Romans 15
15
1 យើងជាអ្នកដែលរឹងមាំ ត្រូវទ្រាំទ្រចំពោះភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវផ្គាប់ចិត្ដខ្លួនឯងនោះទេ
2 ចូរយើងម្នាក់ៗធ្វើឲ្យអ្នកជិតខាងពេញចិត្ដ ដើម្បីជាការល្អសម្រាប់ស្អាងចិត្ដឡើង
3 ព្រោះសូម្បីតែព្រះគ្រិស្ដ ព្រះអង្គក៏មិនបានផ្គាប់ព្រះហឫទ័យព្រះអង្គផ្ទាល់ដែរ គឺដូចមានសេចក្ដីចែងទុកថា៖ «ដំណៀលរបស់ពួកអ្នកដៀលត្មះព្រះអង្គបានធ្លាក់មកលើខ្ញុំវិញ»
4 ដ្បិតសេចក្ដីទាំងឡាយដែលបានចែងទុកកាលពីមុន គឺបានចែងទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសង្ឃឹមតាមរយៈការស៊ូទ្រាំ និងតាមរយៈការលើកទឹកចិត្ដពីបទគម្ពីរ។
5 ឥឡូវនេះ សូមព្រះជាម្ចាស់នៃការស៊ូទ្រាំ និងការលើកទឹកចិត្ដប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែមួយតាមរយៈព្រះគ្រិស្ដយេស៊ូ
6 ដើម្បីឲ្យអ្នករាល់គ្នាសរសើរតម្កើងព្រះជាម្ចាស់ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដោយព្រមព្រៀងគ្នា និងមានសំឡេងតែមួយ។
7 ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដូចជាព្រះគ្រិស្ដបានទទួលអ្នករាល់គ្នាដែរចុះ ដើម្បីជាសិរីរុងរឿងរបស់ព្រះជាម្ចាស់
8 ដ្បិតខ្ញុំសូមប្រាប់ថា ព្រះគ្រិស្ដបានត្រលប់ជាអ្នកបម្រើរបស់ពួកអ្នកកាត់ស្បែកក្នុងនាមជាសេចក្ដីពិតរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលបានធ្វើជាមួយនឹងពួកដូនតា
9 និងឲ្យសាសន៍ដទៃថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះអង្គ ដូចមានសេចក្ដីចែងទុកថា៖ «ដោយហេតុនេះបានជាខ្ញុំសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំច្រៀងសរសើរព្រះនាមព្រះអង្គ»។
10 ហើយមានសេចក្ដីមួយទៀតចែងទុកថា៖ «ពួកសាសន៍ដទៃអើយ! ចូរអរសប្បាយជាមួយប្រជារាស្ដ្ររបស់ព្រះអង្គចុះ!»
11 រួចមានសេចក្ដីចែងទុកទៀតថា៖ «ពួកសាសន៍ដទៃអើយ! ចូរសរសើរព្រះអម្ចាស់ ជនទាំងឡាយអើយ! ចូរសរសើរព្រះអង្គចុះ!»
12 ក្នុងសេចក្ដីមួយទៀត លោកអេសាយបានថ្លែងថា៖ «នឹងមានឫសរបស់លោកអ៊ីសាយមួយកើតមក ដើម្បីគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ»
13 ដូច្នេះ សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសង្ឃឹមបំពេញអ្នករាល់គ្នាដោយអំណរគ្រប់បែបយ៉ាង និងសេចក្ដីសុខសាន្តតាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមហូរហៀរដោយអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។
14 បងប្អូនអើយ! ខ្ញុំជឿជាក់ចំពោះអ្នករាល់គ្នាថា អ្នករាល់គ្នាពេញដោយសេចក្ដីល្អ និងពេញដោយចំណេះដឹងគ្រប់បែបយ៉ាង ព្រមទាំងអាចដាស់តឿនគ្នាទៅវិញទៅមកបានដែរ
15 ប៉ុន្ដែខ្ញុំបានសរសេរអំពីចំណុចខ្លះផ្ញើមកអ្នករាល់គ្នាដោយចិត្ដក្លាហាន ដើម្បីរំឮកអ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ
16 គឺឲ្យខ្ញុំធ្វើជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ ហើយបំពេញតួនាទីជាសង្ឃសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីនាំសាសន៍ដទៃមកថ្វាយព្រះជាម្ចាស់ទុកជាតង្វាយដែលព្រះអង្គសព្វព្រះហឫទ័យទទួលយក និងដែលបានញែកជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ។
17 ដូច្នេះ នៅក្នុងព្រះគ្រិស្ដយេស៊ូ ខ្ញុំមានហេតុផលអួតអំពីកិច្ចការទាំងឡាយដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់
18 ដ្បិតខ្ញុំមិនហ៊ាននិយាយអំពីអ្វីឡើយ ក្រៅពីអ្វីដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំសម្រាប់ការនាំសាសន៍ដទៃឲ្យស្ដាប់បង្គាប់ តាមរយៈពាក្យសំដី និងការប្រព្រឹត្ដិ
19 ដោយអំណាចនៃទីសំគាល់ ការអស្ចារ្យ និងអំណាចនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដនៅគ្រប់ទីកន្លែង តាំងពីក្រុងយេរូសាឡិមរហូតដល់ស្រុកអ៊ីលីរីកុន។
20 ខ្ញុំមានបំណងប្រកាសដំណឹងល្អនៅកន្លែងដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។
21 ដូចមានសេចក្ដីចែងទុកថា៖ «អស់អ្នកដែលមិនទាន់បានទទួលដំណឹងអំពីព្រះអង្គ នោះនឹងបានឃើញ ឯអស់អ្នកដែលមិនធ្លាប់ឮ នោះនឹងបានយល់»
22 ហេតុនេះបានជាខ្ញុំខកខានច្រើនដង មិនបានមកឯអ្នករាល់គ្នា។
23 ប៉ុន្ដែពេលនេះ នៅក្នុងតំបន់ទាំងនេះ គ្មានកន្លែងណានៅសល់ទៀតឡើយ ម្យ៉ាងទៀត ជាច្រើនឆ្នាំមកហើយដែលខ្ញុំមានបំណងចង់មកជួបអ្នករាល់គ្នា
24 ហើយពេលណាខ្ញុំធ្វើដំណើរទៅស្រុកអេស្បាញ ខ្ញុំសង្ឃឹមថា នឹងជួបអ្នករាល់គ្នានៅពេលធ្វើដំណើរកាត់តាមនោះ ដើម្បីឲ្យអ្នករាល់គ្នាជួយខ្ញុំបន្តដំណើរពីស្រុកនោះទៀត បន្ទាប់ពីខ្ញុំបានកម្សាន្ដចិត្ដបន្ដិច ដោយបានស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ។
25 ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីនឹងបម្រើពួកបរិសុទ្ធសិន
26 ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
27 មែនហើយ ពួកគេពេញចិត្ដធ្វើដូច្នេះណាស់ ព្រោះពួកគេជំពាក់អ្នកទាំងនោះ ដ្បិតសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីអ្នកទាំងនោះ បានជាសាសន៍ដទៃត្រូវផ្គត់ផ្គង់ចំណែកខាងសាច់ឈាមដល់អ្នកទាំងនោះវិញ
28 ដូច្នេះពេលណាខ្ញុំបំពេញកិច្ចការនេះចប់សព្វគ្រប់ គឺប្រគល់ជំនួយដល់អ្នកទាំងនោះរួចហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្បាញដោយឆៀងចូលជួបអ្នករាល់គ្នា
29 ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមកជាមួយព្រះពរដ៏ហូរហៀររបស់ព្រះគ្រិស្ដ។
30 បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង និងដោយសេចក្ដីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះជាម្ចាស់សម្រាប់ខ្ញុំផង
31 ដើម្បីឲ្យខ្ញុំរួចផុតពីពួកអ្នកមិនជឿនៅស្រុកយូដា និងឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិមទទួលយកការបម្រើរបស់ខ្ញុំ
32 ព្រមទាំងឲ្យខ្ញុំមកឯអ្នករាល់គ្នាដោយអំណរតាមបំណងរបស់ព្រះជាម្ចាស់ ហើយឲ្យខ្ញុំបានសម្រាកជាមួយអ្នករាល់គ្នាដែរ។
33 សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តគង់ជាមួយអ្នកទាំងអស់គ្នា អាម៉ែន។
Pašlaik izvēlēts:
Romans 15: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.