1 Corinthians 3
3
1 បងប្អូនអើយ! ខ្ញុំមិនអាចនិយាយទៅកាន់អ្នករាល់គ្នាដូចជាមនុស្សខាងវិញ្ញាណបានទេ ប៉ុន្ដែត្រូវនិយាយដូចជាមនុស្សខាងសាច់ឈាមវិញ គឺដូចជានិយាយទៅកាន់ទារកនៅក្នុងព្រះគ្រិស្ដ
2 ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាផឹក មិនមែនអាហាររឹងទេ ដ្បិតអ្នករាល់គ្នាមិនទាន់អាចបរិភោគបានឡើយ ហើយឥឡូវនេះក៏នៅតែមិនអាចដែរ
3 ដ្បិតអ្នករាល់គ្នានៅតែជាមនុស្សខាងសាច់ឈាម ព្រោះមានសេចក្ដីច្រណែន និងការឈ្លោះប្រកែកនៅក្នុងចំណោមអ្នករាល់គ្នា។ តើអ្នករាល់គ្នាមិនមែនជាមនុស្សខាងសាច់ឈាម ហើយរស់នៅតាមបែបមនុស្សទេឬ?
4 ដ្បិតពេលម្នាក់និយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ហើយម្នាក់ទៀតថា ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស តើអ្នករាល់គ្នាមិនមែនជាមនុស្សទេឬ?
5 ដូច្នេះ តើលោកអ័ប៉ុឡូសជាអ្វី? ហើយលោកប៉ូលជាអ្វី? គឺជាអ្នកបម្រើ ដែលនាំឲ្យអ្នករាល់គ្នាជឿ ហើយម្នាក់ៗធ្វើតាមដែលព្រះអម្ចាស់ប្រទានឲ្យ។
6 ខ្ញុំបានដាំ លោកអ័ប៉ុឡូសបានស្រោចទឹក ប៉ុន្ដែព្រះជាម្ចាស់ធ្វើឲ្យដុះឡើង
7 ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់ទេ គឺព្រះជាម្ចាស់ដែលជាអ្នកធ្វើឲ្យដុះឡើងទេទើបសំខាន់
8 ឯអ្នកដាំ និងអ្នកស្រោចទឹកដូចគ្នាទេ គឺម្នាក់ៗនឹងទទួលបានរង្វាន់តាមពលកម្មរបស់ខ្លួន
9 ដ្បិតយើងជាអ្នកធ្វើការរួមគ្នា រីឯអ្នករាល់គ្នាជាស្រែរបស់ព្រះជាម្ចាស់ និងជាដំណាក់របស់ព្រះជាម្ចាស់។
10 ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំ ខ្ញុំបានចាក់គ្រឹះដូចជាជាងដ៏ចំណានម្នាក់ ហើយមានអ្នកផ្សេងទៀតសង់ពីលើនោះ ប៉ុន្ដែម្នាក់ៗត្រូវប្រយ័ត្នអំពីរបៀបដែលខ្លួនសង់លើគ្រឹះនោះ
11 ដ្បិតគ្មានអ្នកណាម្នាក់អាចចាក់គ្រឹះផ្សេងទៀតបានទេ ក្រៅពីគ្រឹះដែលបានចាក់រួចហើយ គឺជាព្រះយេស៊ូគ្រិស្ដ។
12 បើអ្នកណាម្នាក់យកមាស ប្រាក់ ត្បូងដ៏មានតម្លៃ ឈើ ចំបើង ឬស្បូវ មកសង់លើគ្រឹះនោះ
13 កិច្ចការរបស់គេម្នាក់ៗនឹងបង្ហាញឲ្យឃើញ ដ្បិតនឹងធ្វើឲ្យដឹងច្បាស់នៅថ្ងៃចុងក្រោយ ពីព្រោះកិច្ចការនោះត្រូវបង្ហាញឲ្យឃើញតាមរយៈភ្លើង គឺភ្លើងនឹងពិសោធកិច្ចការរបស់គេម្នាក់ៗឲ្យឃើញជាយ៉ាងណា
14 បើកិច្ចការរបស់អ្នកណាម្នាក់ដែលបានសង់លើគ្រឹះ នៅស្ថិតស្ថេរ អ្នកនោះនឹងទទួលបានរង្វាន់
15 បើកិច្ចការរបស់អ្នកណាម្នាក់ត្រូវឆេះអស់ អ្នកនោះនឹងត្រូវខាតបង់វិញ ប៉ុន្ដែខ្លួនគាត់នឹងទទួលបានសេចក្ដីសង្គ្រោះដូចជាទើបឆ្លងកាត់ភ្លើងដូច្នេះដែរ
16 តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា?
17 បើអ្នកណាម្នាក់បំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងបំផ្លាញអ្នកនោះ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់បរិសុទ្ធ គឺជាអ្នករាល់គ្នានេះហើយ។
18 ចូរកុំបញ្ឆោតខ្លួនឯងឡើយ បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញានៅក្នុងលោកិយនេះ ចូរឲ្យអ្នកនោះត្រលប់ជាល្ងង់ខ្លៅចុះ ដើម្បីឲ្យគាត់មានប្រាជ្ញា
19 ព្រោះប្រាជ្ញារបស់លោកិយនេះ ជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះជាម្ចាស់ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញដោយសារល្បិចកលរបស់គេ»
20 ហើយមានចែងទុកទៀតថា៖ «ព្រះអម្ចាស់ជ្រាបថា គំនិតរបស់ពួកអ្នកប្រាជ្ញគ្មានប្រយោជន៍ឡើយ»
21 ដូច្នេះកុំអួតអំពីមនុស្សឡើយ ដ្បិតអ្វីៗទាំងអស់ជារបស់អ្នករាល់គ្នា
22 មិនថា លោកប៉ូល លោកអ័ប៉ុឡូស លោកកេផាស ពិភពលោកនេះ ជីវិត សេចក្ដីស្លាប់ អ្វីៗនាបច្ចុប្បន្ន ឬអ្វីៗនាអនាគត គឺជារបស់អ្នករាល់គ្នាទាំងអស់
23 ហើយអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ ហើយព្រះគ្រិស្ដជារបស់ព្រះជាម្ចាស់។
Markert nå:
1 Corinthians 3: KCB
Marker
Kopier
Sammenlign
Del
Vil du ha høydepunktene lagret på alle enhetene dine? Registrer deg eller logg på
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.