ទំនុកតម្កើង 144
144
ប្រជារាស្ត្រដ៏មានព្រះពរ
បទតម្កើង#144:0 បទតម្កើង―ជាពាក្យជំនួយ។របស់ដាវីឌ។
1សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាថ្មដារបស់ខ្ញុំ
ជាព្រះអង្គដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់សង្គ្រាម
ក៏បង្វឹកម្រាមដៃរបស់ខ្ញុំសម្រាប់ចម្បាំង។
2ព្រះអង្គជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ
ជាបន្ទាយរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ
ជាព្រះរំដោះរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ
ជាព្រះអង្គដែលខ្ញុំជ្រកកោនក្នុងព្រះអង្គ;
គឺព្រះអង្គហើយ ដែលបង្ក្រាបប្រជារាស្ត្ររបស់ខ្ញុំឲ្យនៅក្រោមខ្ញុំ។
3ព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ?
តើកូនមនុស្សជាអ្វី បានជាព្រះអង្គគិតគូរដល់គេ?
4មនុស្សប្រៀបដូចជាមួយដង្ហើមប៉ុណ្ណោះ
ថ្ងៃអាយុរបស់គេប្រៀបដូចជាស្រមោលដែលបាត់ទៅ។
5ព្រះយេហូវ៉ាអើយ សូមបង្អោនផ្ទៃមេឃរបស់ព្រះអង្គ ហើយយាងចុះមក!
សូមពាល់ភ្នំនានា នោះវានឹងហុយឡើង!
6សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយខ្មាំងសត្រូវផង!
សូមបាញ់ព្រួញរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេជ្រួលច្របល់ផង!
7សូមលូកព្រះហស្តរបស់ព្រះអង្គពីស្ថានដ៏ខ្ពស់មក;
សូមដោះទូលបង្គំឲ្យរួច ហើយរំដោះទូលបង្គំពីទឹកដ៏ច្រើន និងពីកណ្ដាប់ដៃរបស់ជនបរទេសផង
8ដែលមាត់របស់ពួកគេនិយាយសេចក្ដីមិនពិត
ហើយដៃស្ដាំរបស់ពួកគេជាដៃស្ដាំដែលស្បថដោយកុហក។
9ឱព្រះអើយ ទូលបង្គំនឹងច្រៀងចម្រៀងថ្មីទៅកាន់ព្រះអង្គ
ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់!
10គឺព្រះអង្គហើយ ដែលប្រទានការសង្គ្រោះដល់បណ្ដាស្ដេច!
គឺព្រះអង្គហើយ ដែលដោះដាវីឌបាវបម្រើរបស់ព្រះអង្គ ឲ្យរួចពីដាវដ៏អាក្រក់!
11សូមដោះទូលបង្គំឲ្យរួច ហើយរំដោះទូលបង្គំពីកណ្ដាប់ដៃរបស់ជនបរទេសផង
ដែលមាត់របស់ពួកគេនិយាយសេចក្ដីមិនពិត
ហើយដៃស្ដាំរបស់ពួកគេជាដៃស្ដាំដែលស្បថដោយកុហក។
12ពួកកូនប្រុសរបស់យើងនឹងបានដូចជាកូនឈើដែលលូតលាស់ក្នុងយុវភាពរបស់វា
ពួកកូនស្រីរបស់យើងនឹងបានដូចជាសសរកណ្ដាលដែលត្រូវបានឆ្លាក់តាមរបៀបរាជវាំង។
13ជង្រុករបស់យើងនឹងបានពេញ ព្រមទាំងផ្ដល់ផលផ្លែគ្រប់មុខផង
ហ្វូងចៀមរបស់យើងនឹងកើនឡើងរាប់ពាន់រាប់ម៉ឺនតាមទីវាលរបស់យើង។
14ហ្វូងគោរបស់យើងនឹងផ្ទុកភោគផលជាច្រើន#144:14 ហ្វូងគោរបស់យើងនឹងផ្ទុកភោគផលជាច្រើន―ឬ “ហ្វូងគោរបស់យើងនឹងផើម”។;
គ្មានចន្លោះបាក់បែក គ្មានការជម្លៀស ហើយក៏គ្មានសម្រែកទ្រហោយំនៅកន្លែងសាធារណៈរបស់យើងដែរ។
15មានពរហើយ ប្រជារាស្ត្រដែលមានសណ្ឋានដូច្នេះ!
មានពរហើយ ប្រជារាស្ត្រដែលមានព្រះយេហូវ៉ាជាព្រះរបស់ខ្លួន!៕
Trenutno izabrano:
ទំនុកតម្កើង 144: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative