សុភាសិត 8
8
ពាក្យស្រែកហៅរបស់ប្រាជ្ញា
1តើប្រាជ្ញាមិនស្រែកហៅទេឬ?
តើការយល់ដឹងមិនបន្លឺសំឡេងទេឬ?
2នាងឈរលើកំពូលនៃកន្លែងខ្ពស់ក្បែរផ្លូវ
នៅកន្លែងផ្លូវប្រសព្វ
3នៅក្បែរទ្វារក្រុង នៅខ្លោងទ្វារទីក្រុង
នៅច្រកចូលទ្វារ ទាំងស្រែកយ៉ាងខ្លាំងថា៖
4“មនុស្សអើយ ខ្ញុំស្រែកហៅអ្នករាល់គ្នា
នេះជាសំឡេងរបស់ខ្ញុំដល់មនុស្សលោក!
5មនុស្សខ្វះចំណេះដឹងអើយ ចូរយល់ច្បាស់នូវសេចក្ដីឆ្លាតវៃចុះ!
មនុស្សល្ងង់អើយ ចូរយល់ច្បាស់នូវប្រាជ្ញាចុះ!
6ចូរស្ដាប់ចុះ! ដ្បិតខ្ញុំនិយាយអំពីសេចក្ដីល្អប្រសើរ
បបូរមាត់របស់ខ្ញុំបើកបញ្ចេញសេចក្ដីទៀងត្រង់;
7មាត់របស់ខ្ញុំថ្លែងសេចក្ដីពិត
រីឯសេចក្ដីអាក្រក់ជាទីស្អប់ខ្ពើមដល់បបូរមាត់របស់ខ្ញុំ។
8អស់ទាំងពាក្យពីមាត់របស់ខ្ញុំជាសេចក្ដីសុចរិត
ក្នុងពាក្យទាំងនេះ គ្មានអ្វីក្រវិចក្រវៀន ឬវៀចវេរឡើយ។
9ពាក្យទាំងនេះសុទ្ធតែប្រាកដច្បាស់ដល់អ្នកដែលយល់ច្បាស់
ហើយសុទ្ធតែទៀងត្រង់ដល់អ្នកដែលរកឃើញចំណេះដឹង។
10ចូរទទួលយកការប្រៀនប្រដៅរបស់ខ្ញុំចុះ គឺមិនមែនប្រាក់ទេ;
ចូរទទួលយកចំណេះដឹង ជាជាងមាសដែលសម្រិតសម្រាំង;
11ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម
ហើយអស់ទាំងសេចក្ដីប្រាថ្នាក៏មិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។
12ខ្ញុំជាប្រាជ្ញា ខ្ញុំរស់នៅជាមួយសេចក្ដីឆ្លាតវៃ
ហើយខ្ញុំរកបានចំណេះដឹង និងសមត្ថភាពពិចារណា។
13ការកោតខ្លាចព្រះយេហូវ៉ា គឺស្អប់សេចក្ដីអាក្រក់;
ខ្ញុំស្អប់ភាពក្រអឺតក្រទម អំនួត ផ្លូវនៃសេចក្ដីអាក្រក់ និងមាត់នៃសេចក្ដីកំហូច។
14ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ;
ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។
15ដោយសារតែខ្ញុំ ស្ដេចទាំងឡាយគ្រងរាជ្យ
ហើយបណ្ដាមេគ្រប់គ្រងស្ថាបនាសេចក្ដីសុចរិតយុត្តិធម៌។
16ដោយសារតែខ្ញុំ ពួកអ្នកដឹកនាំបានគ្រប់គ្រង
គឺពួកអភិជន និងអស់ទាំងចៅក្រមដ៏យុត្តិធម៌។
17ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ
ហើយអ្នកដែលខំប្រឹងស្វែងរកខ្ញុំ នឹងរកខ្ញុំឃើញ។
18ភាពស្ដុកស្ដម្ភ និងសិរីរុងរឿងនៅជាមួយខ្ញុំ
ទ្រព្យសម្បត្តិដ៏នៅគង់វង្ស និងសេចក្ដីសុចរិតក៏នៅជាមួយខ្ញុំដែរ។
19ផលផ្លែរបស់ខ្ញុំប្រសើរជាងមាស គឺប្រសើរជាងមាសសុទ្ធទៅទៀត
រីឯភោគផលរបស់ខ្ញុំក៏ប្រសើរជាងប្រាក់ដែលសម្រិតសម្រាំងដែរ។
20ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត
គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌
21ដើម្បីឲ្យអ្នកដែលស្រឡាញ់ខ្ញុំ បានទទួលទ្រព្យសម្បត្តិជាមរតក
ដើម្បីឲ្យខ្ញុំបានបំពេញឃ្លាំងរបស់ពួកគេ។
22ព្រះយេហូវ៉ាមានខ្ញុំហើយ តាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក#8:22 ការនិម្មិតបង្កើតពិភពលោក―ន័យត្រង់គឺ “ផ្លូវរបស់ព្រះអង្គ”។
គឺមុនកិច្ចការពីបុរាណកាលរបស់ព្រះអង្គទៅទៀត។
23ខ្ញុំត្រូវបានតាំងឡើង តាំងពីយូរលង់
តាំងពីដើមដំបូង តាំងពីមុនមានផែនដី។
24កាលមិនទាន់មានទីជម្រៅ
គឺកាលមិនទាន់មានប្រភពដែលទឹកផុសឡើង
ខ្ញុំបានកើតមកហើយ;
25មុនភ្នំនានា និងទីទួលនានាត្រូវបានចាក់គ្រឹះ
ខ្ញុំបានកើតមកហើយ;
26គឺកាលព្រះអង្គមិនទាន់បង្កើតផែនដី
ឬស្រែចម្ការ
ឬធូលីដំបូងនៃពិភពលោកនៅឡើយ។
27កាលព្រះអង្គតាំងបណ្ដាមេឃឡើង ខ្ញុំបាននៅទីនោះ——
កាលព្រះអង្គស្ថាបនាដំបូលក្រឡូមនៅលើផ្ទៃនៃទីជម្រៅ
28កាលព្រះអង្គតាំងពពកនៅខាងលើ
កាលព្រះអង្គធ្វើឲ្យប្រភពទឹកនៃទីជម្រៅផុសចេញ
29កាលព្រះអង្គកំណត់ព្រំដែនឲ្យសមុទ្រ ដើម្បីកុំឲ្យទឹកឡើងរំលងសេចក្ដីបង្គាប់របស់ព្រះអង្គ
កាលព្រះអង្គស្ថាបនាគ្រឹះនៃផែនដី——
30នៅគ្រានោះ ខ្ញុំគឺជាជាងជំនាញនៅក្បែរព្រះអង្គ
ក៏ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គជារៀងរាល់ថ្ងៃ
ទាំងសើចសប្បាយនៅចំពោះព្រះអង្គគ្រប់ពេល;
31ខ្ញុំសើចសប្បាយចំពោះពិភពលោកទាំងមូលរបស់ព្រះអង្គ
ហើយក៏ពេញចិត្តនឹងមនុស្សលោកដែរ។
32ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំចុះ!
មានពរហើយ អ្នកដែលរក្សាផ្លូវរបស់ខ្ញុំ!
33ចូរស្ដាប់សេចក្ដីប្រៀនប្រដៅ ហើយឲ្យមានប្រាជ្ញាចុះ
កុំធ្វើព្រងើយឡើយ។
34មានពរហើយ
មនុស្សដែលស្ដាប់តាមខ្ញុំដោយចាំយាមនៅមាត់ទ្វាររបស់ខ្ញុំជារៀងរាល់ថ្ងៃ
ទាំងរង់ចាំនៅសសរទ្វាររបស់ខ្ញុំ!
35ជាការពិត អ្នកដែលរកឃើញខ្ញុំ គឺរកឃើញជីវិត
ហើយទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា
36ប៉ុន្តែអ្នកដែលឃ្វាងពីខ្ញុំ អ្នកនោះកំពុងតែធ្វើទុក្ខព្រលឹងរបស់ខ្លួន;
អស់អ្នកដែលស្អប់ខ្ញុំ គឺស្រឡាញ់សេចក្ដីស្លាប់”៕
Trenutno izabrano:
សុភាសិត 8: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative