1 Corinthians 4
4
1 ដូច្នេះ ចូរឲ្យមនុស្សរាប់យើងទុកដូចជាអ្នកបម្រើរបស់ព្រះគ្រិស្ដ និងជាអ្នកមើលខុសត្រូវលើសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់
2 លើសពីនេះ ត្រូវរកឲ្យឃើញថា អ្នកមើលខុសត្រូវជាមនុស្សម្នាក់ស្មោះត្រង់
3 ប៉ុន្ដែវាជារឿងតូចតាចទេសម្រាប់ខ្ញុំ ដែលត្រូវអ្នករាល់គ្នា ឬអ្នកណាម្នាក់នៅសម័យនេះវិនិច្ឆ័យនោះ ដ្បិតខ្ញុំមិនវិនិច្ឆ័យខ្លួនឯងទេ
4 ព្រោះខ្ញុំយល់ឃើញថាខ្ញុំគ្មានខុសអ្វីទេ ប៉ុន្ដែខ្ញុំមិនបានរាប់ជាសុចរិតដោយសារការនេះឡើយ គឺព្រះអម្ចាស់ទេជាអ្នកវិនិច្ឆ័យខ្ញុំ
5 ដូច្នេះ កុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់យាងមក ព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹត ហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្ដរបស់មនុស្ស បន្ទាប់មក ម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។
6 បងប្អូនអើយ! ខ្ញុំបានប្រើសេចក្ដីទាំងនេះអំពីខ្ញុំ និងលោកអ័ប៉ុឡូសជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នារៀនតាមយើងពីសេចក្ដីដែលថា កុំឲ្យហួសពីសេចក្ដីដែលបានចែងទុក ដើម្បីកុំឲ្យអ្នករាល់គ្នាអួតអំពីមនុស្សម្នាក់ទាស់នឹងមនុស្សម្នាក់ទៀតឡើយ
7 ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វី ដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអួតខ្លួន ដូចជាមិនបានទទួលដូច្នេះ?
8 អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាបានត្រលប់ជាអ្នកមានហើយ អ្នករាល់គ្នាបានសោយរាជ្យហើយ ដោយគ្មានយើង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ
9 ព្រោះខ្ញុំគិតថា ព្រះជាម្ចាស់បានដាក់យើងជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកទោសប្រហារជីវិត ព្រោះយើងបានត្រលប់ជាអ្វីដែលល្អមើលសម្រាប់លោកិយនេះ ទាំងពួកទេវតា និងពួកមនុស្ស
10 យើងល្ងង់ខ្លៅដោយយល់ដល់ព្រះគ្រិស្ដ ប៉ុន្ដែអ្នករាល់គ្នាឆ្លាតនៅក្នុងព្រះគ្រិស្ដ យើងខ្សោយ ប៉ុន្ដែអ្នករាល់គ្នាខ្លាំងពូកែ អ្នករាល់គ្នារុងរឿង ប៉ុន្ដែយើងអាប់ឱន
11 រហូតដល់ឥឡូវនេះ យើងឃ្លានផង ស្រេកផង ហើយនៅអាក្រាត ទាំងត្រូវគេវាយ និងរសាត់អណ្ដែតទៀត
12 យើងធ្វើការចិញ្ចឹមជីវិតដោយដៃរបស់ខ្លួន យើងឲ្យពរគេ ពេលគេជេរ យើងស៊ូទ្រាំ ពេលគេបៀតបៀន
13 ពេលគេនិយាយបង្ខូចយើង យើងដាស់តឿនគេ ហើយរហូតដល់ពេលនេះ យើងត្រលប់ដូចជាសំរាមនៃលោកិយនេះ និងជាសំណល់នៃអ្វីៗទាំងអស់
14 ខ្ញុំសរសេរសេចក្ដីទាំងនេះមិនមែនឲ្យអ្នករាល់គ្នាខ្មាសទេ ផ្ទុយទៅវិញ ដើម្បីដាស់តឿនអ្នករាល់គ្នា ដូចជាកូនជាទីស្រឡាញ់របស់ខ្ញុំ
15 ដ្បិតថ្វីបើនៅក្នុងព្រះគ្រិស្ដ អ្នករាល់គ្នាមានអ្នកមើលថែមួយម៉ឺននាក់ ប៉ុន្ដែគ្មានឪពុកច្រើនទេ គឺខ្ញុំទេដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ
16 ដូច្នេះ ខ្ញុំដាស់តឿនអ្នករាល់គ្នាឲ្យយកគំរូតាមខ្ញុំចុះ
17 ដោយហេតុនេះ ខ្ញុំបានចាត់ធីម៉ូថេជាកូនជាទីស្រឡាញ់ និងជាទីទុកចិត្ដរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ឲ្យមកឯអ្នករាល់គ្នា គាត់នឹងរំឭកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំនៅក្នុងព្រះគ្រិស្ដយេស៊ូដែលខ្ញុំបានបង្រៀនដល់ក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។
18 អ្នកខ្លះអួតខ្លួន ហាក់ដូចជាខ្ញុំមិនមកជួបអ្នករាល់គ្នាទៀត
19 ប៉ុន្ដែបើព្រះអម្ចាស់មានបំណង ខ្ញុំនឹងមកជួបអ្នករាល់គ្នាឆាប់ៗនេះ ហើយខ្ញុំចង់ស្គាល់អំណាចរបស់ពួកអ្នកអួតខ្លួនទាំងនោះ គឺមិនមែនពាក្យសំដីរបស់ពួកគេប៉ុណ្ណោះទេ
20 ដ្បិតនគររបស់ព្រះជាម្ចាស់មិនស្ថិតលើពាក្យសំដីឡើយ គឺស្ថិតលើអំណាចវិញ
21 តើអ្នករាល់គ្នាត្រូវការអ្វី? តើគួរឲ្យខ្ញុំមកជួបអ្នករាល់គ្នាដោយមានរំពាត់មកជាមួយ ឬដោយមានសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូត?
Markert nå:
1 Corinthians 4: KCB
Marker
Kopier
Sammenlign
Del
Vil du ha høydepunktene lagret på alle enhetene dine? Registrer deg eller logg på
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.