សុភាសិត 19
19
1អ្នកក្រីក្រដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន
ប្រសើរជាងអ្នកដែលមានបបូរមាត់វៀចវេរ ហើយជាមនុស្សល្ងង់។
2ចិត្តឆេះឆួលដែលគ្មានចំណេះដឹង គឺមិនល្អទេ#19:2 ចិត្តឆេះឆួលដែលគ្មានចំណេះដឹង គឺមិនល្អទេ―ឬ “ចិត្តគ្មានចំណេះដឹង គឺមិនល្អទេ”។
ហើយអ្នកដែលប្រញាប់ឈានជើង អ្នកនោះភ្លាត់ដំណើរ។
3ភាពល្ងីល្ងើរបស់មនុស្សបំផ្លាញផ្លូវរបស់ខ្លួន
ប៉ុន្តែចិត្តអ្នកនោះច្រឡោតខឹងនឹងព្រះយេហូវ៉ាវិញ។
4ទ្រព្យសម្បត្តិបង្កើនចំនួនមិត្តភក្ដិឲ្យច្រើនឡើង
រីឯអ្នកក្រខ្សត់ត្រូវបានបំបែកបំបាក់ពីមិត្តសម្លាញ់របស់ខ្លួន។
5សាក្សីភូតភរនឹងមិនរួចទោសទេ
ហើយអ្នកដែលបញ្ចេញពាក្យភូតភរក៏គេចមិនរួចដែរ។
6មនុស្សជាច្រើនខំយកចិត្តអភិជន
ហើយមនុស្សទាំងអស់ជាមិត្តភក្ដិនឹងអ្នកដែលជូនជំនូន។
7អស់ទាំងបងប្អូនរបស់អ្នកក្រីក្រស្អប់គាត់ទៅហើយ
ចុះទម្រាំមិត្តភក្ដិរបស់គាត់វិញ តើគេចេញឆ្ងាយពីគាត់អម្បាលម៉ានទៅទៀត!
គាត់អង្វរដោយពាក្យសម្ដី ក៏ពួកគេមិនខ្វល់#19:7 ខ្វល់―ជាពាក្យជំនួយ។ដែរ។
8អ្នកដែលទទួលបានវិចារណញ្ញាណ ស្រឡាញ់ព្រលឹងរបស់ខ្លួន
អ្នកដែលរក្សាការយល់ដឹង រកឃើញសេចក្ដីល្អ។
9សាក្សីភូតភរនឹងមិនរួចទោសទេ
ហើយអ្នកដែលបញ្ចេញពាក្យភូតភរនឹងវិនាស។
10ភាពប្រណិតមិនសមនឹងមនុស្សល្ងង់ទៅហើយ
ចុះទម្រាំការដែលបាវបម្រើគ្រប់គ្រងលើអ្នកដឹកនាំ តើមិនសមអម្បាលម៉ានទៅទៀត!
11សុភនិច្ឆ័យរបស់មនុស្សធ្វើឲ្យខ្លួនយឺតនឹងខឹង
ហើយភាពរុងរឿងរបស់អ្នកនោះ គឺការមើលរំលងការបំពាន។
12សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ
រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
13កូនល្ងង់ជាសេចក្ដីអន្តរាយដល់ឪពុករបស់ខ្លួន
រីឯការឌុកដាន់ពីប្រពន្ធប្រៀបដូចជាតំណក់ទឹកដែលស្រក់#19:13 ដែលស្រក់―ជាពាក្យជំនួយ។ជានិច្ច។
14ផ្ទះ និងទ្រព្យសម្បត្តិ ជាមរតកមកពីដូនតា
រីឯប្រពន្ធមានប្រាជ្ញាវិញ គឺមកពីព្រះយេហូវ៉ា។
15ភាពខ្ជិលច្រអូសធ្វើឲ្យធ្លាក់ទៅក្នុងការលង់លក់
ហើយមនុស្ស#19:15 មនុស្ស―ន័យត្រង់គឺ “ព្រលឹង”។ខ្ជិលច្រអូសនឹងអត់ឃ្លាន។
16អ្នកដែលរក្សាសេចក្ដីបង្គាប់ គឺរក្សាព្រលឹងរបស់ខ្លួន
អ្នកដែលមើលងាយផ្លូវរបស់ខ្លួន មុខជាស្លាប់មិនខាន។
17អ្នកដែលមានចិត្តសប្បុរសចំពោះអ្នកក្រខ្សត់ គឺឲ្យព្រះយេហូវ៉ាខ្ចី
ហើយព្រះអង្គនឹងតបសងដល់គាត់វិញតាមទង្វើរបស់គាត់។
18ចូរប្រៀនប្រដៅកូនរបស់អ្នក ក្នុងកាលដែលមានសង្ឃឹមនៅឡើយ
គឺកុំទុកឲ្យការរំជួលចិត្តរបស់អ្នកធ្វើឲ្យវាស្លាប់ឡើយ។
19មនុស្សនៃសេចក្ដីក្ដៅក្រហាយនឹងទទួលទោស;
ប្រសិនបើអ្នកជួយគេឲ្យរួចម្ដង ក៏អ្នកត្រូវតែជួយម្ដងទៀត។
20ចូរស្ដាប់ដំបូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ
ដើម្បីឲ្យអ្នកមានប្រាជ្ញានៅពេលអនាគតរបស់អ្នក។
21នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន
ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
22អ្វីដែលគួរឲ្យប្រាថ្នាចង់បានក្នុងមនុស្ស គឺភាពស្មោះត្រង់#19:22 ភាពស្មោះត្រង់―ឬ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល”។របស់អ្នកនោះ
ហើយអ្នកក្រីក្រប្រសើរជាងមនុស្សភូតភរ។
23ការកោតខ្លាចព្រះយេហូវ៉ានាំទៅរកជីវិត
ហើយអ្នកដែលធ្វើដូច្នេះនឹងដេកស្កប់ស្កល់ គ្មានមហន្តរាយប៉ះពាល់គាត់ឡើយ។
24មនុស្សខ្ជិលច្រអូសលូកដៃរបស់ខ្លួនទៅក្នុងចាន
ក៏មិនយកដៃមកដាក់វិញ សូម្បីតែក្នុងមាត់របស់ខ្លួន។
25ចូរវាយមនុស្សចំអកឡកឡឺយ នោះមនុស្សខ្វះចំណេះដឹងនឹងចេះប្រុងប្រយ័ត្ន
ចូរស្ដីបន្ទោសអ្នកដែលមានការយល់ច្បាស់ នោះគេនឹងយល់ច្បាស់នូវចំណេះដឹង។
26អ្នកដែលធ្វើបាបឪពុក ហើយបណ្ដេញម្ដាយរបស់ខ្លួន
ជាកូនដែលនាំមកនូវសេចក្ដីអាម៉ាស់ និងធ្វើឲ្យអាប់យស។
27កូនរបស់ខ្ញុំអើយ ចូរឈប់ស្ដាប់សេចក្ដីប្រៀនប្រដៅមើល៍
នោះអ្នកនឹងវង្វេងចេញពីពាក្យនៃចំណេះដឹង!
28សាក្សីអប្រិយ#19:28 អប្រិយ―ន័យត្រង់គឺ “បេលាល”។ចំអកឡកឡឺយដាក់សេចក្ដីយុត្តិធម៌
ហើយមាត់របស់មនុស្សអាក្រក់លេបសេចក្ដីទុច្ចរិត។
29ការកាត់ទោសត្រូវបានរៀបចំសម្រាប់មនុស្សចំអកឡកឡឺយ
ហើយការវាយនឹងរំពាត់ត្រូវបានរៀបចំសម្រាប់ខ្នងរបស់មនុស្សល្ងង់៕
Trenutno izabrano:
សុភាសិត 19: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative