Лого на YouVersion
Иконка за търсене

លោកុ‌ប្បត្តិ 2

2
1ដូច្នេះ ផ្ទៃ​មេឃ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​នៅលើ​មេឃ ផែន​ដី​ក៏​បានចប់​សព្វ​គ្រប់។ 2នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះ‌ទ្រង់​បាន​បញ្ចប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ព្រះ‌អង្គ​ក៏​ឈប់​សម្រាក​ពី​គ្រប់​ទាំង​កិច្ច​ការ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ 3ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ថ្ងៃ​ទី​ប្រាំពីរ ហើយ​ញែក​ថ្ងៃ​នោះ​ជា​បរិសុទ្ធ ព្រោះ​នៅ​ថ្ងៃ​នោះ ព្រះ​បាន​ឈប់​សម្រាក​ពី​គ្រប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​បង្កើត។
4នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។
ការ​បង្កើត​មនុស្ស​ប្រុស និង​មនុស្ស​ស្រី
នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ 5ផែន‌ដី​មិន​ទាន់​មាន​អ្វី​ដុះ​នៅ​ឡើយ​ទេ ក៏​មិន​ទាន់​មាន​តិណ‌ជាតិ​ណា​នៅ​ទីវាល​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មិន​បាន​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ភ្ជួរ​រាស់​ដី​ដែរ 6តែ​មាន​ទឹក​ផុស ចេញ​ពី​ដី​មក​ស្រោច‌ស្រព​លើ​ផែន‌ដី​ទាំង​មូល។ 7ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។ 8រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។ 9ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​ឲ្យ​ដី​ដុះ​គ្រប់​ដើម​ឈើ​ទាំង​អស់ ដែល​គួរ​ជា​ទី​ពេញ​ចិត្ត ហើយ​សម្រាប់​ជា​អាហារ​ផង ក៏​មាន​ដើម​ឈើ​ជីវិត និង​ដើម​ឈើ​ដឹង​ខុស​ត្រូវ នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ដែរ។
10មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន‌ច្បារ ហើយ​ហូរ​បែក​ពី​ទី​នោះ ចេញទៅ​ជា​បួន។ 11ទន្លេ​ទី​មួយ​ឈ្មោះ ពិសុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា​ទាំង​មូល ជា​ស្រុក​ដែល​មាន​មាស 12ហើយ​មាស​ដែល​មក​ពី​ស្រុក​នោះ មាន​គុណ​ភាព​ល្អ មាន​ទាំង​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។ 13ទន្លេ​ទី​ពីរ​ឈ្មោះ គីហុន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស​ទាំង​មូល។ 14ទន្លេ​ទី​បី​ឈ្មោះ ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​ចាក់​ទៅ​ខាង​កើត​ស្រុក​អាស‌ស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ អ៊ើប្រាត។
15ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។ 16ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បង្គាប់​មនុស្ស​ថា៖ «អ្នក​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​ដោយ​សេរី 17តែ​មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិ‌ភោគ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។
18ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ដែល​មនុស្ស​ប្រុស​នៅ​តែ​ម្នាក់​ឯង​មិន​ស្រួល​ទេ យើង​នឹង​បង្កើត​អ្នក​ជំនួយ​ម្នាក់​ឲ្យ​បាន​ជា​គ្នា»។ 19ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។ 20មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​សម្រាប់​អ័ដាម មិន​ឃើញ​មាន​ជំនួយ​ណា​សម្រាប់​ឲ្យ​ជួយ​គាត់​សោះ។ 21ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ដេក​លក់ រួច​ព្រះ‌អង្គ​យក​ឆ្អឹង​ជំនីរ​របស់​គាត់​មួយ ហើយ​ភ្ជិត​សាច់​ទៅ​វិញ 22ហើយ​ឆ្អឹង​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ពី​បុរស​មក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ស្ត្រី ហើយ​ក៏​នាំ​នាង​មក​ជួប​បុរសនោះ។ 23បុរស​នោះក៏​ពោល​ឡើង​ថា៖
«នេះ​ហើយ​ជា​ឆ្អឹង​ដែល​កើត​ចេញ​ពី​ឆ្អឹង​អញ
ហើយ​ជា​សាច់​ដែល​កើត​ចេញ​ពី​សាច់អញ
ត្រូវ​ហៅនាង​ថា "ស្ត្រី "
ព្រោះ​បាន​យក​ចេញ​ពី​បុរស មក»។
24ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវចាក​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​ជា‌មួយ​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​សាច់​តែ​មួយ ។ 25រី​ឯ​បុរស និង​ប្រពន្ធ​របស់​គាត់​នៅខ្លួន​ទទេ ឥត​អៀន​ខ្មាស​ឡើយ។

Маркирай стих

Споделяне

Копиране

None

Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте

YouVersion използва бисквитки, за да персонализира Вашето преживяване. Като използвате нашия уебсайт, Вие приемате използването на бисквитки, както е описано в нашата Политика за поверителност