Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 31

31
រាជឱង្ការរបស់ព្រះបាទលេមូអែល
1រាជឱង្ការ​របស់​ព្រះបាទ​លេមូអែល ជា​ពាក្យព្យាករ​ដែល​មាតា​របស់ទ្រង់​បាន​អប់រំ​ទ្រង់​:
2ឱ​កូន​ម្ដាយ​អើយ​!
ឱ​កូន​នៃ​ផ្ទៃ​ម្ដាយ​អើយ​!
ឱ​កូន​នៃ​បំណន់​របស់​ម្ដាយ​អើយ​!
3កុំ​ប្រគល់​កម្លាំង​របស់កូន​ទៅ​ស្រី
ឬ​ប្រគល់​ផ្លូវ​របស់កូន​ទៅ​អ្នកដែល​បំផ្លាញ​បណ្ដា​ស្ដេច​ឡើយ​។
4មិនមែន​សម្រាប់​ស្ដេច​ទេ ឱ​លេមូអែល​អើយ​!
គឺ​ស្រា​មិនមែន​សម្រាប់​ស្ដេច​សោយ​ទេ
ហើយ​គ្រឿងស្រវឹង​ក៏​មិនមែន​សម្រាប់ឲ្យ​មេគ្រប់គ្រង​ចង់បាន​ដែរ
5ក្រែងលោ​គេ​បាន​ផឹក រួច​ភ្លេច​សេចក្ដី​ដែល​ត្រូវបាន​បញ្ញត្តឡើង
ហើយ​បង្ខូច​រឿងក្ដី​របស់​អស់ទាំង​ប្រជារាស្ត្រ​ដែល​រងទុក្ខវេទនា​។
6ចូរ​ឲ្យ​គ្រឿងស្រវឹង​ដល់​អ្នកដែល​កំពុង​វិនាស
ក៏​ឲ្យ​ស្រាទំពាំងបាយជូរ​ដល់​ពួកអ្នកដែល​មាន​សេចក្ដីល្វីងជូរចត់នៃព្រលឹង​ផង​។
7កាលណា​គេ​ផឹក ហើយ​ភ្លេច​ភាពក្រីក្រ​របស់ខ្លួន
គេ​ក៏​មិន​នឹកចាំ​ទុក្ខវេទនា​របស់ខ្លួន​ទៀត​ឡើយ​។
8ចូរ​បើក​មាត់​កូន​ជំនួស​មនុស្ស​គ
ក៏​បើក​មាត់​កូន​ជំនួស​រឿងក្ដី​របស់​អស់ទាំង​មនុស្សកម្សត់​ចុះ​។
9ចូរ​បើក​មាត់​កូន ចូរ​វិនិច្ឆ័យ​ដោយ​សេចក្ដីយុត្តិធម៌
ហើយ​ការពារក្ដី​ឲ្យ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ចុះ​។
សរសើរប្រពន្ធដ៏មានគុណធម៌
10តើ​នរណា​អាច​រក​ប្រពន្ធ​ដ៏មានគុណធម៌​បាន​?
ដ្បិត​នាង​មានតម្លៃ​ថ្លៃ​ជាង​អស់ទាំង​ត្បូងទទឹម​ឆ្ងាយ​ណាស់​។
11ចិត្ត​របស់​ប្ដី​នាង​ទុកចិត្តលើ​នាង
ដូច្នេះ​គាត់​នឹង​មិន​ខ្វះ​ផលកម្រៃ#31:11 ផលកម្រៃ―ន័យត្រង់គឺ “ជ័យភណ្ឌ”។​ឡើយ​។
12នាង​បាន​ផ្ដល់​ការ​ល្អ​ដល់​ប្ដី ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់នាង
គឺ​មិនមែន​ការ​អាក្រក់​ឡើយ​។
13នាង​រក​រោមចៀម និង​ផាឌិប
ហើយ​ធ្វើការ​ផ្ទាល់ដៃ​ដោយស្ម័គ្រចិត្ត​។
14នាង​ប្រៀបដូចជា​សំពៅ​ជួញដូរ
គឺ​នាង​នាំយក​អាហារ​មកពី​ឆ្ងាយ​។
15នាង​ក្រោកឡើង​នៅពេល​យប់​នៅឡើយ
ហើយ​ទុកដាក់​អាហារ​សម្រាប់​អ្នកផ្ទះ​របស់នាង
ព្រមទាំង​កំណត់​តួនាទី#31:15 កំណត់តួនាទី―ឬ “ចែកចំណែក”។​ឲ្យ​ពួក​អ្នកបម្រើស្រី​របស់នាង​ផង​។
16នាង​ពិចារណាមើល​ដី​មួយ​កន្លែង ក៏​ទិញ​ដីនោះ​;
ដោយ​កម្រៃ​ផ្ទាល់ដៃ នាង​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​។
17នាង​ក្រវាត់​ចង្កេះ​របស់ខ្លួន​ដោយ​សេចក្ដីស្វាហាប់
ហើយក៏​ធ្វើឲ្យ​ដើមដៃ​របស់នាង​មាំមួន​ដែរ​។
18នាង​ឃើញ​ថា​ការជួញដូរ​របស់ខ្លួន​ល្អ​ហើយ​។
ចង្កៀង​របស់នាង​មិនចេះ​រលត់​នៅ​ពេលយប់​ទេ​។
19ដៃ​របស់នាង​លូក​យក​ខ្នារ
ហើយ​ប្រអប់ដៃ​នាង​កាន់​រហាត់រវៃ​។
20ដៃ​របស់នាង​លាត​ទៅកាន់​មនុស្ស​ទ័លក្រ
ហើយ​ដៃ​ទាំងពីរ​របស់នាង​ហុច​ទៅកាន់​មនុស្ស​ខ្វះខាត​។
21នាង​មិន​ខ្លាច​ធ្លាក់​ព្រិល​មកលើ​អ្នកផ្ទះ​របស់នាង​ឡើយ
ដ្បិត​ពួកគេ​សុទ្ធតែ​ស្លៀកពាក់​ពណ៌ក្រហមឆ្អៅ​។
22នាង​ធ្វើ​កម្រាលគ្រែ​សម្រាប់​ខ្លួនឯង​;
សម្លៀកបំពាក់​របស់នាង​ធ្វើពី​ក្រណាត់ផាឌិបដ៏ប្រណិត និង​ក្រណាត់ពណ៌ស្វាយ​។
23ប្ដី​របស់នាង​ត្រូវគេ​ស្គាល់​នៅតាម​ខ្លោងទ្វារក្រុង
ពេល​គាត់​អង្គុយ​ក្នុងចំណោម​ពួក​ចាស់ទុំ​ក្នុង​ស្រុក​។
24នាង​ធ្វើ​សម្លៀកបំពាក់ផាឌិប​លក់
ហើយ​ផ្គត់ផ្គង់​ខ្សែក្រវាត់​ដល់​ឈ្មួញ​។
25សេចក្ដីស្វាហាប់ និង​កិត្តិយស​ជា​សម្លៀកបំពាក់​របស់នាង
ហើយ​នាង​អាច​សើច​បាន​ចំពោះ​ថ្ងៃ​ដែលនឹង​មកដល់​។
26នាង​បើក​មាត់​ដោយ​ប្រាជ្ញា
ហើយ​សេចក្ដីបង្រៀន​នៃ​សេចក្ដីសប្បុរស​នៅលើ​អណ្ដាត​របស់នាង​។
27នាង​គន់មើល​ដំណើរ​នៃ​អ្នកផ្ទះ​របស់នាង
ហើយ​នាង​មិន​ហូប​អាហារ​នៃ​ភាពខ្ជិលច្រអូស​ឡើយ​។
28កូន​ៗ​របស់នាង​ក្រោកឡើង ហើយ​ហៅ​នាង​ថាមានពរ
ប្ដី​នាង​ក៏​សរសើរ​នាង​ថា​៖
29“មាន​ស្ត្រី​ជាច្រើន​ដែល​មាន​គុណធម៌
ប៉ុន្តែ​នាង​លើស​ជាង​គេ​ទាំងអស់”។
30មន្តស្នេហ៍​ជា​សេចក្ដីបញ្ឆោត
ហើយ​សម្រស់​ក៏​មិនទៀង​ដែរ
ប៉ុន្តែ​ស្ត្រី​ដែល​កោតខ្លាច​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​សរសើរ​។
31ចូរ​ឲ្យ​នាង​ពី​ផល​នៃ​ដៃ​របស់នាង
ហើយ​ឲ្យ​កិច្ចការ​របស់នាង​សរសើរ​នាង​នៅតាម​ខ្លោងទ្វារក្រុង​ចុះ​៕​៚

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi