Logo Aplikacije Biblija
Dugme za pretraživanje

ទំនុកតម្កើង 143

143
សុំព្រះឲ្យសង្គ្រោះ និងដឹកនាំ
បទតម្កើង​របស់​ដាវីឌ​។
1ព្រះយេហូវ៉ា​អើយ
សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង
សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​!
សូម​ឆ្លើយ​មក​ទូលបង្គំ ស្របតាម​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​!
2សូម​កុំ​នាំ​បាវបម្រើ​របស់ព្រះអង្គ​ទៅក្នុង​ការជំនុំជម្រះ​ឡើយ
ដ្បិត​នៅចំពោះ​ព្រះអង្គ គ្មាន​មនុស្ស​រស់​ណាម្នាក់​សុចរិត​ឡើយ​។
3សត្រូវ​តាមបៀតបៀន​ព្រលឹង​របស់ទូលបង្គំ
គេ​បាន​ជាន់ឈ្លី​ជីវិត​របស់ទូលបង្គំ​ដល់​ដី
គេ​បាន​ធ្វើឲ្យ​ទូលបង្គំ​រស់នៅ​ក្នុង​ទីងងឹត ដូចជា​មនុស្សដែល​ស្លាប់​ជាយូរមកហើយ​។
4ដោយហេតុនេះ វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ
ចិត្ត​របស់ទូលបង្គំ​តក់ស្លុត​នៅក្នុង​ទូលបង្គំ​។
5ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ
ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ
ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។
6ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ
ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ ដូចជា​ដី​ហួតហែង​។
សេឡា
7ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង
វិញ្ញាណ​របស់ទូលបង្គំ​អស់ទៅ​ហើយ​!
សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ
ក្រែងលោ​ទូលបង្គំ​បាន​ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។
8សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង
ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​;
សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង
ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។
9ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​សត្រូវ​របស់ទូលបង្គំ​ផង
ទូលបង្គំ​បាន​រត់មកលាក់ខ្លួន​នៅក្នុង​ព្រះអង្គ​ហើយ​!
10សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​ផង
ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​;
សូមឲ្យ​ព្រះវិញ្ញាណ​ដ៏ល្អ​របស់ព្រះអង្គ នាំផ្លូវ​ទូលបង្គំ​ទៅ​ទឹកដី​រាបស្មើ​ផង​។
11ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ​ផង
សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ទុក្ខវេទនា ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង
ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។
12ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ
សូម​បំផ្លាញជីវិត​ពួក​សត្រូវ​របស់ទូលបង្គំ
ហើយ​កម្ទេច​អស់ទាំង​បច្ចាមិត្ត​នៃ​ព្រលឹង​របស់ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ​!​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi