សេរីភាព 35
35
ហ៊ូកុំស្តីអំពីថ្ងៃឈប់សម្រាក
1ម៉ូសាបានប្រមូលសហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយគាត់និយាយទៅពួកគេថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: 2ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសក្ការៈ គឺថ្ងៃឈប់សម្រាកដែលជាថ្ងៃបុណ្យជូនអុលឡោះតាអាឡា។ អ្នកដែលធ្វើការនៅថ្ងៃនោះ នឹងត្រូវគេប្រហារជីវិត។ 3នៅថ្ងៃឈប់សម្រាក ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក្តី ក៏មិនត្រូវបង្កាត់ភ្លើងដែរ»។
ការសង់ជំរំសក្ការៈ
ជំនូនរបស់ជនជាតិអ៊ីស្រអែល
4ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រអែលទាំងអស់ថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: 5ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែកជូនអុលឡោះតាអាឡា។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកជំនូនដែលខ្លួនញែកទុកនេះ មកជូនអុលឡោះតាអាឡា គឺមាន មាស ប្រាក់ លង្ហិន 6សំពត់ពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ 7ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន 8ប្រេងសម្រាប់ដុតចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេង ដែលប្រើក្នុងពិធីលាបប្រេង គ្រឿងក្រអូបសម្រាប់ដុត 9ត្បូងមណីជោតិរស និងត្បូងឯទៀតៗ សម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង។
10ត្រូវឲ្យពួកជាងទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា មកធ្វើកិច្ចការទាំងអស់ដែល អុលឡោះតាអាឡាបង្គាប់ឲ្យធ្វើ 11គឺសង់ជំរំសក្ការៈ ដែលមានរោងក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ។ 12ហិបនៃសម្ព័ន្ធមេត្រីព្រមទាំងឈើស្នែង គំរបវាំងនន សម្រាប់ខណ្ឌទីសក្ការៈ។ 13តុសម្រាប់តម្កល់នំបុ័ង ព្រមទាំងឈើស្នែង គ្រឿងបរិក្ខារទាំងអស់ និងនំបុ័ងដែលត្រូវតម្កល់ជូនអុលឡោះ។ 14ជើងចង្កៀង និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយ ព្រមទាំងចង្កៀង និងប្រេងសម្រាប់ដុត។ 15អាសនៈសម្រាប់គ្រឿងក្រអូប ព្រមទាំងឈើស្នែង។ ប្រេងសម្រាប់ពិធីលាប ប្រេង គ្រឿងក្រអូបសម្រាប់ដុត និងវាំងននសម្រាប់ទ្វារចូលជំរំសក្ការៈ។ 16អាសនៈសម្រាប់ធ្វើគូរបានដុត ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារទាំងអស់ ព្រមទាំងអាងទឹក និងកំណល់។ 17រនាំងទីលាន ព្រមទាំងបង្គោល ជើងទ្រ និងវាំងននរបស់ទ្វារទីលាន។ 18ចំរឹងជំរំសក្ការៈ និងចំរឹងរនាំងរបស់ទីលាន ព្រមទាំងខ្សែចងជំរំ។ 19សម្លៀកបំពាក់ពិធីបុណ្យ សម្រាប់បំពេញមុខងារក្នុងទីសក្ការៈ គឺសម្លៀកបំពាក់សក្ការៈរបស់អ៊ីមុាំហារូន និងសម្លៀកបំពាក់កូនប្រុសគាត់ដែលបំពេញមុខងាជាអ៊ីមុាំ»។
20សហគមន៍អ៊ីស្រអែលទាំងមូល ក៏នាំគ្នាចាកចេញពីម៉ូសាទៅ។ 21អស់អ្នកដែលមានចិត្តសទ្ធាជ្រះថ្លា និងចិត្តទូលាយ បាននាំយកជំនូនដែលខ្លួនបានញែកទុកដោយឡែក មកជូនអុលឡោះតាអាឡា សម្រាប់សង់ជំរំជួបអុលឡោះតាអាឡា និងផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងជំរំ ព្រមទាំងសម្លៀកបំពាក់សក្ការៈ។ 22អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាស មក ហើយពួកគេទាំងអស់គ្នាធ្វើសញ្ញាឲ្យរបស់ទាំងនោះទៅអុលឡោះតាអាឡា។ 23អស់អ្នកដែលមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ និងក្រណាត់ធ្វើពីរោមពពែ ស្បែកចៀមជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ក៏នាំយករបស់ទាំងនោះមកឲ្យដែរ។ 24អស់អ្នកដែលមានប្រាក់ និងលង្ហិន បាននាំយកជំនូនដែលគេញែកទុកនោះ មកជូនអុលឡោះតាអាឡា អស់អ្នកដែលមានឈើនាងនួន បាននាំយកឈើនោះមក ដើម្បីធ្វើវត្ថុផ្សេងៗជូនអុលឡោះតាអាឡា។ 25ស្ត្រីទាំងប៉ុន្មានដែលប៉ិនប្រសប់ខាងត្បាញ ក៏នាំយកក្រណាត់ដែលខ្លួនបានត្បាញមកឲ្យដែរ គឺមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ។ 26ស្ត្រីទាំងប៉ុន្មានដែលមានចិត្តសទ្ធាជ្រះថ្លា និងប៉ិនប្រសប់ បាននាំគ្នាត្បាញក្រណាត់រោមពពែមកឲ្យផងដែរ។ 27ពួកមេដឹកនាំប្រជាជន បានយកត្បូងមណីជោតិរស និងត្បូងឯទៀតៗសម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង 28ព្រមទាំងគ្រឿងក្រអូប និងប្រេងដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។ 29ជនជាតិអ៊ីស្រអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកជំនូនមកជូនអុលឡោះតាអាឡាដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈម៉ូសា។
30ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «អុលឡោះតាអាឡាបានជ្រើសរើសលោកបេតសាលាល ជាកូនលោកយូរី និងជាចៅរបស់លោកហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា 31អុលឡោះប្រទានឲ្យគាត់ពោរពេញដោយរសអុលឡោះ ដើម្បីឲ្យលោកមានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ 32គឺចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន 33ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមកគាត់ចេះធ្វើការងារសិប្បកម្មគ្រប់មុខ។ 34ទ្រង់ប្រទានឲ្យគាត់ ព្រមទាំងលោកអូហូលីអាប់ ជាកូនរបស់លោកអហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ មានជំនាញខាងបង្ហាត់បង្រៀនការងារសិប្បកម្មនេះ ដល់អ្នកដទៃទៀត។ 35ទ្រង់ប្រទានឲ្យពួកគេប៉ិនប្រសប់បំពេញមុខការគ្រប់យ៉ាង ដូចជាជាងចម្លាក់ វិចិត្រករ អ្នកប៉ាក់ អ្នកត្បាញក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេសុទ្ធសឹងតែជាអ្នកជំនាញ ដែលចេះធ្វើការងារគ្រប់បែបយ៉ាង និងចេះលើកគម្រោង»។
Àwon tá yàn lọ́wọ́lọ́wọ́ báyìí:
សេរីភាព 35: អគត
Ìsàmì-sí
Pín
Daako

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀
© 2014 United Bible Societies, UK.