សុភាសិត 20
20
1ស្រាជាអ្នកចំអកឡកឡឺយ ហើយគ្រឿងស្រវឹងជាអ្នកឡូឡា
អស់អ្នកដែលវង្វេងដោយសារតែវា គ្មានប្រាជ្ញាឡើយ។
2សេចក្ដីគំរាមកំហែងរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ
អ្នកដែលធ្វើឲ្យទ្រង់ខ្ញាល់ គឺប្រព្រឹត្តបាបទាស់នឹងព្រលឹងរបស់ខ្លួន។
3ការនៅឲ្យឆ្ងាយពីជម្លោះជាសិរីរុងរឿងសម្រាប់មនុស្ស
រីឯអស់ទាំងមនុស្សល្ងីល្ងើបង្កជម្លោះ។
4មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ#20:4 តាមរដូវ―ន័យត្រង់គឺ “ក្នុងរដូវរងា”។
លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
5ផែនការនៅក្នុងចិត្តមនុស្ស ជាទឹកដ៏ជ្រៅ
ប៉ុន្តែមនុស្សមានការយល់ដឹង នឹងដងវាចេញមក។
6មនុស្សជាច្រើនអះអាងអំពីភាពស្មោះត្រង់របស់ខ្លួន
ប៉ុន្តែតើនរណាអាចរកបានមនុស្សស្មោះត្រង់?
7មនុស្សសុចរិតដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន;
កូនចៅជំនាន់ក្រោយរបស់គាត់មានពរយ៉ាងណាហ្ន៎!
8ស្ដេចដែលគង់លើបល្ល័ង្កកាត់ក្ដី
ទ្រង់អុំអស់ទាំងការអាក្រក់ចេញដោយព្រះនេត្ររបស់ទ្រង់។
9តើនរណាអាចនិយាយបានថា៖
“ខ្ញុំបានរក្សាចិត្តរបស់ខ្ញុំឲ្យបរិសុទ្ធ
ខ្ញុំបានជ្រះស្អាតពីបាបរបស់ខ្ញុំហើយ”?
10កូនជញ្ជីងពីរផ្សេងគ្នា និងរង្វាល់ពីរផ្សេងគ្នា
វាទាំងពីរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
11សូម្បីតែកូនក្មេង#20:11 កូនក្មេង―ឬ “យុវជន”។ក៏ត្រូវបានស្គាល់ដោយទង្វើរបស់វា
ថាតើការប្រព្រឹត្តរបស់វាបរិសុទ្ធ និងទៀងត្រង់ឬយ៉ាងណា។
12ត្រចៀកដែលស្ដាប់ឮ និងភ្នែកដែលមើលឃើញ
គឺព្រះយេហូវ៉ាបានបង្កើតទាំងពីរ។
13កុំស្រឡាញ់ការដេកឡើយ ក្រែងលោអ្នកនឹងធ្លាក់ខ្លួនក្រ;
ចូរបើកភ្នែករបស់អ្នក នោះនឹងបានឆ្អែតដោយអាហារ!
14អ្នកទិញតែងតែនិយាយថា៖ “អត់ល្អ! អត់ល្អ!”
លុះដើរចេញទៅ ក៏ចេះតែអួតគេវិញ។
15មាស និងត្បូងទទឹមមានបរិបូរ
ប៉ុន្តែបបូរមាត់នៃចំណេះដឹង ជាគ្រឿងអលង្ការដ៏មានតម្លៃ។
16ចំពោះអ្នកដែលធានាឲ្យជនមិនស្គាល់ ចូរយកសម្លៀកបំពាក់របស់គាត់
ចំពោះអ្នកដែលធានាឲ្យស្រីក្រៅ ចូរយករបស់បញ្ចាំចុះ។
17អាហារដែលបានដោយភូតភរ ផ្អែមដល់មនុស្ស
ប៉ុន្តែក្រោយមក មាត់របស់គេនឹងពេញដោយគ្រាប់ក្រួសវិញ។
18គម្រោងបានសម្រេចដោយសារតែការប្រឹក្សា
ដូច្នេះចូរធ្វើសង្គ្រាមដោយការណែនាំ។
19មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់
ដូច្នេះកុំសេពគប់ជាមួយអ្នកដែលមានមាត់ឥតគម្របឡើយ។
20ចំពោះអ្នកដែលជេរប្រមាថឪពុក ឬម្ដាយរបស់ខ្លួន
ចង្កៀងរបស់អ្នកនោះនឹងត្រូវបានពន្លត់នៅក្នុងសេចក្ដីងងឹតសូន្យសុង។
21មរតកដែលបានភ្លាមៗពីដំបូង
នៅចុងក្រោយមិនបានពរឡើយ។
22កុំនិយាយថា៖ “ខ្ញុំនឹងតបសងដោយការអាក្រក់” ឡើយ។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា នោះព្រះអង្គនឹងសង្គ្រោះអ្នក។
23កូនជញ្ជីងពីរផ្សេងគ្នា ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
ហើយត្រាជូបោកបញ្ឆោតក៏មិនល្អដែរ។
24ជំហានរបស់មនុស្សមកពីព្រះយេហូវ៉ា
ចុះមនុស្សអាចយល់ច្បាស់នូវផ្លូវរបស់ខ្លួនយ៉ាងដូចម្ដេចបាន?
25ការដែលនិយាយដោយធ្វេសប្រហែសថា៖ “នេះជារបស់វិសុទ្ធ”
រួចគិតគូរឡើងវិញក្រោយពីបន់ហើយ ជាអន្ទាក់ដល់មនុស្ស។
26ស្ដេចដែលមានប្រាជ្ញាអុំមនុស្សអាក្រក់ចេញ
ហើយកិនពួកគេដោយកង់បញ្ជាន់ស្រូវ។
27វិញ្ញាណរបស់មនុស្សជាចង្កៀងរបស់ព្រះយេហូវ៉ា
ដែលស្ទង់មើលអស់ទាំងផ្នែកខាងក្នុងនៃចិត្ត។
28សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ការពារស្ដេច
ហើយបល្ល័ង្ករបស់ទ្រង់ត្រូវបានទ្រទ្រង់ ដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល។
29ភាពរុងរឿងរបស់ពួកមនុស្សកំលោះ គឺកម្លាំងរបស់ពួកគេ
ហើយសិរីរុងរឿងរបស់ចាស់ៗ គឺសក់ស្កូវ។
30ស្នាមរំពាត់ សម្អាតមនុស្សពីសេចក្ដីអាក្រក់
ការវាយដំ សម្អាតផ្នែកខាងក្នុងនៃចិត្ត៕
Trenutno izabrano:
សុភាសិត 20: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative