស្រឡាញ់របស់យើង
26 ព្រមទាំងត្រង់កន្លែងដែលបានប្រកាសថា អ្នករាល់គ្នាមិនមែនប្រជារាស្ដ្ររបស់យើងទេ កន្លែងនោះពួកគេនឹងត្រូវបានហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ»។
27 ឯលោកអេសាយវិញ គាត់បានប្រកាសអំពីជនជាតិអ៊ីស្រាអែលថា៖ «ទោះបីកូនចៅរបស់ជនជាតិអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅសមុទ្រក៏ដោយ ក៏មានតែអ្នកដែលនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ
28 ដ្បិតព្រះអម្ចាស់នឹងសម្រេចព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់នៅលើផែនដីនេះដោយមិនបង្អង់ឡើយ»។
29 ដូចដែលលោកអេសាយបានថ្លែងទុកពីមុនថា៖ «បើព្រះអម្ចាស់នៃពួកពលបរិវារមិនទុកពូជឲ្យយើងទេ នោះយើងបានត្រឡប់ដូចជាក្រុងសូដុម និងក្រុងកូម៉ូរ៉ាជាមិនខានហើយ»។
30 ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចអំពីសាសន៍ដទៃដែលមិនបានសង្វាតរកសេចក្ដីសុចរិតទទួលបានសេចក្ដីសុចរិត ជាសេចក្ដីសុចរិតដោយសារជំនឿ
31 ឯជនជាតិអ៊ីស្រាអែលដែលសង្វាតធ្វើតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិតវិញ ពួកគេមិនបានសម្រេចតាមក្រឹត្យវិន័យឡើយ
32 ហេតុអ្វី? ព្រោះពួកគេពឹងលើការប្រព្រឹត្ដិ មិនមែនពឹងលើជំនឿ គឺពួកគេបានជំពប់នឹងថ្មដែលនាំឲ្យគេជំពប់ដួល
33 ដូចមានសេចក្ដីចែងទុកថា៖ «យើងបានដាក់ថ្មដែលនាំឲ្យជំពប់ដួលមួយនៅក្រុងស៊ីយ៉ូន ហើយជាផ្ទាំងថ្មដែលរវាទចិត្ដ ប៉ុន្ដែអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។
Pašlaik izvēlēts:
Romans 9: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.