សុភាសិត 23
23
1នៅពេលអ្នកអង្គុយហូបជាមួយមេគ្រប់គ្រង
ចូរពិចារណាដោយយកចិត្តទុកដាក់នូវអ្វីដែលនៅចំពោះមុខអ្នក។
2ប្រសិនបើអ្នកជាមនុស្សល្មោភស៊ី
នោះចូរភ្ជង់កាំបិតនៅនឹងបំពង់កអ្នកចុះ។
3កុំចេះតែចង់បានម្ហូបដ៏ឆ្ងាញ់របស់គេឡើយ
ដ្បិតវាជាអាហារនៃសេចក្ដីបញ្ឆោត។
4កុំធ្វើការនឿយហត់ដើម្បីក្លាយជាអ្នកមានឡើយ
ចូរមានការយល់ដឹងឡើង ហើយឈប់ទៅ!
5កាលណាអ្នកចោលភ្នែកទៅលើទ្រព្យសម្បត្តិ វាក៏បាត់ទៅ
ដ្បិតវាតែងតែដុះស្លាបហើរទៅលើមេឃដូចឥន្ទ្រី។
6កុំហូបអាហាររបស់មនុស្សកំណាញ់#23:6 មនុស្សកំណាញ់―ឬ “មនុស្សលោភលន់” ន័យត្រង់គឺ “មនុស្សភ្នែកអាក្រក់”។ឡើយ
ក៏កុំចេះតែចង់បានម្ហូបដ៏ឆ្ងាញ់របស់គេដែរ
7ដ្បិតដូចដែលគេកត់ទុកក្នុងចិត្តយ៉ាងណា គេក៏និយាយយ៉ាងនោះដែរ
ថា៖ “អញ្ជើញហូប និងផឹកចុះ”
ប៉ុន្តែចិត្តរបស់គេមិននៅជាមួយអ្នកឡើយ។
8សូម្បីតែអាហារមួយម៉ាត់ដែលអ្នកបានហូប ក៏អ្នកនឹងក្អួតចេញ
ហើយខ្ជះខ្ជាយពាក្យសម្ដីផ្អែមរបស់អ្នកដែរ។
9កុំនិយាយឲ្យមនុស្សល្ងង់បានឮឡើយ
ពីព្រោះគេនឹងមើលងាយសុភនិច្ឆ័យនៃពាក្យសម្ដីរបស់អ្នក។
10កុំបង្ខិតព្រំដីពីបុរាណ
ឬរុករានទន្ទ្រានស្រែចម្ការរបស់កូនកំព្រាឡើយ
11ដ្បិតព្រះប្រោសលោះរបស់ពួកគេទ្រង់ខ្លាំងពូកែ
ព្រះអង្គនឹងកាន់ក្ដីឲ្យពួកគេទាស់នឹងអ្នក។
12ចូរផ្ចង់ចិត្តអ្នកនឹងការប្រៀនប្រដៅ
ហើយផ្ទៀងត្រចៀករបស់អ្នកនឹងពាក្យនៃចំណេះដឹងចុះ។
13កុំបង្ខាំងទុកការប្រៀនប្រដៅពីកូនក្មេងឡើយ
ទោះបីជាវាយវានឹងរំពាត់ក៏ដោយ ក៏វានឹងមិនស្លាប់ទេ។
14ចូរអ្នកវាយវានឹងរំពាត់
នោះអ្នកនឹងសង្គ្រោះព្រលឹងរបស់វាពីស្ថានមនុស្សស្លាប់។
15កូនរបស់ខ្ញុំអើយ ប្រសិនបើចិត្តរបស់អ្នកមានប្រាជ្ញា
ចិត្តរបស់ខ្ញុំក៏នឹងអរសប្បាយដែរ!
16ដួងចិត្តរបស់ខ្ញុំនឹងលោតកញ្ឆេង
នៅពេលបបូរមាត់របស់អ្នកនិយាយសេចក្ដីទៀងត្រង់។
17កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ
ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
18អ្នកប្រាកដជាមានអនាគត
ហើយសេចក្ដីសង្ឃឹមរបស់អ្នកនឹងមិនត្រូវបានកាត់ចេញឡើយ។
19កូនរបស់ខ្ញុំអើយ ចូរស្ដាប់ ហើយមានប្រាជ្ញា
ចូរនាំចិត្តអ្នកទៅក្នុងផ្លូវត្រឹមត្រូវចុះ!
20កុំធ្វើជាម្នាក់ក្នុងចំណោមពួកប្រមឹកស្រា
ឬធ្វើជាម្នាក់ក្នុងចំណោមពួកល្មោភស៊ីសាច់ឡើយ
21ដ្បិតពួកប្រមឹក និងពួកល្មោភស៊ីនឹងធ្លាក់ខ្លួនក្រ
ហើយសេចក្ដីងោកងុយនឹងស្លៀកពាក់ឲ្យពួកគេដោយសម្លៀកបំពាក់កណ្ដាច។
22ចូរស្ដាប់តាមឪពុករបស់អ្នក ដែលជាអ្នកផ្ដល់កំណើតដល់អ្នក
ហើយកុំមើលងាយម្ដាយរបស់អ្នកនៅពេល#23:22 នៅពេល―ឬ “ដោយសារ”។គាត់ចាស់ឡើយ។
23ចូរទិញសេចក្ដីពិត ប្រាជ្ញា ការប្រៀនប្រដៅ និងការយល់ដឹង
កុំលក់វាឡើយ។
24ឪពុករបស់មនុស្សសុចរិត ប្រាកដជាត្រេកអរយ៉ាងក្រៃលែង
ហើយបុរសដែលផ្ដល់កំណើតដល់មនុស្សមានប្រាជ្ញា មុខជាអរសប្បាយនឹងកូននោះមិនខាន។
25ចូរធ្វើឲ្យឪពុក និងម្ដាយរបស់អ្នក មានអំណរ
ហើយធ្វើឲ្យស្ត្រីដែលសម្រាលអ្នកមក បានត្រេកអរចុះ។
26កូនរបស់ខ្ញុំអើយ ចូរប្រគល់ចិត្តរបស់អ្នកឲ្យខ្ញុំ
ហើយឲ្យភ្នែករបស់អ្នករក្សាផ្លូវរបស់ខ្ញុំចុះ!
27ដ្បិតស្រីសំផឹងជារណ្ដៅដ៏ជ្រៅ
ហើយស្រីក្រៅជាអណ្ដូងដ៏ចង្អៀត។
28នាងសម្ងំចាំដូចចោរប្លន់
ហើយបន្ថែមមនុស្សក្បត់នៅក្នុងចំណោមមនុស្សប្រុស។
29តើនរណាវេទនា? តើនរណាមានទុក្ខសោក?
តើនរណាមានជម្លោះ? តើនរណាត្អូញត្អែរ?
តើនរណាមានរបួសដោយគ្មានមូលហេតុ? តើនរណាមានភ្នែកក្រហមងាំង?
30គឺជាពួកអ្នកដែលនៅត្រាំត្រែងជាមួយស្រា
ជាពួកអ្នកដែលទៅរកស្រាលាយ។
31កុំមើលស្រាទំពាំងបាយជូរនៅពេលវាមានពណ៌ក្រហម
ពេលវាចាំងផ្លេកៗនៅក្នុងពែង ហើយស្រក់ចុះទៅយ៉ាងស្រួលនោះឡើយ។
32នៅទីបំផុត វានឹងចឹកដូចពស់
ហើយអុចដូចពស់ពិស។
33ភ្នែករបស់អ្នកនឹងឃើញអ្វីប្លែកៗ
ហើយចិត្តរបស់អ្នកនឹងពោលសេចក្ដីកំហូច។
34អ្នកនឹងបានដូចជាអ្នកដែលដេកនៅកណ្ដាលសមុទ្រ
ឬដូចជាអ្នកដែលដេកនៅលើចុងដងក្ដោង។
35អ្នកនឹងពោលថា៖ “គេបានវាយខ្ញុំ ប៉ុន្តែខ្ញុំអត់ឈឺទេ!
គេបានសំពងខ្ញុំ ប៉ុន្តែខ្ញុំមិនបានដឹងផង!
តើខ្ញុំនឹងភ្ញាក់ឡើងពេលណា?
ខ្ញុំនឹងទៅរកស្រាទៀត”៕
Trenutno izabrano:
សុភាសិត 23: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative