១ កូរិនថូស 2
2
អំពីព្រះគ្រីស្ទជាប់ឆ្កាង
1បងប្អូនអើយ កាលខ្ញុំបានមកជួបអ្នករាល់គ្នា ខ្ញុំមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាខ្ពង់ខ្ពស់ ដើម្បីប្រកាសពីអាថ៌កំបាំងរបស់ព្រះដល់អ្នករាល់គ្នាឡើយ។ 2ដ្បិតខ្ញុំបានតាំងចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនព្រមដឹងអ្វី ក្រៅពីព្រះយេស៊ូវគ្រីស្ទ និងពីព្រះអង្គដែលទ្រង់ត្រូវឆ្កាងនោះឡើយ។ 3ខ្ញុំបានមករកអ្នករាល់គ្នា ទាំងទន់ខ្សោយ ទាំងភិតភ័យ ហើយញាប់ញ័រជាច្រើន។ 4ពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ មិនមែនដោយពាក្យប្រកបដោយប្រាជ្ញាដែលពូកែបញ្ចុះបញ្ចូលនោះទេ គឺដោយការសម្ដែងចេញរបស់ព្រះវិញ្ញាណ និងព្រះចេស្តា 5ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។
ប្រាជ្ញារបស់ព្រះ
6ក៏ប៉ុន្តែ ក្នុងចំណោមមនុស្សពេញវ័យ យើងនិយាយតាមប្រាជ្ញា តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ 7គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។ 8គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះ បានយល់សេចក្តីនេះឡើយ ដ្បិតបើគេយល់មែន នោះគេមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីល្អនោះទេ។ 9ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» 10ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។ 11ដ្បិតតើអ្នកណាស្គាល់គំនិតមនុស្សបាន ក្រៅពីវិញ្ញាណអ្នកនោះដែលនៅក្នុងខ្លួន? ឯព្រះក៏ដូច្នោះដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះ ក្រៅពីព្រះវិញ្ញាណរបស់ព្រះនោះឡើយ។ 12ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។ 13យើងនិយាយសេចក្តីទាំងនេះ មិនមែនដោយពាក្យសម្ដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសម្ដី ដែលព្រះវិញ្ញាណបង្រៀនវិញ ទាំងបកស្រាយសេចក្តីខាងវិញ្ញាណ ដល់អស់អ្នកដែលមានព្រះវិញ្ញាណ។
14អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។ 15អស់អ្នកដែលមានព្រះវិញ្ញាណ គេពិចារណាយល់គ្រប់ទាំងអស់ ហើយគ្មានអ្នកណាអាចពិចារណាយល់ពីអ្នកនោះបានឡើយ។ 16«ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ដើម្បីនឹងបង្រៀនព្រះអង្គបាន? » តែយើងមានគំនិតរបស់ព្រះគ្រីស្ទហើយ។
Dewis Presennol:
១ កូរិនថូស 2: គកស១៦
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2016 United Bible Societies