Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 22

22
1គួរ​ជ្រើសរើស​កេរ្តិ៍ឈ្មោះ​ជាជាង​ទ្រព្យសម្បត្តិ​ជាច្រើន
ហើយ​ការរាប់អាន​ប្រសើរ​ជាង​ប្រាក់ និង​មាស​ទៅទៀត​។
2អ្នកមាន និង​អ្នកក្រ​មានចំណុចមួយដូចគ្នា គឺ​:
ព្រះយេហូវ៉ា​ជា​ព្រះសូនបង្កើត​របស់ពួកគេ​ទាំងពីរ​។
3មនុស្ស​ឆ្លាតវៃ​ឃើញ​មហន្តរាយ ក៏​លាក់ខ្លួន
រីឯ​មនុស្សខ្វះចំណេះដឹង​ដើរចូលទៅ ហើយ​ទទួលទោស​។
4រង្វាន់​នៃ​ការបន្ទាបខ្លួន និង​ការកោតខ្លាច​ព្រះយេហូវ៉ា
ជា​ភាពស្ដុកស្ដម្ភ សិរីរុងរឿង និង​ជីវិត​។
5មាន​បន្លា និង​អន្ទាក់​នៅក្នុង​ផ្លូវ​របស់​មនុស្ស​វៀចវេរ
អ្នកដែល​ការពារ​ព្រលឹង​របស់ខ្លួន នឹង​ចេញឆ្ងាយ​ពី​ផ្លូវនោះ​។
6ចូរ​បង្ហាត់​កូនក្មេង​ក្នុង​ផ្លូវ​ដែល​វា​ត្រូវដើរ
នោះ​កាលណា​វា​ចាស់​ទៅ វា​នឹង​មិន​បែរចេញ​ពី​ផ្លូវនោះ​ឡើយ​។
7អ្នកមាន​គ្រប់គ្រង​លើ​អ្នកក្រ
ហើយ​អ្នកដែល​ខ្ចី​គេ ជា​ទាសករ​ដល់​អ្នក​ដែល​ឲ្យខ្ចី​។
8អ្នកដែល​សាបព្រោះ​សេចក្ដីទុច្ចរិត នឹង​ច្រូត​បាន​សេចក្ដីអន្តរាយ
ហើយ​ដំបង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់អ្នកនោះ នឹង​សាបសូន្យ​ទៅ​។
9អ្នកដែល​មាន​ភ្នែក​សប្បុរស​នឹង​មានពរ
ពីព្រោះ​គាត់​ចែក​អាហារ​របស់ខ្លួន​ឲ្យ​អ្នកក្រខ្សត់​។
10ចូរ​បណ្ដេញ​មនុស្សចំអកឡកឡឺយ​ចេញ នោះ​ទំនាស់​នឹង​ចេញទៅ
ហើយ​ការប្រកែកគ្នា និង​សេចក្ដីអាម៉ាស់​ក៏​លែងមាន​ដែរ​។
11អ្នកដែល​ស្រឡាញ់​ចិត្ត​បរិសុទ្ធ និង​បបូរមាត់​អនុគ្រោះ
អ្នកនោះ​មាន​ស្ដេច​ជា​មិត្តភក្ដិ​របស់ខ្លួន​។
12ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​ថែរក្សា​ចំណេះដឹង
ប៉ុន្តែ​ព្រះអង្គ​បំផ្លាញ​ពាក្យសម្ដី​របស់​មនុស្ស​ក្បត់​។
13មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖ “មាន​តោ​នៅ​ខាងក្រៅ
ខ្ញុំ​មុខជា​ត្រូវវា​សម្លាប់​នៅកណ្ដាល​ផ្លូវ​មិនខាន​!”។
14មាត់​របស់​ស្ត្រី​ផិតក្បត់​ជា​រណ្ដៅ​ដ៏ជ្រៅ
អ្នកដែល​ត្រូវ​ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធ នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​។
15សេចក្ដីល្ងីល្ងើ​មាន​ចងភ្ជាប់​នៅក្នុង​ចិត្ត​កូនក្មេង
ប៉ុន្តែ​រំពាត់​នៃ​ការប្រៀនប្រដៅ​នឹង​បណ្ដេញ​វា​ឲ្យចេញឆ្ងាយ​ពី​កូនក្មេង​។
16អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់​ដើម្បី​ចម្រើន​ខ្លួនឯង
និង​អ្នកដែល​ជូន​ជំនូន​ដល់​អ្នកមាន នឹង​មានតែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។
ពាក្យរបស់មនុស្សមានប្រាជ្ញា
17ចូរ​ផ្ទៀងត្រចៀក​របស់អ្នក ស្ដាប់​ពាក្យ​របស់​មនុស្ស​មានប្រាជ្ញា
ហើយ​ផ្ចង់ចិត្ត​អ្នក នឹង​ចំណេះដឹង​របស់ខ្ញុំ​ចុះ​។
18ប្រសិនបើ​អ្នក​បាន​រក្សា​សេចក្ដីទាំងនោះ​នៅក្នុង​ខ្លួន​អ្នក
ហើយ​ប្រសិនបើ​សេចក្ដីទាំងនោះ​បាន​រួចរាល់​ជានិច្ច​នៅលើ​បបូរមាត់​អ្នក
នោះ​ប្រពៃ​ហើយ​។
19ខ្ញុំ​បាន​បង្រៀន​អ្នក​នៅ​ថ្ងៃនេះ គឺ​អ្នក​ហ្នឹងឯង
ដើម្បីឲ្យ​អ្នក​មាន​ការទុកចិត្ត​លើ​ព្រះយេហូវ៉ា​។
20តើ​ខ្ញុំ​មិន​បាន​សរសេរ​ពាក្យទំនៀម#22:20 ពាក្យទំនៀម―ជាពាក្យជំនួយ។​សាមសិប​អំពី​ឱវាទ និង​ចំណេះដឹង​សម្រាប់​អ្នក​ទេ​ឬ​?
21ពាក្យទំនៀមទាំងនោះ
គឺ​ដើម្បីឲ្យ​អ្នក​បាន​ស្គាល់​ភាពប្រាកដប្រជា​របស់​ពាក្យ​នៃ​សេចក្ដីពិត
និង​ដើម្បីឲ្យ​អ្នក​បាន​ផ្ដល់​ចម្លើយ​នៃ​សេចក្ដីពិត​ដល់​ពួកអ្នកដែល​ចាត់​អ្នក​ឲ្យមក​។
22កុំ​ប្លន់​អ្នកក្រខ្សត់​ដោយសារ​គេ​ក្រខ្សត់​នោះ​ឡើយ
ក៏​កុំ​ជាន់ឈ្លី​មនុស្ស​ទ័លក្រ​នៅ​ទ្វារក្រុង​ដែរ
23ដ្បិត​ព្រះយេហូវ៉ា​នឹង​កាន់ក្ដី​ឲ្យ​ពួកគេ
ហើយ​ព្រះអង្គ​នឹង​រឹបអូស​យក​ជីវិត​ពួកអ្នកដែល​រឹបអូស​ពួកគេ​។
24កុំ​សេពគប់​ជាមួយ​មនុស្ស​ចំណូលកំហឹង​ឡើយ
ក៏​កុំ​ដើរចុះឡើង​ជាមួយ​មនុស្ស​ឆាប់ខឹង​ដែរ
25ក្រែងលោ​អ្នក​បាន​រៀន​តាម​ផ្លូវ​របស់គេ
ហើយ​ធ្វើឲ្យ​ព្រលឹង​របស់ខ្លួន​ជាប់​អន្ទាក់​។
26កុំ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​ចាប់ដៃសន្យា
ឬ​ធ្វើជា​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​ធានា​បំណុល​ឡើយ​។
27ប្រសិនបើ​អ្នក​គ្មានអ្វី​សង​ទេ
ចុះ​ឲ្យ​គេ​ដកយក​គ្រែ​ពី​ក្រោម​អ្នក​ធ្វើអី​?
28កុំ​បង្ខិត​ព្រំដី​ពីបុរាណ​ដែល​ដូនតា​របស់អ្នក​បាន​បោះ​ទុក​នោះ​ឡើយ​។
29តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ស្ទាត់ជំនាញ​ក្នុង​ការងារ​របស់ខ្លួន​ទេ​?
គេ​នឹង​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច
គឺ​មិន​ឈរ​នៅចំពោះ​មុខ​មនុស្ស​តូចទាប​ឡើយ​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi