លេវីវិន័យ 9
9
1លុះដល់ថ្ងៃទី៨ ម៉ូសេក៏ហៅអើរ៉ុន នឹងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង 2រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ពីហ្វូងសត្វ សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១ឥតខ្ចោះសំរាប់ជាដង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា 3ហើយត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកពពែឈ្មោល១សំរាប់ជាដង្វាយលោះបាប នឹងកូនគោ១ ហើយកូនចៀម១ ដែលទាំង២មានអាយុ១ខួបៗ ហើយឥតខ្ចោះសំរាប់ជាដង្វាយដុត 4ព្រមទាំងគោឈ្មោល១ នឹងចៀមឈ្មោល១ សំរាប់ជាដង្វាយមេត្រី ដើម្បីនឹងថ្វាយ ជាយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា ហើយនឹងដង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា 5គេក៏នាំយកដង្វាយដែលម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចពួកជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា 6នោះម៉ូសេប្រកាសថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ។
7ម៉ូសេបង្គាប់ដល់អើរ៉ុនថា ចូរទៅឯអាសនា ហើយថ្វាយដង្វាយលោះបាប នឹងដង្វាយដុតរបស់បង សំរាប់ឲ្យធួននឹងខ្លួន ហើយនឹងពួកជនផង រួចថ្វាយដង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក 8អើរ៉ុនក៏ចូលទៅឯអាសនា សំឡាប់កូនគោទុកជាដង្វាយលោះបាបដែលសំរាប់ខ្លួន 9ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា 10ឯខ្លាញ់ នឹងអង្គញ់ទាំង២ ហើយនឹងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសំរាប់ជាដង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនា ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ 11តែឯសាច់ នឹងស្បែក នោះបានដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ 12លោកក៏សំឡាប់ដង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនា 13ពួកកូនក៏យកដង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនា 14ឯអាការៈខាងក្នុងនឹងជើងទាំងប៉ុន្មាន នោះលោកលាងនឹងទឹក រួចដុតនៅលើដង្វាយដែលនៅលើអាសនាផង។
15បន្ទាប់មក លោកថ្វាយដង្វាយរបស់ពួកជន លោកយកពពែជាដង្វាយលោះបាប ដែលសំរាប់ពួកជនមកសំឡាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ 16រួចក៏យកដង្វាយដុត មកថ្វាយតាមរបៀប 17ហើយលោកក៏ថ្វាយដង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីដង្វាយដុតពេលព្រឹក 18រួចមកលោកសំឡាប់គោឈ្មោល នឹងចៀមឈ្មោលទុកជាយញ្ញបូជានៃដង្វាយមេត្រីដែលសំរាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនា 19ពួកកូនក៏ជូនខ្លាញ់គោឈ្មោលនឹងចៀមឈ្មោល កន្ទុយ នឹងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ នឹងស្រទាប់ថ្លើមផង 20គេដាក់ខ្លាញ់ពីលើទ្រូង រួចអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះ នៅលើអាសនា 21ហើយគ្រវីទ្រូង នឹងស្មាខាងស្តាំ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ូសេបានបង្គាប់មក។
22នោះអើរ៉ុនក៏លើកដៃឲ្យពរដល់ពួកបណ្តាជន រួចចុះមកពីការថ្វាយដង្វាយលោះបាប ដង្វាយដុត នឹងដង្វាយមេត្រី 23ម៉ូសេ នឹងអើរ៉ុនក៏នាំគ្នាចូលទៅក្នុងត្រសាលជំនុំ រួចចេញមកវិញឲ្យពរដល់បណ្តាជន នោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកឲ្យគេឃើញទាំងអស់គ្នា 24ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះដង្វាយដុត នឹងខ្លាញ់នៅលើអាសនា កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
Aktuálne označené:
លេវីវិន័យ 9: ពគប
Zvýraznenie
Zdieľať
Kopírovať
Chceš mať svoje zvýraznenia uložené vo všetkých zariadeniach? Zaregistruj sa alebo sa prihlás
© BFBS/UBS 1954, 1962. All Rights Reserved.