សុភាសិត 4
4
សេចក្ដីបង្រៀនរបស់ឪពុក
1កូនរាល់គ្នាអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក
ហើយយកចិត្តទុកដាក់ដើម្បីបានស្គាល់ការយល់ដឹង
2ដ្បិតខ្ញុំបានឲ្យសេចក្ដីអប់រំដ៏ល្អដល់អ្នក
ដូច្នេះកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។
3កាលខ្ញុំជាក្មេងដល់ឪពុកខ្ញុំ
ហើយក៏ជាកូនតែមួយដ៏ទន់ខ្ចីនៅចំពោះម្ដាយខ្ញុំ
4ពេលនោះ ឪពុកបានណែនាំ ហើយប្រាប់ខ្ញុំថា៖
“ចូរឲ្យចិត្តរបស់កូនកាន់ខ្ជាប់នូវពាក្យរបស់ឪពុក
ចូរកាន់តាមសេចក្ដីបង្គាប់របស់ឪពុក ហើយមានជីវិតរស់ចុះ។
5ចូរខំប្រឹងឲ្យបានប្រាជ្ញា ចូរខំប្រឹងឲ្យបានការយល់ដឹង;
កុំភ្លេច ក៏កុំបែរចេញពីពាក្យនៃមាត់ឪពុកឡើយ។
6កុំបោះបង់ចោលប្រាជ្ញាឡើយ នោះនាងនឹងរក្សាកូន;
ចូរស្រឡាញ់ប្រាជ្ញា នោះនាងនឹងការពារកូន។
7ការចាប់ផ្ដើមនៃប្រាជ្ញាគឺដូច្នេះ:#4:7 ការចាប់ផ្ដើមនៃប្រាជ្ញាគឺដូច្នេះ:―ឬ “ប្រាជ្ញាគឺសំខាន់ជាងគេ”។
ចូរខំប្រឹងឲ្យបានប្រាជ្ញា
ចូរខំប្រឹងឲ្យបានការយល់ដឹងដោយប្រើអ្វីៗទាំងអស់ដែលកូនមាន!
8ចូរឲ្យតម្លៃប្រាជ្ញា នោះនាងនឹងលើកកូនឡើង;
ប្រសិនបើកូនឱបប្រាជ្ញា នោះនាងនឹងលើកតម្កើងកូន។
9នាងនឹងបំពាក់ភួងផ្កាដ៏សមសួនលើក្បាលកូន;
នាងនឹងប្រគល់មកុដដ៏រុងរឿងដល់កូន”។
ផ្លូវពីរក្នុងជីវិតមនុស្ស
10កូនរបស់ខ្ញុំអើយ ចូរស្ដាប់ ហើយទទួលយកពាក្យរបស់ខ្ញុំចុះ
នោះឆ្នាំនៃអាយុអ្នកនឹងកើនឡើង!
11ខ្ញុំបានណែនាំអ្នកអំពីផ្លូវនៃប្រាជ្ញា
ក៏បាននាំអ្នកឲ្យដើរតាមគន្លងនៃសេចក្ដីទៀងត្រង់;
12នៅពេលអ្នកដើរ ជំហានរបស់អ្នកនឹងមិនត្រូវបានបង្អាក់ឡើយ
ហើយប្រសិនបើអ្នករត់ ក៏អ្នកមិនជំពប់ដែរ។
13ចូរកាន់សេចក្ដីប្រៀនប្រដៅឲ្យជាប់ កុំលែងឡើយ;
ចូររក្សាប្រាជ្ញា ដ្បិតនាងជាជីវិតរបស់អ្នក។
14កុំចូលក្នុងគន្លងរបស់មនុស្សអាក្រក់ឡើយ
ក៏កុំដើរក្នុងផ្លូវរបស់មនុស្សពាលដែរ;
15ចូរចៀសវាងពីផ្លូវនោះ កុំឆ្លងកាត់វាឡើយ;
ចូរបែរចេញពីវា ហើយបង្ហួសទៅ។
16ជាការពិត ពួកគេដេកមិនបានទេ លុះត្រាតែបានធ្វើអាក្រក់
ហើយដេកមិនលក់ឡើយ លុះត្រាតែបានធ្វើឲ្យគេជំពប់;
17ដ្បិតពួកគេហូបនំប៉័ងនៃការអាក្រក់
ហើយផឹកស្រានៃអំពើហិង្សា។
18រីឯគន្លងរបស់មនុស្សសុចរិតដូចជាពន្លឺអរុណដែលភ្លឺឡើងៗ រហូតដល់ថ្ងៃពេញពន្លឺ;
19ផ្លូវរបស់មនុស្សអាក្រក់ដូចជាភាពងងឹតសូន្យ
ពួកគេមិនដឹងថាខ្លួនឯងជំពប់ដោយសារអ្វីទេ។
ផ្លូវត្រង់ក្នុងជីវិតមនុស្ស
20កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ពាក្យរបស់ខ្ញុំ
ចូរផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យទំនៀមរបស់ខ្ញុំចុះ!
21កុំឲ្យសេចក្ដីទាំងនេះបាត់ពីភ្នែកអ្នកឡើយ
ចូររក្សាវាទុកក្នុងចិត្តអ្នក;
22ដ្បិតសេចក្ដីទាំងនេះជាជីវិតដល់អស់អ្នកដែលរកវាឃើញ
និងជាការប្រោសឲ្យជាដល់រូបកាយទាំងមូលរបស់អ្នកនោះ។
23ចូរការពារចិត្តរបស់អ្នក ជាងការការពារអ្វីទាំងអស់
ដ្បិតប្រភពនៃជីវិតចេញពីចិត្តមក។
24ចូរយកសេចក្ដីវៀចវេរចេញពីមាត់អ្នក
ហើយដាក់សេចក្ដីខូចនៃបបូរមាត់ឲ្យឆ្ងាយពីអ្នក។
25ចូរឲ្យភ្នែករបស់អ្នកមើលទៅខាងមុខ
ហើយឲ្យការសម្លឹងរបស់អ្នកតម្រង់ទៅមុខអ្នក។
26ចូរស្ទង់មើលគន្លងនៃជើងរបស់អ្នក
នោះអស់ទាំងផ្លូវរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។
27កុំងាកចេញទៅស្ដាំ ឬឆ្វេងឡើយ
ចូរបែរជើងរបស់អ្នកចេញពីសេចក្ដីអាក្រក់៕
Trenutno izabrano:
សុភាសិត 4: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative