ភីលីព 3
3
របៀបរស់នៅស្របតាមអុលឡោះ
1មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយអ៊ីសាជាអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះដើម្បីពង្រឹងជំនឿរបស់បងប្អូន។
2ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកខតាន់ក្លែងក្លាយ 3ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកខតាន់ពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំអុលឡោះ តាមរសអុលឡោះ យើងអួតអាងលើអាល់ម៉ាហ្សៀសអ៊ីសា យើងមិនពឹងផ្អែកលើលោកីយ៍ទេ។ 4ខ្ញុំក៏មានហេតុនឹងពឹងផ្អែកលើលោកីយ៍បានដែរ។ ប្រសិនបើអ្នកឯទៀតៗស្មានថា ខ្លួនអាចពឹងផ្អែកលើលោកីយ៍ ខ្ញុំរឹតតែមានហេតុពឹងផ្អែកលើលោកីយ៍ច្រើនជាងអ្នកនោះទៅទៀត 5គឺខ្ញុំបានទទួលពិធីខតាន់ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រអែលក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកហ៊ូកុំវិញ ខ្ញុំនៅខាងគណៈផារីស៊ី 6បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំអះទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមហ៊ូកុំនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។ 7ក៏ប៉ុន្ដែ អ្វីៗដែលខ្ញុំធ្លាប់គិតថា មានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែអាល់ម៉ាហ្សៀស 8គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់អាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែគាត់ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមឲ្យតែខ្ញុំបានអាល់ម៉ាហ្សៀស 9និងឲ្យតែខ្ញុំបានរួមជាមួយគាត់។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមហ៊ូកុំនោះឡើយ គឺបានសុចរិត ដោយជឿលើអាល់ម៉ាហ្សៀស ហើយសេចក្ដីសុចរិតនេះមកពីអុលឡោះ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ 10បំណងរបស់ខ្ញុំ គឺចង់ស្គាល់អាល់ម៉ាហ្សៀស និងស្គាល់អំណាចដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយគាត់ដែលរងទុក្ខលំបាក ហើយឲ្យបានដូចគាត់ដែលស្លាប់ 11ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។
ការសង្វាតឲ្យបានគ្រប់លក្ខណៈ
12ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ ក៏ត្រូវអាល់ម៉ាហ្សៀសអ៊ីសាចាប់ខ្ញុំជាមុនដែរ។ 13បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្ដឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ 14ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីអុលឡោះ ដែលទ្រង់បានត្រាស់ហៅយើងពីសូរ៉កា ឲ្យទទួលរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។ 15ដូច្នេះ យើងទាំងអស់គ្នាដែលជា «មនុស្សគ្រប់លក្ខណៈ» ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុចណាមួយ អុលឡោះមុខជាបំភ្លឺបងប្អូនឲ្យដឹងមិនខាន។ 16ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។
17បងប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅ ស្របតាមគំរូដែលយើងបានដាក់ឲ្យបងប្អូនឃើញនោះទៅ។ 18ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់ រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់អាល់ម៉ាហ្សៀស។ 19ដល់ទីបំផុតអ្នកទាំងនោះត្រូវវិនាសអន្ដរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្ដិយសហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ 20រីឯយើងវិញ មាតុភូមិរបស់យើងនៅសូរ៉កា ហើយយើងនៅទន្ទឹងរង់ចាំអ្នកសង្គ្រោះ គឺអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់មកពីសូរ៉កានោះ។ 21គាត់នឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចរូបកាយ ប្រកបដោយសិរីរុងរឿងរបស់គាត់ដោយអំណាច ដែលធ្វើឲ្យគាត់បង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់គាត់។
© 2014 United Bible Societies, UK.