ហាបាគុក 1
1
1នេះជាសេចក្ដីទំនាយថ្លែងទំនាយយ៉ាងធ្ងន់ ដែលហោរាហាបាគុកបានឃើញ។
ការត្អូញត្អែរបស់ហោរា
2ឱព្រះយេហូវ៉ាអើយ
តើទូលបង្គំត្រូវអំពាវនាវដល់កាលណាទៀត
បើព្រះអង្គមិនឆ្លើយតបសោះដូច្នេះ?
ទូលបង្គំស្រែករកព្រះអង្គពីអំពើឃោរឃៅ
តែព្រះអង្គមិនសង្គ្រោះសោះ?
3ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំឃើញអំពើទុច្ចរិត
ហើយឲ្យទូលបង្គំមើលឃើញតែទំនាស់ចិត្តដូច្នេះ?
ដ្បិតមានសុទ្ធតែការបំផ្លាញ
និងអំពើឃោរឃៅនៅមុខទូលបង្គំ
ក៏មានតែការឈ្លោះប្រកែក
និងការទាស់ទែងគ្នាកើតឡើង។
4ហេតុដូច្នេះ បញ្ញត្តិច្បាប់បានអន់ថយទៅ
ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ
ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត
លែងមានយុត្តិធម៌ទៀតហើយ។
5ចូរពិចារណាមើល
ក្នុងចំណោមសាសន៍ដទៃទាំងប៉ុន្មាន
ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ
ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ
យើងកំពុងតែធ្វើការមួយ
ដែលឯងរាល់គ្នាមិនព្រមជឿទេ
ទោះបើមានគេប្រាប់ក៏ដោយ។
6ដ្បិតមើល៍! យើងនឹងតាំងសាសន៍ខាល់ដេឡើង
ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់
គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល
ដើម្បីនឹងចាប់យកទីលំនៅដែលមិនមែនជារបស់ខ្លួន
7គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម
សេចក្ដីយុត្តិធម៌ និងយសសក្តិរបស់គេ
មកតែពីខ្លួនគេទេ។
8ឯសេះរបស់គេលឿនជាងខ្លារខិន
ហើយសាហាវជាងឆ្កែព្រៃ
ដែលចេញនៅពេលល្ងាចផង
ពួកទ័ពសេះរបស់គេសម្រុកចូលដោយឥតញញើត
ពួកពលសេះរបស់គេមកពីឆ្ងាយ
លឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
9គេមកដើម្បីរឹបជាន់ មុខគេទៅខាងមុខទៀត
គេប្រមូលបានឈ្លើយដូចជាខ្សាច់
10គេឡកឡឺយឲ្យស្តេចនានា
ហើយមើលងាយពួកចៅហ្វាយ
គេសើចដាក់អស់ទាំងទីមាំមួន
ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
11រួចហួសទៅដូចជាខ្យល់ ហើយកន្លងទៅ
ព្រមទាំងនាំឲ្យខ្លួនមានទោស
គឺគេនឹងយកកម្លាំងរបស់ខ្លួនទុកជាព្រះ។
12ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ
ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ
តើព្រះអង្គមិនគង់នៅតាំងពីអស់កល្បរៀងមកទេឬ?
យើងខ្ញុំរាល់គ្នា នឹងមិនស្លាប់ទេ
ឱព្រះយេហូវ៉ាអើយ
ព្រះអង្គបានតម្រូវឲ្យគេត្រូវជំនុំជម្រះ
ហើយឱថ្មដាអើយ
ព្រះអង្គបានតាំងគេឡើងដើម្បីវាយផ្ចាល។
13ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង
នឹងទតមើលការអាក្រក់មិនបាន
ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ។
ហេតុអ្វីបានជាព្រះអង្គទតមើល
ពួកអ្នកដែលប្រព្រឹត្តក្បត់
ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់
លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ?
14គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ
ឬដូចជាសត្វលូនវារ
ដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ។
15គេស្ទួចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់
ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ
ហើយអរសប្បាយ។
16ហេតុនោះបានជាគេថ្វាយយញ្ញបូជា
ដល់សំណាញ់របស់គេ
ហើយដុតកំញានថ្វាយដល់អួន
ពីព្រោះចំណែករបស់គេបានច្រើន
ហើយគេមានអាហារជាបរិបូរ
ដោយសាររបស់ទាំងនោះ។
17ដូច្នេះ តើគេនឹងចេះតែចាក់ចេញពីអួន
ហើយសម្លាប់អស់ទាំងសាសន៍ឥតប្រណីជានិច្ចឬ?
Dewis Presennol:
ហាបាគុក 1: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies