ទំនុកតម្កើង 145
145
ប្រកាសព្រះចេស្ដារបស់ព្រះ
ចម្រៀងសរសើរតម្កើងរបស់ដាវីឌ។
1ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច!
2ទូលបង្គំនឹងថ្វាយពរព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!
3ព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង;
ភាពធំឧត្ដមរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។
4ជំនាន់មួយនឹងសរសើរកិច្ចការរបស់ព្រះអង្គដល់ជំនាន់មួយទៀត
ហើយប្រកាសកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ។
5ទូលបង្គំនឹងសញ្ជឹងគិតអំពីភាពឧត្ដុង្គឧត្ដមនៃអានុភាពដ៏រុងរឿងរបស់ព្រះអង្គ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
6គេនឹងនិយាយអំពីឫទ្ធានុភាពគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ
ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពធំឧត្ដមរបស់ព្រះអង្គដែរ។
7គេនឹងបង្ហូរចេញនូវកេរ្តិ៍ឈ្មោះនៃសេចក្ដីល្អដ៏បរិបូររបស់ព្រះអង្គ
ហើយច្រៀងដោយអំណរអំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដែរ។
8ព្រះយេហូវ៉ាមានព្រះគុណ និងមានសេចក្ដីមេត្តាករុណា
ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់!
9ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់
ហើយសេចក្ដីមេត្តារបស់ព្រះអង្គនៅលើអស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ។
10ព្រះយេហូវ៉ាអើយ
អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គនឹងអរព្រះគុណព្រះអង្គ
ហើយពួកវិសុទ្ធជនរបស់ព្រះអង្គនឹងថ្វាយពរព្រះអង្គ!
11គេនឹងនិយាយអំពីសិរីរុងរឿងនៃរាជ្យអំណាចរបស់ព្រះអង្គ
ក៏នឹងប្រកាសអំពីព្រះចេស្ដារបស់ព្រះអង្គដែរ
12ដើម្បីឲ្យមនុស្សលោកស្គាល់កិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ
និងសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមនៃរាជ្យអំណាចរបស់ព្រះអង្គ។
13រាជ្យអំណាចរបស់ព្រះអង្គ ជារាជ្យអំណាចដ៏អស់កល្បជានិច្ច
ហើយអំណាចគ្រងរាជ្យរបស់ព្រះអង្គនៅគ្រប់ជំនាន់ទាំងអស់។
14ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល
ហើយលើកអស់អ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ។
15ភ្នែកទាំងអស់រំពឹងមើលទៅព្រះអង្គ
ហើយព្រះអង្គក៏ប្រទានអាហារដល់ពួកគេតាមពេលកំណត់។
16ព្រះអង្គលាព្រះហស្តរបស់ព្រះអង្គ
ហើយចម្អែតបំណងនៃរបស់សព្វសារពើដែលមានជីវិត។
17ព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ
ហើយពិតត្រង់ក្នុងអស់ទាំងកិច្ចការរបស់ព្រះអង្គ។
18ព្រះយេហូវ៉ាគង់នៅជិតអស់អ្នកដែលស្រែកហៅព្រះអង្គ
គឺអស់អ្នកដែលស្រែកហៅព្រះអង្គដោយសេចក្ដីពិតត្រង់។
19ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច
ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។
20ព្រះយេហូវ៉ាទ្រង់ថែរក្សាអស់អ្នកដែលស្រឡាញ់ព្រះអង្គ
ប៉ុន្តែព្រះអង្គបំផ្លាញអស់ទាំងមនុស្សអាក្រក់វិញ។
21មាត់របស់ខ្ញុំនឹងថ្លែងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។
ចូរឲ្យគ្រប់ទាំងសាច់ថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!៕
Trenutno izabrano:
ទំនុកតម្កើង 145: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative