លោកុប្បត្តិ 49
49
ពាក្យផ្ដាំផ្ញើចុងក្រោយរបស់លោកយ៉ាកុបដល់កូនៗរបស់លោក
1បន្ទាប់មក លោកយ៉ាកុបបានហៅកូនៗរបស់លោកមក ហើយមានប្រសាសន៍ថា៖ «ចូរមកជួបជុំគ្នា ដើម្បីពុកបានប្រាប់ឲ្យដឹងពីហេតុការណ៍ដែលត្រូវកើតឡើង ដល់កូនរាល់គ្នានៅថ្ងៃខាងមុខ។
2ចូរប្រជុំគ្នាស្តាប់ ឱពួកកូនរបស់យ៉ាកុបអើយ
ចូរស្តាប់អ៊ីស្រាអែលជាឪពុករបស់អ្នករាល់គ្នា។
3រូបេន កូនជាកូនច្បង ជាឫទ្ធិ
និងជាផលដំបូងនៃកម្លាំងរបស់ពុក
កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។
4កូនប្រៀបដូចជាទឹកដែលរំពើកចុះឡើង
កូននឹងមិនអាចខ្ពង់ខ្ពស់បានទេ
ព្រោះកូនបានឡើងទៅលើគ្រែរបស់ពុក
ហើយបានធ្វើឲ្យគ្រែរបស់ឪពុកទៅជាអាស្រូវ
គឺកូន ឡើងទៅដេកជាមួយប្រពន្ធរបស់ពុក។
5ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា
ដាវរបស់គេជាសស្ត្រាវុធដ៏ឃោរឃៅ។
6សូមកុំឲ្យពុករួមគំនិតនឹងគេ
សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ
ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស
ហើយពេលគេចង់សប្បាយ
គេដើរកាត់ជើងគោលេង។
7កំហឹងរបស់គេត្រូវបណ្ដាសាហើយ
ដ្បិតវាសាហាវពេក
ហើយអំពើឃោរឃៅរបស់គេ
នោះគ្មានមេត្តាឡើយ
ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប
ហើយកម្ចាត់កម្ចាយគេ
នៅក្នុងពួកអ៊ីស្រាអែល។
8យូដាអើយ បងប្អូនរបស់កូននឹងសរសើរកូន
ដៃរបស់កូននឹងចាប់កញ្ចឹងក
ខ្មាំងសត្រូវរបស់កូន
បងប្អូនបង្កើតរបស់កូននឹងឱនគោរពកូន។
9យូដាជាសិង្ហស្ទាវ
កូនអើយ កូនបានឡើងមកពីស៊ីរំពា។
វាបានក្រាបចុះ បានដេកដូចជាសិង្ហ
ហើយដូចជាសិង្ហញី តើអ្នកណាហ៊ានដាស់វា?
10ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា
ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត
ពីពូជពង្សរបស់យូដាឡើយ
រហូតទាល់តែគេនាំសួយសារអាករ
មកជូនលោក
ហើយប្រជារាស្រ្តនានានឹងចុះចូល
ចំពោះលោក។
11លោកនឹងចងលារបស់លោក
ភ្ជាប់នឹងដើមទំពាំងបាយជូរ
ហើយកូនលារបស់លោកភ្ជាប់នឹងដើម
យ៉ាងល្អបំផុត
លោកនឹងបោកអាវរបស់លោក
ក្នុងស្រាទំពាំងបាយជូរ
ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។
12ភ្នែករបស់លោកខ្មៅជាងស្រាទំពាំងបាយជូរ
ហើយធ្មេញសជាងទឹកដោះ។
13សាប់យូឡូននឹងនៅតាមមាត់សមុទ្រ
វានឹងក្លាយជាកំពង់សម្រាប់នាវា
ហើយព្រំប្រទល់របស់វា
នឹងលាតសន្ធឹងទៅដល់ស្រុកស៊ីដូន។
14អ៊ីសាខារជាសត្វលាដ៏ខ្លាំង
ដែលដេកនៅចន្លោះក្រោលចៀម
15វាឃើញមានទីឈប់សម្រាកដែលស្រួល
ហើយថា ស្រុកនោះល្អ
រួចវាបានឱនស្មាទទួលនឹម
ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
16ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន
ដូចជាកុលសម្ព័ន្ធមួយរបស់អ៊ីស្រាអែល។
17ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ
ជាពស់វែកនៅតាមផ្លូវលំ
ដែលចាំចឹកកែងជើងសេះ
ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។
18ឱព្រះយេហូវ៉ាអើយ
ទូលបង្គំរង់ចាំការសង្គ្រោះរបស់ព្រះអង្គ។
19កាដនឹងមានមួយហ្វូងមកប្រជ្រៀតលើវា
តែវានឹងដេញប្រកិតតាមកែងជើងរបស់គេវិញ។
20អេស៊ើរនឹងចេះធ្វើម្ហូបអាហារយ៉ាងវិសេស
ហើយវានឹងផ្គត់ផ្គង់ព្រះស្ងោយ
យ៉ាងឆ្ងាញ់ថ្វាយស្តេច។
21ណែបថាលីជាក្តាន់ដែលគេលែង
ហើយបង្កើតកូនគួរឲ្យស្រឡាញ់ ។
22យ៉ូសែបជាមែក មានផ្លែ
ជាផ្លែដែលដុះនៅជិតរន្ធទឹក
ខ្នែង របស់វាគ្របលើកំផែងក្រុង។
23មានពួកពលធ្នូធ្វើទុក្ខដល់វាយ៉ាងសាហាវ
គេបានបាញ់ព្រួញដាក់វា
ហើយរុកគួនវាជាខ្លាំង
24តែធ្នូរបស់វានៅតែខ្លាំងពូកែ
ដៃរបស់វាមានកម្លាំង
ដោយសារព្រះហស្ត
នៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប
ដោយសារនាមព្រះអង្គដែលជាគង្វាល
គឺជាថ្មដារបស់អ៊ីស្រាអែល
25គឺដោយសារព្រះរបស់ឪពុក
ដែលព្រះអង្គនឹងជួយកូន
ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តា
ដែលនឹងប្រទានពរកូន
ព្រះពរពីលើមេឃ
ព្រះពរពីទីជម្រៅដែលនៅខាងក្រោម
ព្រះពរពីទឹកដោះ និងពីផ្ទៃផង។
26ព្រះពររបស់ពុកលើសជាងព្រះពរបុព្វបុរស
របស់ពុក ជាព្រះពរយ៉ាងធំ
ទៅដល់ចុងបង្អស់របស់ភ្នំ
ដ៏នៅអស់កល្បជានិច្ច។
សូមឲ្យព្រះពរទាំងនោះ
ស្ថិតនៅលើក្បាលយ៉ូសែប
គឺនៅលើកំពូលក្បាលអ្នក
ដែលព្រះបានញែកចេញ
ពីពួកបងប្អូនរបស់វា។
27បេនយ៉ាមីនជាឆ្កែព្រៃដែលហែកស៊ី
នៅពេលព្រឹកវាខាំស៊ីរំពា
ហើយដល់ពេលល្ងាចវាចែកគ្នា»។
28ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
លោកយ៉ាកុបទទួលមរណភាព
29បន្ទាប់មក លោកយ៉ាកុបបានផ្តាំពួកគេថា៖ «ពុកហៀបនឹងទៅជួបជុំញាតិរបស់ពុកហើយ ចូរបញ្ចុះសពពុកនៅជាមួយជីដូនជីតារបស់ពុក ក្នុងល្អាងដែលនៅចម្ការអេប្រុន ជាសាសន៍ហេតទៅ 30គឺក្នុងល្អាងដែលនៅចម្ការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេ នៅស្រុកកាណាន ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុនជាសាសន៍ហេត ទុកសម្រាប់ជាទីបញ្ចុះសព។ 31នៅទីនោះ គេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកយាយសារ៉ាជាប្រពន្ធ ហើយនៅទីនោះ គេបានបញ្ចុះសពលោកអ៊ីសាក និងលោកយាយរេបិកាជាប្រពន្ធ ហើយនៅទីនោះ ពុកក៏បានបញ្ចុះសពលេអាដែរ។ 32ចម្ការ និងល្អាងនោះគឺបានទិញពីពួកកូនចៅហេតហើយ»។ 33កាលលោកយ៉ាកុបបានផ្ដែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅ រួចក៏បានទៅជួបជុំជាមួយញាតិរបស់លោក។
Právě zvoleno:
លោកុប្បត្តិ 49: គកស១៦
Zvýraznění
Sdílet
Kopírovat

Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas
© 2016 United Bible Societies