ភីលីព 2

2
អ៊ីសា​បន្ទាប​ខ្លួន និង​ទទួល​សិរី‌រុង‌រឿង
1ដូច្នេះ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់‌តឿន អ្វី​មួយ ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ពិត​ជា​លើក​ទឹក​ចិត្ដ​បង​ប្អូន ប្រសិន​បើ​រស‌អុលឡោះ​ពិត​ជា​ប្រទាន​ឲ្យ​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​មាន​ចិត្ដ​អាណិត​អាសូរ និង​ចិត្ដ​មេត្ដា‌ករុណា 2សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បង​ប្អូន​មាន​ចិត្ដ​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ដ​ថ្លើម​តែ​មួយ និង​មាន​ឆន្ទៈ​តែ​មួយ។ 3កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា​ប្រសើរ​ជាង​ខ្លួន។ 4ក្នុង​ចំណោម​បង​ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ ។ 5អាល់ម៉ា‌ហ្សៀស‌អ៊ីសា​មាន​ចិត្ដ​គំនិត​យ៉ាង​ណា បង​ប្អូន​ត្រូវ​មាន​ចិត្ដ​គំនិត​យ៉ាង​នោះ​ដែរ។
6ទោះ‌បី​អ៊ីសា​មាន​ភាព​ជា​អុលឡោះ
ក៏​ដោយ ក៏​គាត់​ពុំ​បាន​ក្ដោប‌ក្ដាប់
ឋានៈ​ដែល​ស្មើ​នឹង​អុលឡោះ
ទុក​ជា​កម្ម‌សិទ្ធិ​ដាច់​មុខ​របស់​គាត់​ឡើយ។
7ផ្ទុយ​ទៅ​វិញ អ៊ីសា​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់
មក​យក​ឋានៈ​ជា​អ្នក​បម្រើ
អ៊ីសា​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ
ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា
មនុស្ស​សាមញ្ញ​ដែរ។
8អ៊ីសា​បាន​ដាក់​ខ្លួន ធ្វើ​តាម​បញ្ជា​របស់​អុលឡោះ
រហូត​ដល់​ស្លាប់
គឺ​ស្លាប់​លើ​ឈើ​ឆ្កាង
ថែម​ទៀត​ផង។
9ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ
លើក​តម្កើង​អ៊ីសា​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត
ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​គាត់
មាន​នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់
10ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់
ទាំង​នៅ​សូរ៉ក
ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី
នាំ​គ្នា​លុត​ជង្គង់​ចុះ​
នៅ​ពេល​ណា​ឮ​នាម​អ៊ីសា
11និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា
អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់
ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ
ជា​បិតា។
អូមាត់‌អ៊ីសា​ជា​ពន្លឺ​ពិភព‌លោក
12ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​ដូច​បង​ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​សូម​បង​ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង​ប្អូន​បាន​ទទួល 13ដ្បិត​អុលឡោះ​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ដ​តាម​បំណង​ដ៏​សប្បុរស​របស់​ទ្រង់។ 14ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ 15ដើម្បី​ឲ្យ​បង​ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​អុលឡោះ​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិលខូច​នៅ​ជំនាន់​នេះ។ បង​ប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភព‌លោក 16ទាំង​នាំ​បន្ទូល​របស់​អុលឡោះ​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​អាល់ម៉ា‌ហ្សៀស​មក ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។ 17ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម ទុក​ជា​ជំនូន​បន្ថែម​ពី​លើ​គូរបាន និង​ពី​លើ​ជំនូន​នៃ​ជំនឿ​របស់​បង​ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ដ​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។ 18រីឯ​បង​ប្អូន​វិញ សូម​ឲ្យ​បង​ប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ដ​រួម​ជា​មួយ​ខ្ញុំ​ផង។
បេសក‌កម្ម​របស់​លោក​ធីម៉ូ‌ថេ និង​លោក​អេប៉ោ‌ប្រូឌីត
19ដោយ​រួម​ជា​មួយ​អ៊ីសា​ជាអម្ចាស់ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​លោក​ធីម៉ូ‌ថេ​មក​រក​បង​ប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ដ​ដោយ​ទទួល​ដំណឹង​ពី​បង​ប្អូន 20ដ្បិត​ក្រៅ​ពី​គាត់​គ្មាន​នរណា​ជួយ​រំលែក​ទឹក​ចិត្ដ​របស់​ខ្ញុំ ហើយ​គ្មាន​នរណា​ខ្វល់‌ខ្វាយ​នឹង​បង​ប្អូន​ពិត​ប្រាកដ​ទេ។ 21អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ទេ។ 22បង​ប្អូន​ជ្រាប​អំពី​ទឹក​ចិត្ដ​របស់​គាត់​ស្រាប់​ហើយ​ថា គាត់​ពួត​ដៃ​ជា​មួយ​ខ្ញុំ ដូច​កូន​នឹង​ឪពុក​ដើម្បី​បម្រើ​ដំណឹង‌ល្អ។ 23ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ណា​រឿង‌រ៉ាវ​ខ្ញុំ​បាន​ជ្រះ​ស្រឡះ។ 24ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​មុខ​ជា​មក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។
25ខ្ញុំ​យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ោ‌ប្រូឌីត​ជា​បង​ប្អូន និង​ជា​សហ‌ការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ឲ្យ​មក​រក​បង​ប្អូន​ជា​ចាំ‌បាច់។ បង​ប្អូន​បាន​ចាត់​គាត់​ឲ្យ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។ 26គាត់​មាន​បំណង​ចង់​មក​ជួប​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​ពិបាក​ចិត្ដ ព្រោះ​បង​ប្អូន​បាន​ទទួល​ដំណឹង​ថា​គាត់​មាន​ជំងឺ។ 27គាត់​ឈឺ​ធ្ងន់ ជិត​ស្លាប់​មែន ក៏​ប៉ុន្ដែ អុលឡោះ​អាណិត​គាត់ គឺ​ទ្រង់​មិន​ត្រឹម​តែ​អាណិត​គាត់​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។ 28ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ខ្នះ‌ខ្នែង​ចាត់​គាត់​ឲ្យ​មក​ជួប​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​មាន​អំណរ​សប្បាយ​ដោយ​ឃើញ​គាត់​សា​ជា​ថ្មី ហើយ​ឲ្យ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ដ។ 29សូម​ទទួល​គាត់​ទុក​ដូច​ជា​បង​ប្អូន​រួម​ជំនឿដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង 30ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។

高亮显示

分享

复制

None

想要在所有设备上保存你的高亮显示吗? 注册或登录