Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 29

29
1មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង
នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។
2នៅពេល​មនុស្ស​សុចរិត​កើនឡើង ប្រជាជន​នឹង​អរសប្បាយ
ប៉ុន្តែ​នៅពេល​មនុស្ស​អាក្រក់​គ្រប់គ្រង ប្រជាជន​នឹង​ស្រែកថ្ងូរ​។
3មនុស្ស​ដែល​ស្រឡាញ់​ប្រាជ្ញា ធ្វើឲ្យ​ឪពុក​របស់ខ្លួន​មានអំណរ
រីឯ​អ្នកដែល​សេពគប់​ជាមួយ​ស្ត្រីពេស្យា ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​។
4ស្ដេច​ធ្វើឲ្យ​ស្រុក​បាន​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌
រីឯ​មនុស្ស​ដែល​ស៊ីសំណូក​រំលំ​ស្រុក​វិញ​។
5មនុស្ស​ដែល​បញ្ជោរ​អ្នកជិតខាង​របស់ខ្លួន
គឺ​រាយ​សំណាញ់​ដាក់​ជើង​ខ្លួនឯង​។
6មាន​អន្ទាក់​នៅក្នុង​ការបំពាន​របស់​មនុស្ស​អាក្រក់
រីឯ​មនុស្ស​សុចរិត​ច្រៀងដោយអំណរ ហើយ​អរសប្បាយ​ផង​។
7មនុស្ស​សុចរិត​ស្គាល់​រឿងក្ដី​របស់​អ្នកក្រខ្សត់
រីឯ​មនុស្ស​អាក្រក់​មិន​យល់ច្បាស់​នូវ​ចំណេះដឹង​នេះ​ឡើយ​។
8មនុស្ស​ចំអកឡកឡឺយ​អុចអាលឲ្យ​ទីក្រុង​ឆេះឡើង
រីឯ​មនុស្ស​មានប្រាជ្ញា​រម្ងាប់​កំហឹង​វិញ​។
9កាលណា​មនុស្ស​មានប្រាជ្ញា​មានរឿង​ជាមួយ​មនុស្សល្ងីល្ងើ
មនុស្សល្ងីល្ងើ​ចេះតែ​ខឹង​ផង សើច​ផង គឺ​មិន​ចេះ​ស្ងប់ស្ងៀម​ឡើយ​។
10មនុស្ស​បង្ហូរឈាម​ស្អប់​មនុស្ស​ឥតខ្ចោះ
រីឯ​មនុស្ស​ទៀងត្រង់​វិញ ខ្វល់ខ្វាយ​អំពី​ព្រលឹង​របស់អ្នកនោះ#29:10 រីឯមនុស្សទៀងត្រង់វិញ ខ្វល់ខ្វាយអំពីព្រលឹងរបស់អ្នកនោះ―ឬ “ហើយស្វែងរកជីវិតរបស់មនុស្ស​ទៀងត្រង់”។​។
11មនុស្សល្ងង់​បញ្ចេញ​កំហឹង​របស់ខ្លួន​ទាំងអស់
រីឯ​មនុស្ស​មានប្រាជ្ញា​ទប់​កំហឹង​យ៉ាងស្ងៀមស្ងាត់​។
12ប្រសិនបើ​មេគ្រប់គ្រង​យកចិត្តទុកដាក់​នឹង​ពាក្យ​ភូតភរ
អ្នកបម្រើ​ទាំងអស់​របស់គាត់​នឹងទៅជា​មនុស្ស​អាក្រក់​។
13អ្នកក្រីក្រ និង​អ្នក​សង្កត់សង្កិន​មានចំណុចមួយដូចគ្នា#29:13 មានចំណុចមួយដូចគ្នា―ន័យត្រង់គឺ “បានជួបគ្នា”។ គឺ​:
ព្រះយេហូវ៉ា​ជា​អ្នកដែល​ផ្ដល់ពន្លឺ​ដល់​ភ្នែក​ពួកគេ​ទាំង​ពីរ​។
14ប្រសិនបើ​ស្ដេច​កាត់ក្ដី​អ្នកក្រខ្សត់​ដោយ​សេចក្ដីពិត
បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ជារៀងរហូត​។
15រំពាត់ និង​ការស្ដីប្រដៅ​ផ្ដល់​ប្រាជ្ញា
ប៉ុន្តែ​កូនក្មេង#29:15 កូនក្មេង―ឬ “យុវជន”។​ដែល​បណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់​ដល់​ម្ដាយ​របស់ខ្លួន​។
16នៅពេល​មនុស្ស​អាក្រក់​កើនឡើង ការបំពាន​ក៏​កើនឡើង​ដែរ
ប៉ុន្តែ​មនុស្ស​សុចរិត​នឹង​ឃើញ​ការដួលរលំ​របស់ពួកគេ​។
17ចូរ​ប្រៀនប្រដៅ​កូន​របស់អ្នក នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​បាន​ស្ងប់ចិត្ត
ហើយ​ផ្ដល់​សេចក្ដីរីករាយ​ដល់​ព្រលឹង​របស់អ្នក​។
18ដោយ​គ្មាន​ការបើកបង្ហាញ#29:18 ការបើកបង្ហាញ―ឬ “និមិត្ត”។ ប្រជាជន​ក៏​បណ្ដោយខ្លួន
ប៉ុន្តែ​អ្នកដែល​កាន់តាម​ក្រឹត្យវិន័យ អ្នកនោះ​មានពរ​ហើយ​!
19មិន​អាច​ប្រៀនប្រដៅ​បាវបម្រើ​ដោយ​ប្រើតែ​ពាក្យសម្ដី​បាន​ឡើយ
ទោះបីជា​គេ​យល់ច្បាស់​ក៏ដោយ ក៏​គេ​មិន​យកចិត្តទុកដាក់​ដែរ​។
20តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ប្រញាប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន​ទេ​?
មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។
21អ្នកដែល​ទម្រើស​បាវបម្រើ​របស់ខ្លួន​តាំងពី​ក្មេង
នៅ​ចុងបញ្ចប់​របស់អ្នកនោះ​នឹង​មាន​ទុក្ខលំបាក​វិញ#29:21 នឹងមានទុក្ខលំបាក​វិញ―ឬ “វានឹងក្លាយជាអ្នកទទួលមរតក​វិញ”។​។
22មនុស្ស​ចំណូលកំហឹង​បង្កទំនាស់
ហើយ​មនុស្ស​ឆាប់ខឹង​មាន​ការបំពាន​ច្រើន​។
23អំនួត​របស់​មនុស្ស​នឹង​បន្ទាប​ខ្លួនឯង​ចុះ
រីឯ​មនុស្ស​រាបទាប​ក្នុង​វិញ្ញាណ​នឹង​ទទួលបាន​សិរីរុងរឿង​។
24អ្នកដែល​រួមចំណែក​ជាមួយ​ចោរ គឺ​ស្អប់​ព្រលឹង​របស់ខ្លួន​;
ទោះបីជា​អ្នកនោះ​ឮ​ពាក្យបណ្ដាសា​ក៏ដោយ ក៏​មិន​សារភាព​ដែរ​។
25ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់
ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។
26មនុស្ស​ជាច្រើន​ស្វែងរក​ក្ដីសន្ដោស​ពី​មេគ្រប់គ្រង
ប៉ុន្តែ​សេចក្ដីយុត្តិធម៌​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា​។
27មនុស្ស​ទុច្ចរិត​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​សុចរិត
ហើយ​មនុស្ស​ដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន ក៏​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi