Romans 14
14
1 ចូរទទួលអ្នកដែលខ្សោយខាងជំនឿ កុំឈ្លោះប្រកែកពីគំនិតខុសប្លែកគ្នាឡើយ
2 គឺម្នាក់ជឿថា ខ្លួនអាចបរិភោគអាហារបានគ្រប់មុខ ប៉ុន្ដែចំពោះអ្នកខ្សោយវិញបរិភោគតែបន្លែ
3 នោះចូរកុំឲ្យអ្នកដែលបរិភោគមើលងាយអ្នកដែលមិនបរិភោគ ហើយអ្នកដែលមិនបរិភោគក៏មិនត្រូវថ្កោលទោសអ្នកដែលបរិភោគដែរ ដ្បិតព្រះជាម្ចាស់បានទទួលអ្នកនោះ
4 តើអ្នកជាអ្វី បានជាហ៊ានថ្កោលទោសបាវបម្រើរបស់គេ? ទោះជាអ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចលើចៅហ្វាយរបស់គេទេតើ តែគេនឹងឈរបាន ព្រោះព្រះអម្ចាស់មានអំណាចជួយគេឲ្យឈរបាន។
5 ដ្បិតម្នាក់គិតថា ថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀត ម្នាក់ទៀតបែរជាគិតថា ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ដូច្នេះ ចូរម្នាក់ៗជឿជាក់នៅក្នុងគំនិតរបស់ខ្លួនចុះ
6 ព្រោះអ្នកដែលប្រតិបត្ដតាមថ្ងៃ គេប្រតិបត្ដសម្រាប់ព្រះអម្ចាស់ ឯអ្នកដែលបរិភោគ គេបរិភោគសម្រាប់ព្រះអម្ចាស់ដែរ ដ្បិតគេបានអរព្រះគុណព្រះជាម្ចាស់ ហើយអ្នកដែលមិនបរិភោគ គេក៏មិនបរិភោគសម្រាប់ព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះជាម្ចាស់ដែរ
7 ដ្បិតក្នុងចំណោមយើង គ្មានអ្នកណាម្នាក់រស់នៅដើម្បីខ្លួនឯងទេ ហើយក៏គ្មានអ្នកណាម្នាក់ស្លាប់ដើម្បីខ្លួនឯងដែរ
8 ព្រោះបើយើងរស់នៅ គឺរស់នៅដើម្បីព្រះអម្ចាស់ ហើយបើយើងស្លាប់ គឺស្លាប់ដើម្បីព្រះអម្ចាស់ ដូច្នេះហើយ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងជារបស់ព្រះអម្ចាស់
9 ហេតុនោះហើយបានជាព្រះគ្រិស្ដសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់។
10 ចុះអ្នកវិញ ហេតុអ្វីបានជាថ្កោលទោសបងប្អូនរបស់ខ្លួនដូច្នេះ? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួនដូច្នេះ? ដ្បិតយើងនឹងឈរនៅមុខទីជំនុំជម្រះរបស់ព្រះជាម្ចាស់ទាំងអស់គ្នា
11 ព្រោះមានសេចក្ដីចែងទុកថា ព្រះអម្ចាស់មានបន្ទូលថា យើងមានព្រះជន្មរស់ជានិច្ច ដូច្នេះ ជង្គង់ទាំងអស់ត្រូវលុតចុះនៅចំពោះមុខយើង ហើយអណ្ដាតទាំងអស់ត្រូវប្រកាសទទួលស្គាល់ព្រះជាម្ចាស់។
12 ដូច្នេះ យើងម្នាក់ៗនឹងរៀបរាប់ទូលព្រះជាម្ចាស់ពីអំពើដែលយើងបានធ្វើ
13 ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
14 ខ្ញុំដឹង ហើយជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមួយមិនបរិសុទ្ធដោយខ្លួនឯងនោះទេ លុះត្រាតែមានអ្នកណាម្នាក់ចាត់ទុកថា វាមិនបរិសុទ្ធ ទើបវាត្រលប់ជាមិនបរិសុទ្ធសម្រាប់អ្នកនោះ
15 ប៉ុន្ដែ បើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដដោយសារតែរឿងអាហារ នោះអ្នកមិនបានរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ ដូច្នេះ កុំធ្វើឲ្យបងប្អូនរបស់អ្នកដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។
16 ដូច្នេះ កុំឲ្យគេនិយាយបង្ខូចការល្អរបស់អ្នកបានឡើយ។
17 ដ្បិតនគររបស់ព្រះជាម្ចាស់មិនមែនជាការបរិភោគ និងការផឹកឡើយ គឺជាសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។
18 ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។
19 ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយ ដែលនាំឲ្យមានសេចក្ដីសុខសាន្ដ និងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។
20 កុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយសារតែអាហារឡើយ ដ្បិតអាហារសុទ្ធតែបរិសុទ្ធទេ ប៉ុន្ដែជាការអាក្រក់សម្រាប់អ្នកដែលបរិភោគដោយធ្វើឲ្យគេជំពប់ដួល
21 ហើយជាការប្រសើរ បើមិនបរិភោគសាច់ ឬផឹកស្រា និងអ្វីផ្សេងទៀតដែលធ្វើឲ្យបងប្អូនរបស់អ្នកជំពប់ដួល។
22 បើអ្នកមានជំនឿបែបណា ចូរជឿបែបនោះតែម្នាក់ឯងនៅចំពោះព្រះជាម្ចាស់ចុះ ដ្បិតមានពរហើយ អ្នកណាដែលមិនថ្កោលទោសខ្លួនឯងចំពោះអ្វីដែលខ្លួនយល់ថាត្រឹមត្រូវ
23 ផ្ទុយទៅវិញ បើអ្នកណាបរិភោគទាំងសង្ស័យ អ្នកនោះមានទោសហើយ ព្រោះមិនបានបរិភោគដោយជំនឿទេ ហើយអំពើទាំងឡាយដែលមិនមែនមកពីជំនឿទេ នោះសុទ្ធតែជាបាបទាំងអស់។
Pašlaik izvēlēts:
Romans 14: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.