និក្ខមនំ 36
36
1លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែលព្រះអម្ចាស់ប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីឲ្យពួកគេចេះធ្វើអ្វីៗទាំងអស់ សម្រាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់។
2លោកម៉ូសេបានអញ្ជើញលោកបេតសាលាល លោកអូហូលីអាប់ និងអ្នកជំនាញទាំងអស់ដែលព្រះអម្ចាស់ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារឲ្យចាប់ផ្ដើមធ្វើការ។ 3លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយ ប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។ 4ដូច្នេះ ពួកសិប្បករទាំងអស់ ដែលបំពេញការងារសង់ទីសក្ការៈ ទុកចោលការងាររបស់ខ្លួន 5ហើយនាំគ្នាទៅជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ការងារ ដែលព្រះអម្ចាស់បង្គាប់ឲ្យពួកយើងធ្វើ»។ 6លោកម៉ូសេបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកតង្វាយសម្រាប់សង់ទីសក្ការៈមកទៀតឡើយ។ គេក៏ឃាត់ប្រជាជនមិនឲ្យយកតង្វាយមកទៀត 7ដ្បិតរបស់របរដែលបានទទួលសម្រាប់ការងារ មានល្មមគ្រប់គ្រាន់ហើយ»។
ការសង់ព្រះពន្លា
8សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបចេរូប៊ីន។ 9ផ្ទាំងក្រណាត់ទាំងអស់មានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ 10គេបានដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀត ក៏ដេរជាប់គ្នាដែរ។ 11គេយកអំបោះពណ៌ស្វាយវេញធ្វើខ្សែ ដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ 12គេធ្វើខ្សែកងចំនួនហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកងដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរ នៅទន្ទឹមគ្នា។ 13គេធ្វើតម្ពក់មាសចំនួនហាសិប សម្រាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
14គេបានត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងពីរោមពពែ សម្រាប់គ្របពីលើព្រះពន្លា។ 15ក្រណាត់ដប់មួយផ្ទាំងនេះមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។ 16គេយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀតមកដេរភ្ជាប់គ្នាដែរ។ 17គេធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ 18គេធ្វើតម្ពក់លង្ហិនចំនួនហាសិប សម្រាប់ភ្ជាប់ក្រណាត់ជាមួយគ្នាឲ្យទៅជាមួយផ្ទាំង។ 19គេយកស្បែកពពែឈ្មោលជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតគ្របពីលើថែមទៀត។
20គេយកឈើនាងនួនមកធ្វើជាស៊ុម សម្រាប់បញ្ឈរទ្រក្រណាត់ព្រះពន្លានោះ 21ស៊ុមនីមួយៗមានកម្ពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ 22នៅលើស៊ុមនីមួយៗមានពន្លួញពីរស្របគ្នា។ 23គេធ្វើស៊ុមចំនួនម្ភៃ សម្រាប់ប៉ែកខាងត្បូងព្រះពន្លា។ 24គេធ្វើជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ 25នៅប៉ែកខាងជើងព្រះពន្លា គេធ្វើស៊ុមចំនួនម្ភៃ 26និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសម្រាប់ស៊ុមមួយ។ 27នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច គេធ្វើស៊ុមចំនួនប្រាំមួយ។ 28គេធ្វើស៊ុមពីរទៀត សម្រាប់ជ្រុងខាងក្រោយព្រះពន្លា។ 29ស៊ុមនៅជ្រុងទាំងពីរនេះ មានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ 30ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសម្រាប់ស៊ុមនីមួយៗ។ 31គេយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា 32ឈើទទឹងប្រាំសម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀត សម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។ 33គេក៏បានធ្វើឈើទទឹងដែលនៅកណ្ដាល ដើម្បីដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ 34គេយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ស្រោបមាសដែរ។
35គេធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបចេរូប៊ីន។ 36គេបានធ្វើបង្គោលបួនពីឈើនាងនួន ស្រោបមាស សម្រាប់ថ្ពក់វាំងនន រីឯតម្ពក់ក៏ធ្វើពីមាសដែរ។ គេបានធ្វើជើងទ្របួន ធ្វើអំពីប្រាក់ សម្រាប់បញ្ឈរបង្គោលទាំងនោះ។ 37រីឯទ្វារចូលព្រះពន្លា គេបានត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។ 38គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើតម្ពក់សម្រាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និងមេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រសសរប្រាំអំពីលង្ហិនដែរ។
Цяпер абрана:
និក្ខមនំ 36: គខប
Пазнака
Падзяліцца
Капіяваць
Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
Khmer Standard Version © 2005 United Bible Societies.