Romans 8
8
1 ដូច្នេះ ឥឡូវនេះ អស់អ្នកនៅក្នុងព្រះគ្រិស្ដយេស៊ូគ្មានទោសទៀតឡើយ
2 ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិតក្នុងព្រះគ្រិស្ដយេស៊ូបានដោះខ្ញុំឲ្យរួចពីគោលការណ៍របស់បាប និងគោលការណ៍របស់សេចក្ដីស្លាប់
3 ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបានដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើរួចហើយ គឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ហើយព្រះអង្គបានដាក់ទោសបាបដែលមាននៅក្នុងសាច់ឈាមនោះ
4 ដើម្បីឲ្យបញ្ញត្ដិរបស់ក្រឹត្យវិន័យបានសម្រេចនៅក្នុងយើង ដែលមិនបានរស់នៅតាមសាច់ឈាម ហើយរស់នៅតាមព្រះវិញ្ញាណ។
5 ដ្បិតអ្នកណារស់នៅតាមសាច់ឈាម អ្នកនោះគិតតែអំពីខាងសាច់ឈាមទេ ឯអ្នកណារស់នៅតាមព្រះវិញ្ញាណ អ្នកនោះក៏គិតតែអំពីខាងព្រះវិញ្ញាណដែរ
6 ព្រោះគំនិតខាងសាច់ឈាមនាំទៅរកសេចក្ដីស្លាប់ ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិត និងសេចក្ដីសុខសាន្ត។
7 ដ្បិតគំនិតខាងសាច់ឈាមប្រឆាំងនឹងព្រះជាម្ចាស់ ព្រោះមិនចុះចូលជាមួយក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គឺមិនអាចចុះចូលបានផង។
8 ឯអស់អ្នកនៅខាងសាច់ឈាមក៏មិនអាចឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។
9 អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា ផ្ទុយទៅវិញអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជារបស់ព្រះគ្រិស្តទេ
10 ហើយបើព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយរបស់អ្នករាល់គ្នាស្លាប់ដោយសារបាបក៏ដោយ ក៏វិញ្ញាណនៅមានជីវិតដោយសារសេចក្ដីសុចរិតដែរ
11 ហើយបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញគង់នៅក្នុងអ្នករាល់គ្នា នោះព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ នឹងប្រោសរូបកាយដែលតែងតែស្លាប់របស់អ្នករាល់គ្នាឲ្យរស់ឡើងវិញមិនខានដែរ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា។
12 ដូច្នេះ បងប្អូនអើយ! យើងជំពាក់ ប៉ុន្ដែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់នៅតាមសាច់ឈាមនោះទេ
13 ព្រោះបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម នោះអ្នករាល់គ្នានឹងត្រូវស្លាប់ ផ្ទុយទៅវិញ បើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមានជីវិត។
14 ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះជាម្ចាស់។
15 អ្នករាល់គ្នាក៏មិនបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើ ដែលនាំឲ្យមានការភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ រួចដោយសារវិញ្ញាណនេះហើយបានជាយើងស្រែកថា អ័ប្បា ព្រះវរបិតាអើយ!
16 ឯព្រះវិញ្ញាណផ្ទាល់ក៏បានធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះជាម្ចាស់។
17 បើយើងជាកូន យើងជាអ្នកស្នងមរតក គឺជាអ្នកស្នងមរតករបស់ព្រះជាម្ចាស់ ហើយជាអ្នកស្នងមរតករួមជាមួយព្រះគ្រិស្ដដែរ។ បើយើងរងទុក្ខវេទនាជាមួយព្រះគ្រិស្ដ ក៏យើងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
18 ខ្ញុំយល់ឃើញថា ទុក្ខលំបាកពេលបច្ចុប្បន្ននេះជាសេចក្ដីដែលមិនស័ក្ដិសមយកទៅប្រៀបផ្ទឹមជាមួយសិរីរុងរឿងនៅពេលខាងមុខ ដែលព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យយើងឃើញនោះទេ
19 ដ្បិតអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកកំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួននៃកូនរបស់ព្រះជាម្ចាស់ដោយអន្ទះសា
20 ព្រោះអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក បានប្រគល់ទៅក្នុងភាពឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រចិត្ដទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ ដោយសង្ឃឹមថា
21 អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកនឹងបានដោះឲ្យរួចពីភាពជាបាវបម្រើរបស់សេចក្ដីពុករលួយទៅឯសេរីភាពនៃសេចក្ដីរុងរឿងរបស់កូនព្រះជាម្ចាស់
22 ដ្បិតយើងដឹងថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកក៏ស្រែកថ្ងូរ ទាំងឈឺចាប់ជាមួយគ្នារហូតដល់ពេលនេះ
23 ហើយមិនត្រឹមតែប៉ុណ្ណោះទេ យើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ស្រែកថ្ងូរនៅក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំការទទួលធ្វើជាកូនចិញ្ចឹម គឹជាសេចក្ដីប្រោសលោះដល់រូបកាយរបស់យើងដែរ
24 ដ្បិតយើងសង្ឃឹមថាបានសង្គ្រោះ ប៉ុន្ដែសេចក្ដីសង្ឃឹមនេះមិនមែនជាសេចក្ដីសង្ឃឹមដែលអាចមើលឃើញទេ តើមានអ្នកណាសង្ឃឹមចង់បានអ្វីដែលខ្លួនកំពុងមើលឃើញនោះ?
