សេរី‌ភាព 36

36
1លោក​បេតសា‌លាល លោក​អូហី‌លីអាប់ ព្រម​ទាំង​សិប្ប‌ករ​ឯ​ទៀតៗ ដែលអុលឡោះ‌តាអាឡា​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​ទី​សក្ការៈ​នាំ​គ្នា​ធ្វើ​ការ​ងារ ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់។
2ម៉ូសា​បាន​អញ្ជើញ​លោក​បេតសា‌លាល លោក​អូហូ‌លីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែលអុលឡោះ‌តាអាឡា​ប្រទាន​តំរិះ​ប្រាជ្ញា និង​ការ​ប៉ិន​ប្រសប់​បំពេញ​ការ​ងារ​ឲ្យ​ចាប់​ផ្តើម​ធ្វើ​ការ។ 3ម៉ូសា​បាន​យក​ជំនូន​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​មក​ឲ្យ​ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទី​សក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​ជំនូន​មក​ជូន​ម៉ូសា។ 4ដូច្នេះ ពួក​សិប្ប‌ករ​ទាំង​អស់​ដែល​បំពេញ​ការ​ងារ​សង់​ទី​សក្ការៈ ទុក​ចោល​ការ​ងារ​របស់​ខ្លួន 5ហើយ​នាំ​គ្នា​ទៅ​ជម្រាប​ម៉ូសា​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្តី​ត្រូវ​ការ សម្រាប់​ការ​ងារ ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។ 6ម៉ូសា​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​ជំនូន​សម្រាប់​សង់​ទី​សក្ការៈ​មក​ទៀត​ឡើយ 7ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ​ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។
ការ​សង់​ជំរំ‌សក្ការៈ
8សិប្ប‌ករ​ទាំង​អស់​ដែល​មាន​នា​ទី​សាង​សង់ បាន​នាំ​គ្នា​សង់​ជំរំ‌សក្ការៈ ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។ 9ផ្ទាំង​ក្រណាត់​ទាំង​អស់​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្តោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ 10គេ​បាន​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត ក៏​ដេរ​ជាប់​គ្នា​ដែរ។ 11គេ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ ដែល​មាន​រាង​ដូច​កង​ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។ 12គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង​ដែល​ស្ថិត នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ នៅ​ទន្ទឹម​គ្នា។ 13គេ​ធ្វើ​ទំពក់​មាស​ចំនួន​ហាសិប សម្រាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ជំរំ‌សក្ការៈ។
14គេ​បាន​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​ពី​លើ​ជំរំ‌សក្ការៈ។ 15ក្រណាត់​ដប់​មួយ​ផ្ទាំង​នេះ មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្តោយ​សាម‌សិប​ហត្ថ ទទឹង​បួន​ហត្ថ។ 16គេ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ 17គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។ 18គេ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហាសិប សម្រាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​ឲ្យ​ទៅ​ជា​មួយ​ផ្ទាំង។ 19គេ​យក​ស្បែក​ពពែ​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ​ថែម​ទៀត។
20គេ​យក​ឈើ​នាង​នួន​មក​ធ្វើ​ជា​ស៊ុម សម្រាប់​បញ្ឈរ​ទ្រ​ក្រណាត់​ជំរំ‌សក្ការៈ​នោះ 21ស៊ុម​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ 22នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។ 23គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សម្រាប់​ប៉ែក​ខាង​ត្បូង​ជំរំ‌សក្ការៈ។ 24គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់ ចំនួន​សែ‌សិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។ 25នៅ​ប៉ែក​ខាង​ជើង​ជំរំ‌សក្ការៈ គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ 26និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែ‌សិប គឺ​ជើង​ទ្រ​ពីរ សម្រាប់​ស៊ុម​មួយ។ 27នៅ​ខាង​ក្រោយ​ជំរំ‌សក្ការៈ គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។ 28គេ​ធ្វើ​ស៊ុម​ពីរ​ទៀត សម្រាប់​ជ្រុង​ខាង​ក្រោយ​ជំរំ‌សក្ការៈ។ 29ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ​នេះ មាន​ទ្រង់​ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា ដោយ​សារ​កង​មួយ។ 30ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ សម្រាប់​ស៊ុម​នីមួយៗ។ 31គេ​យក​ឈើ​នាង​នួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សម្រាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ជំរំ‌សក្ការៈ 32ឈើ​ទទឹង​ប្រាំ​សម្រាប់​ប៉ែក​ទី​ពីរ​នៃ​ជំរំ ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត សម្រាប់​ប៉ែក​ខាង​លិច​នៃ​ជំរំ‌សក្ការៈ។ 33គេ​ក៏​បាន​ធ្វើ​ឈើ​ទទឹង​ដែល​នៅ​កណ្តាល ដើម្បី​ដាក់​ចំ​ពាក់​កណ្តាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ជំរំ។ 34គេ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស សម្រាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ស្រោប​មាស​ដែរ។
35គេ​ធ្វើ​វាំង​នន មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំង​នន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។ 36គេ​បាន​ធ្វើ​បង្គោល​បួន​ពី​ឈើ​នាង​នួន​ស្រោប​មាស សម្រាប់​ថ្ពក់​វាំង​នន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សម្រាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។ 37រីឯ​ទ្វារ​ចូល​ជំរំ​គេ​បាន​ត្បាញ​វាំង​នន​មួយ​ទៀត ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំង​នន​នេះ​មាន​ប៉ាក់​ក្បាច់​លំអ​ដែរ។ 38គេ​បាន​យក​ឈើ​នាង​នួន​មក​ធ្វើ​សសរ​ប្រាំ​ដើម ព្រម​ទាំង​ធ្វើ​ទំពក់ សម្រាប់​ថ្ពក់​វាំង​នន​នោះ​ផង។ ក្បាល​សសរ និង​មេ​រូត​ស្រោប​ដោយ​មាស។ គេ​ក៏​ធ្វើ​ជើង​ទ្រ សសរ​ប្រាំ​អំពី​លង្ហិន​ដែរ។

Àwon tá yàn lọ́wọ́lọ́wọ́ báyìí:

សេរី‌ភាព 36: អគត

Ìsàmì-sí

Pín

Daako

None

Ṣé o fẹ́ fi àwọn ohun pàtàkì pamọ́ sórí gbogbo àwọn ẹ̀rọ rẹ? Wọlé pẹ̀lú àkántì tuntun tàbí wọlé pẹ̀lú àkántì tí tẹ́lẹ̀