សុភាសិត 3
3
ជឿទុកចិត្តលើព្រះអម្ចាស់
1កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ
ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក
2ដ្បិតវានឹងបន្ថែមអាយុវែង ឆ្នាំនៃអាយុ និងសេចក្ដីសុខសាន្តដល់អ្នក។
3កុំឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ចាកចេញពីអ្នកឡើយ
ចូរចងសេចក្ដីទាំងនេះក្រវាត់នឹងកអ្នក
ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក
4នោះអ្នកនឹងរកបានសេចក្ដីសន្ដោស និងសុភនិច្ឆ័យដ៏ល្អ
នៅចំពោះព្រះនេត្ររបស់ព្រះ និងនៅចំពោះភ្នែកមនុស្ស។
5ចូរជឿទុកចិត្តលើព្រះយេហូវ៉ាអស់ពីចិត្ត
កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។
6ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក ចូរទទួលស្គាល់ព្រះអង្គ
នោះព្រះអង្គនឹងតម្រង់គន្លងរបស់អ្នក។
7កុំធ្វើជាមនុស្សមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងឡើយ
ចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីសេចក្ដីអាក្រក់;
8ការនេះនឹងបានជាការជាសះស្បើយដល់រូបកាយ#3:8 រូបកាយ―ន័យត្រង់គឺ “ផ្ចិត”។អ្នក
និងជាការស្រស់ស្រាយឡើងវិញដល់ឆ្អឹងអ្នក។
9ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិ
និងដោយផលដំបូងនៃអស់ទាំងផលរបស់អ្នកចុះ
10នោះជង្រុករបស់អ្នកនឹងត្រូវបានបំពេញយ៉ាងបរិបូរ
ហើយទីបញ្ជាន់ផ្លែរបស់អ្នកនឹងហូរហៀរដោយស្រាទំពាំងបាយជូរថ្មី។
11កូនរបស់ខ្ញុំអើយ កុំមើលងាយការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាឡើយ
ហើយក៏កុំជិនឆ្អន់នឹងការស្ដីប្រដៅរបស់ព្រះអង្គដែរ!
12ដ្បិតព្រះយេហូវ៉ាស្ដីបន្ទោសអ្នកដែលព្រះអង្គស្រឡាញ់
គឺដូចជាឪពុកធ្វើចំពោះកូនដែលខ្លួនពេញចិត្ត។
ប្រាជ្ញានាំមកនូវសុភមង្គល
13មានពរហើយ អ្នកដែលរកឃើញប្រាជ្ញា
និងអ្នកដែលរកបានការយល់ដឹង!
14ដ្បិតកម្រៃពីប្រាជ្ញាប្រសើរជាងកម្រៃពីប្រាក់
ហើយផលរបស់នាងប្រសើរជាងមាស;
15នាងមានតម្លៃជាងត្បូងទទឹម
ហើយអស់ទាំងសេចក្ដីប្រាថ្នារបស់អ្នក ក៏មិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។
16អាយុវែងនៅដៃស្ដាំរបស់នាង
ហើយភាពស្ដុកស្ដម្ភ និងសិរីរុងរឿងនៅដៃឆ្វេងរបស់នាង;
17ផ្លូវរបស់នាងជាផ្លូវនៃសេចក្ដីសោមនស្ស
ហើយអស់ទាំងគន្លងរបស់នាងគឺសេចក្ដីសុខសាន្ត។
18នាងជាដើមឈើនៃជីវិតដល់អ្នកដែលកាន់ខ្ជាប់នឹងនាង
ហើយអ្នកដែលចាប់នាងជាប់ នឹងត្រូវបានហៅថាមានព្រះពរ។
19ព្រះយេហូវ៉ាបានចាក់គ្រឹះផែនដីដោយប្រាជ្ញា
ព្រះអង្គបានតាំងបណ្ដាមេឃឡើងដោយការយល់ដឹង;
20ទីជម្រៅបានធ្លាយចេញដោយចំណេះដឹងរបស់ព្រះអង្គ
ហើយពពកក៏ស្រក់ទឹកសន្សើម។
21កូនរបស់ខ្ញុំអើយ ចូររក្សាប្រាជ្ញាត្រឹមត្រូវ និងសមត្ថភាពពិចារណា
កុំឲ្យសេចក្ដីទាំងនេះបាត់ពីភ្នែកអ្នកឡើយ!
22សេចក្ដីទាំងនេះជាជីវិតសម្រាប់ព្រលឹងរបស់អ្នក
ហើយជាគ្រឿងតុបតែងសម្រាប់ករបស់អ្នក។
23ធ្វើដូច្នេះ កូននឹងដើរដោយសុវត្ថិភាពក្នុងផ្លូវរបស់អ្នក
ហើយជើងរបស់អ្នកនឹងមិនជំពប់ឡើយ;
24ប្រសិនបើអ្នកដេក អ្នកនឹងមិនភ័យខ្លាចឡើយ;
នៅពេលអ្នកដេក ដំណេករបស់អ្នកនឹងបានលក់ស្រួល។
25កុំខ្លាចសេចក្ដីភិតភ័យដែលមកក្នុងមួយរំពេចឡើយ
ហើយក៏កុំខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ កាលណាវាធ្លាក់មកនោះដែរ
26ដ្បិតព្រះយេហូវ៉ាជាទីទុកចិត្តរបស់អ្នក
ហើយព្រះអង្គនឹងការពារជើងអ្នកពីអន្ទាក់។
ប្រព្រឹត្តត្រឹមត្រូវដល់អ្នកដទៃ
27កុំបង្ខាំងទុកការល្អពីអ្នកដែលសមនឹងទទួល
នៅពេលដៃរបស់អ្នកមានសមត្ថភាពធ្វើបាននោះឡើយ;
28កុំនិយាយនឹងអ្នកជិតខាងរបស់អ្នកថា៖
“ទៅសិនចុះ រួចសឹមមកវិញ ថ្ងៃស្អែកខ្ញុំនឹងឲ្យ”
ខណៈដែលមាននៅនឹងអ្នកហើយ។
29កុំប៉ងធ្វើការអាក្រក់ទាស់នឹងអ្នកជិតខាងរបស់អ្នកឡើយ
ពេលគេរស់នៅដោយសុខសាន្តនៅក្បែរអ្នក;
30កុំឈ្លោះជាមួយគេដោយគ្មានមូលហេតុឡើយ
នៅពេលគេមិនបានប្រព្រឹត្តការអាក្រក់ដល់អ្នក។
31កុំច្រណែនមនុស្សហិង្សាឡើយ
ក៏កុំជ្រើសរើសផ្លូវណាមួយរបស់គេដែរ
32ដ្បិតមនុស្សវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
ប៉ុន្តែព្រះអង្គស្និទ្ធស្នាលនឹងមនុស្សទៀងត្រង់វិញ។
33បណ្ដាសារបស់ព្រះយេហូវ៉ាស្ថិតនៅលើផ្ទះរបស់មនុស្សអាក្រក់
ប៉ុន្តែព្រះអង្គប្រទានពរលំនៅរបស់មនុស្សសុចរិតវិញ;
34ចំពោះមនុស្សចំអកឡកឡឺយ ព្រះអង្គចំអកឡកឡឺយដាក់ពួកគេ
រីឯចំពោះមនុស្សរាបទាបវិញ ព្រះអង្គប្រទានព្រះគុណ។
35មនុស្សមានប្រាជ្ញានឹងទទួលសិរីរុងរឿងជាមរតក
រីឯមនុស្សល្ងង់វិញ នឹងទទួលបានសេចក្ដីអាម៉ាស់៕
Trenutno izabrano:
សុភាសិត 3: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative