សុភាសិត 7
7
1កូនរបស់ខ្ញុំអើយ ចូររក្សាពាក្យរបស់ខ្ញុំ
ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នកចុះ!
2ចូរកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ ហើយមានជីវិតរស់ចុះ;
ចូរកាន់តាមសេចក្ដីបង្រៀនរបស់ខ្ញុំដូចជាប្រស្រីភ្នែករបស់អ្នក។
3ចូរចងវាភ្ជាប់នឹងម្រាមដៃអ្នក
ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក
4ចូរនិយាយនឹងប្រាជ្ញាថា៖ “អ្នកជាបងប្អូនស្រីរបស់ខ្ញុំ”
ចូរហៅការយល់ដឹងថាសាច់ញាតិ។
5នេះគឺដើម្បីការពារអ្នកពីស្ត្រីផិតក្បត់
ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង។
រឿងអំពីការល្បួង
6ដ្បិតពីបង្អួចផ្ទះរបស់ខ្ញុំ
ខ្ញុំបានអើតមើលតាមចម្រឹង
7ក៏ឃើញក្នុងចំណោមមនុស្សខ្វះចំណេះដឹង
ហើយសង្កេតឃើញក្នុងចំណោមយុវជន
មានយុវជនម្នាក់ដែលខ្វះវិចារណញ្ញាណ។
8គាត់ឆ្លងកាត់តាមផ្លូវតូចនៅក្បែរកែងផ្លូវរបស់ស្ត្រីនោះ
ក៏ដើរតាមផ្លូវទៅផ្ទះរបស់នាង
9គឺនៅពេលថ្ងៃលិច នៅពេលល្ងាច
នៅពាក់កណ្ដាលយប់ងងឹតសូន្យ។
10ពេលនោះ មើល៍! មានស្ត្រីម្នាក់មកជួបគាត់ ដោយសម្លៀកបំពាក់ជាស្ត្រីពេស្យា
ទាំងមានឧបាយកលក្នុងចិត្ត។
11នាងឡូឡា ហើយសេពអបាយមុខ;
ជើងរបស់នាងមិនចេះនៅផ្ទះរបស់ខ្លួនឡើយ។
12ជួនកាលនាងនៅតាមផ្លូវ
ជួនកាលនាងនៅតាមកន្លែងសាធារណៈ
ទាំងសម្ងំចាំនៅគ្រប់កែងផ្លូវ។
13នាងចាប់កំលោះនោះ ហើយថើបគាត់
ក៏និយាយនឹងគាត់ដោយមុខក្រាស់ថា៖
14“មានយញ្ញបូជានៃតង្វាយមេត្រីនៅនឹងខ្ញុំ#7:14 មានយញ្ញបូជានៃតង្វាយមេត្រីនៅនឹងខ្ញុំ―ឬ “ខ្ញុំត្រូវតែថ្វាយយញ្ញបូជានៃតង្វាយមេត្រី”។
ថ្ងៃនេះ ខ្ញុំបានលាបំណន់របស់ខ្ញុំហើយ
15ហេតុនេះហើយបានជាខ្ញុំចេញមកជួបអ្នក ដើម្បីខំរកមុខអ្នក
ឥឡូវនេះ ខ្ញុំរកអ្នកឃើញហើយ។
16ខ្ញុំបានក្រាលកម្រាលលើគ្រែខ្ញុំ
ជាក្រណាត់ប៉ាក់ធ្វើពីអំបោះផាឌិបអេហ្ស៊ីប;
17ខ្ញុំបានអប់គ្រែខ្ញុំដោយជ័រល្វីងទេស ក្រឹស្នា និងឈើអែម។
18មក៍! ចូរឲ្យយើងបានស្កប់ស្កល់នឹងក្ដីស្នេហ៍រហូតដល់ព្រឹក
ចូរឲ្យយើងបានត្រេកត្រអាលជាមួយនឹងស្នេហា
19ពីព្រោះប្ដីខ្ញុំអត់នៅផ្ទះទេ
គាត់បានចេញដំណើរទៅឆ្ងាយហើយ។
20គាត់បានយកថង់ប្រាក់ក្នុងដៃ
ដល់ថ្ងៃពេញបូណ៌មី ទើបគាត់មកផ្ទះវិញ”។
21នាងបានល្បួងកំលោះនោះដោយហេតុផលជាច្រើន
នាងអូសទាញគាត់ដោយភាពរលូននៃបបូរមាត់របស់នាង។
22គាត់ក៏ទៅតាមនាងភ្លាម ដូចជាគោទៅទីពិឃាត
ដូចជាមនុស្សល្ងីល្ងើត្រូវគេដាក់ខ្នោះជើងយកទៅវាយប្រដៅ#7:22 មនុស្សល្ងីល្ងើត្រូវគេដាក់ខ្នោះជើងយកទៅវាយប្រដៅ―ឬ “ក្ដាន់ដែលលោតចូលអន្ទាក់”។
23រហូតដល់ព្រួញទម្លុះថ្លើមខ្លួន——
គាត់ក៏ដូចសត្វស្លាបដែលប្រញាប់ចូលអន្ទាក់
ប៉ុន្តែគាត់មិនដឹងថាការនេះដកយកព្រលឹងរបស់ខ្លួនឡើយ។
24ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ
ហើយប្រុងស្ដាប់ពាក្យពីមាត់របស់ខ្ញុំចុះ!
25កុំឲ្យចិត្តអ្នកបែរចេញទៅរកផ្លូវរបស់នាងឡើយ
ក៏កុំឲ្យវង្វេងទៅតាមគន្លងរបស់នាងដែរ។
26ជាការពិត នាងបានធ្វើឲ្យជនរងគ្រោះជាច្រើនដួល
ហើយអស់អ្នកដែលត្រូវនាងសម្លាប់ក៏មានច្រើនរាប់មិនអស់ដែរ។
27ផ្ទះនាងជាផ្លូវទៅស្ថានមនុស្សស្លាប់
ដែលនាំចុះទៅទីឃុំឃាំងនៃសេចក្ដីស្លាប់៕
Trenutno izabrano:
សុភាសិត 7: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative