កិច្ចការ 6
6
ការជ្រើសរើសអ្នកបម្រើប្រាំពីររូប
1នៅគ្រានោះ កាលពួកសិស្សមានចំនួនកើនឡើង នោះពួកហេលេន ចាប់តាំងរអ៊ូរទាំទាស់នឹងពួកហេព្រើរ ព្រោះគេធ្វេសក្នុងការចែកចាយអាហារប្រចាំថ្ងៃ ដល់ពួកស្ត្រីមេម៉ាយរបស់ខ្លួន។ 2សាវកទាំងដប់ពីររូបក៏ហៅសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំទុកចោលការប្រកាសព្រះបន្ទូលរបស់ព្រះ ទៅបម្រើតុឡើយ។ 3ដូច្នេះ បងប្អូនអើយ ចូររើសប្រាំពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យបំពេញការងារនេះ។ 4ឯយើងខ្ញុំវិញ យើងខ្ញុំនឹងខំព្យាយាមក្នុងការអធិស្ឋាន និងការបម្រើព្រះបន្ទូលវិញ»។ 5ក្រុមជំនុំទាំងមូលពេញចិត្តនឹងសេចក្ដីដែលពួកសាវកមានប្រសាសន៍ ហើយគេក៏រើសយកស្ទេផាន ជាមនុស្សពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និងនីកូឡាស ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍។ 6គេនាំអ្នកទាំងនេះមកឈរនៅមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋាន ហើយដាក់ដៃលើគេ។
7ព្រះបន្ទូលរបស់ព្រះក៏កាន់តែចម្រើនឡើង ហើយចំនួនពួកសិស្សកើនឡើងយ៉ាងច្រើននៅក្រុងយេរូសាឡិម ឯពួកសង្ឃយ៉ាងច្រើនលើសលុបក៏បានប្រតិបត្តិតាមជំនឿដែរ។
គេចាប់ខ្លួនលោកស្ទេផាន
8លោកស្ទេផាន ដែលពេញដោយជំនឿ និងព្រះចេស្តា បានធ្វើការអស្ចារ្យ និងទីសម្គាល់ធំៗ នៅក្នុងចំណោមប្រជាជន។ 9ពេលនោះ មានអ្នកខ្លះមកពីសាលាប្រជុំ ដែលគេហៅថា ក្រុមសេរីភាព មកពីស្រុកគីរេន មកពីស្រុកអ័លេក្សានទ្រា មកពីស្រុកគីលីគា និងស្រុកអាស៊ី គេលើកគ្នាជជែកជាមួយលោកស្ទេផាន។ 10ប៉ុន្ដែ គេមិនអាចទប់ទល់នឹងសេចក្ដីដែលលោកមានប្រសាសន៍ដោយប្រាជ្ញា និងព្រះវិញ្ញាណបានឡើយ។ 11ដូច្នេះ គេក៏អូសទាញអ្នកខ្លះដោយសម្ងាត់ ឲ្យនិយាយថា៖ «យើងបានឮអ្នកនេះពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះ»។ 12អ្នកទាំងនោះក៏ញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកអាចារ្យ ហើយគេនាំគ្នាចូលមកចាប់គាត់ បញ្ជូនទៅក្រុមប្រឹក្សា។ 13ពួកគេបានរៀបចំសាក្សីក្លែងឲ្យនិយាយថា៖ «ជននេះចេះតែពោលពាក្យប្រឆាំងនឹងទីបរិសុទ្ធ និងក្រឹត្យវិន័យ 14ដ្បិតយើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតនេះ នឹងបំផ្លាញកន្លែងនេះចោល ហើយបំផ្លាស់បំប្រែទំនៀមទម្លាប់ ដែលលោកម៉ូសេបានទុកឲ្យយើងទៀតផង!» 15អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាទាំងប៉ុន្មាន សម្លឹងមើលមុខលោកស្ទេផានគ្រប់គ្នា ហើយគេឃើញមុខរបស់លោក ដូចជាមុខទេវតា។
Tans Gekies:
កិច្ចការ 6: គកស១៦
Kleurmerk
Deel
Kopieer

Wil jy jou kleurmerke oor al jou toestelle gestoor hê? Teken in of teken aan
© 2016 United Bible Societies