Romans 10
10
1 បងប្អូនអើយ! ចិត្ដប្រាថ្នារបស់ខ្ញុំ និងការអធិស្ឋានទូលសុំដល់ព្រះជាម្ចាស់សម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ
2 ដ្បិតខ្ញុំធ្វើបន្ទាល់ពីពួកគេថា ពួកគេមានចិត្ដប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ណាស់ ប៉ុន្ដែមិនមែនដោយប្រាជ្ញាទេ
3 ព្រោះពួកគេមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេខំធ្វើឲ្យខ្លួនឯងបានសុចរិតដោយមិនបានចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ
4 ដ្បិតព្រះគ្រិស្ដជាអ្នកសម្រេចក្រឹត្យវិន័យ ដើម្បីឲ្យអ្នកជឿទាំងអស់ទទួលសេចក្ដីសុចរិត។
5 លោកម៉ូសេបានចែងទុកអំពីសេចក្ដីសុចរិតដែលមានតាមរយៈក្រឹត្យវិន័យថា អ្នកណាប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនេះឯង
6 ឯសេចក្ដីសុចរិតដែលមានដោយសារជំនឿវិញ មានចែងដូច្នេះថា កុំឲ្យអ្នកគិតក្នុងចិត្ដថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌បាន [គឺថាដើម្បីនាំព្រះគ្រិស្ដចុះមក]?
7 ឬតើអ្នកណានឹងចុះទៅក្នុងរណ្ដៅនរក [គឺថាដើម្បីនាំព្រះគ្រិស្ដចេញពីចំណោមពួកមនុស្សស្លាប់]?
8 តើបទគម្ពីរចែងយ៉ាងដូចម្ដេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរៗអ្នកនេះឯង គឺនៅក្នុងមាត់របស់អ្នក និងនៅក្នុងចិត្តរបស់អ្នក» នោះហើយជាព្រះបន្ទូលអំពីជំនឿដែលយើងកំពុងប្រកាស
9 ព្រោះបើមាត់របស់អ្នកប្រកាសថាព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តថាព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញមែន នោះអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ។
10 ដ្បិតមនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារចិត្ដដែលជឿ ហើយបានទទួលសេចក្ដីសង្គ្រោះដោយសារមាត់ដែលប្រកាស
11 ព្រោះបទគម្ពីរចែងថា៖ «អ្នកណាក៏ដោយដែលជឿព្រះអង្គ អ្នកនោះនឹងមិនខកចិត្ដឡើយ»។
12 ដូច្នេះ ជនជាតិយូដា និងជនជាតិក្រេកគ្មានអ្វីខុសគ្នាទេ ដ្បិតមានព្រះអម្ចាស់តែមួយ ជាព្រះអម្ចាស់របស់មនុស្សទាំងអស់គ្នា ហើយព្រះអង្គប្រោសប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ
13 ព្រោះអ្នកណាក៏ដោយដែលអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់ អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។
14 ដូច្នេះ តើធ្វើដូចម្ដេចឲ្យពួកគេអំពាវនាវរកព្រះអង្គបាន បើពួកគេមិនដែលជឿផង? ហើយឲ្យពួកគេជឿយ៉ាងដូចម្ដេចបាន បើពួកគេមិនដែលឮផង? ហើយឲ្យពួកគេឮយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាប្រកាសប្រាប់ពួកគេផង?
15 តើឲ្យមានអ្នកប្រកាសយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាចាត់ឲ្យគេទៅផង? ដូចមានសេចក្ដីចែងទុកថា៖ «ជើងរបស់អ្នកប្រកាសដំណឹងល្អអំពីសេចក្ដីសុខសាន្ដ ល្អប្រពៃណាស់ហ្ន៎!»
16 ប៉ុន្ដែមិនមែនមនុស្សទាំងអស់បានស្ដាប់តាមដំណឹងល្អទេ ព្រោះលោកអេសាយនិយាយថា៖ «ឱព្រះអម្ចាស់អើយ! តើអ្នកណាជឿសេចក្ដីប្រកាសរបស់យើង?»
17 ដូច្នេះ ជំនឿកើតមកពីការឮ ហើយការឮនោះជាការឮអំពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ
18 ប៉ុន្ដែខ្ញុំសូមសួរថា តើពួកគេមិនដែលឮទេឬ? ទេ ពួកគេបានឮប្រាកដណាស់ «សំឡេងនោះបានលាន់ពាសពេញផែនដី ហើយពាក្យសំដីក៏ឮដល់ចុងបំផុតនៃផែនដីទៀតផង»។
19 ហើយខ្ញុំសូមសួរទៀតថា តើជនជាតិអ៊ីស្រាអែលមិនដែលដឹងទេឬ? លោកម៉ូសេបានថ្លែងទុកជាមុនថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែនដោយសារមនុស្សដែលមិនដឹងជាជនជាតិណាមួយ ហើយយើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹងដោយសារជនជាតិមួយដែលគ្មានប្រាជ្ញា»។
20 រីឯលោកអេសាយវិញមានចិត្ដក្លាហាន ហើយគាត់បានថ្លែងថា៖ «យើងឲ្យពួកអ្នកដែលមិនបានស្វែងរកយើងបានឃើញយើង ព្រមទាំងបង្ហាញឲ្យពួកអ្នកដែលមិនបានសួររកយើងឃើញយើងដែរ»។
21 ហើយគាត់បានថ្លែងអំពីជនជាតិអ៊ីស្រាអែលថា៖ «យើងបានលូកដៃរបស់យើងពេញមួយថ្ងៃទៅឯជនជាតិមួយដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រឆាំង»។
Pašlaik izvēlēts:
Romans 10: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.