25 ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។
26 ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានយ៉ាងដូចម្ដេចទេ ប៉ុន្ដែព្រះវិញ្ញាណផ្ទាល់បានទូលអង្វរជំនួសយើងដោយសំឡេងថ្ងូរដែលរកថ្លែងមិនបាន
27 ឯព្រះអង្គដែលឈ្វេងយល់ចិត្តរបស់មនុស្ស ព្រះអង្គដឹងពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរជំនួសពួកបរិសុទ្ធត្រូវនឹងបំណងរបស់ព្រះជាម្ចាស់។
28 យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្ដីល្អដល់អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺដល់អស់អ្នកដែលព្រះអង្គបានត្រាស់ហៅស្របតាមបំណងរបស់ព្រះអង្គ
29 ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ព្រះអង្គបានតម្រូវពួកគេទុកជាស្រេចឲ្យមានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូនជាច្រើន
30 ហើយអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាស្រេចទាំងនេះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ព្រះអង្គក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ព្រះអង្គក៏លើកតម្កើងឡើង។
31 ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន?
32 ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រារបស់ព្រះអង្គ ដែលព្រះអង្គបានបញ្ជូនមកសម្រាប់យើងទាំងអស់គ្នា តើព្រះអង្គនឹងមិនប្រោសប្រទានអ្វីៗទាំងអស់ដល់យើងជាមួយព្រះរាជបុត្រាដែរទេឬ?
33 តើអ្នកណានឹងចោទប្រកាន់ពួកអ្នកដែលព្រះជាម្ចាស់ជ្រើសរើសបាន? ដ្បិតព្រះជាម្ចាស់គឺជាអ្នកដែលរាប់ពួកគេជាសុចរិត។
34 តើអ្នកណាជាអ្នកដាក់ទោសគេ? ដ្បិតព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយលើសពីនេះបានរស់ឡើងវិញទៀត ព្រមទាំងគង់នៅខាងស្ដាំព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ព្រះអង្គជាអ្នកទូលអង្វរជំនួសយើងទៀតផង។
35 តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដបាន? តើជាសេចក្ដីវេទនា សេចក្ដីលំបាក ការបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬក៏ដាវ?
36 ដូចមានសេចក្ដីចែងទុកថា៖ «ដោយព្រោះព្រះអង្គ យើងបានប្រឈមមុខចំពោះសេចក្ដីស្លាប់វាល់ព្រឹកវាល់ល្ងាច ដូចជាចៀមដែលត្រូវយកទៅសម្លាប់»។
37 ប៉ុន្ដែទោះបីនៅក្នុងសេចក្ដីទាំងនេះក៏ដោយ ក៏យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀតតាមរយៈព្រះអង្គដែលស្រឡាញ់យើង។
38 ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកអ្នកគ្រប់គ្រងក្ដី អ្វីៗនៅពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី
39 កម្ពស់ក្ដី ជម្រៅក្ដី ឬអ្វីណាមួយផ្សេងទៀតដែលព្រះជាម្ចាស់បានបង្កើតមកក្ដី ក៏មិនអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងបានដែរ។
Pašlaik izvēlēts:
Romans 8: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.