Logo Aplikacije Biblija
Dugme za pretraživanje

សាស្ដា 1

1
អ្វីៗទាំងអស់សុទ្ធតែឥតន័យ
1នេះជា​ពាក្យ​របស់​សាស្ដា​បុត្រ​របស់​ដាវីឌ ជា​ស្ដេច​នៅ​យេរូសាឡិម​:
2“សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​!”។
សាស្ដា​ពោលថា​៖
“សេចក្ដីឥតន័យ​លើ​អស់ទាំង​សេចក្ដីឥតន័យ​! អ្វីៗ​ទាំងអស់​សុទ្ធតែ​ឥតន័យ​!”។
3តើ​មនុស្ស​បាន​ប្រយោជន៍​អ្វី​ពី​អស់ទាំង​ការនឿយហត់​របស់ខ្លួន ដែល​គេ​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​?
4ជំនាន់​មួយ​កន្លងផុតទៅ ហើយ​ជំនាន់​មួយ​ទៀត​ក៏​មកដល់
ប៉ុន្តែ​ផែនដី​នៅស្ថិតស្ថេរ​ជារៀងរហូត​។
5ព្រះអាទិត្យ​រះឡើង ហើយ​ព្រះអាទិត្យ​លិច​ទៅ​វិញ
រួច​ប្រញាប់​ទៅ​កន្លែង​ដែល​វា​រះឡើង​នោះ​។
6ខ្យល់​បក់​ទៅ​ទិសខាងត្បូង រួច​វិល​ទៅ​ទិសខាងជើង​វិញ
គឺ​បក់​វិលទៅវិលមក
ហើយ​ខ្យល់​ក៏​ត្រឡប់មកវិញ តាម​វដ្ដ​របស់វា​។
7ទន្លេ​ទាំងអស់​ហូរទៅ​ក្នុង​សមុទ្រ ប៉ុន្តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ​;
កន្លែង​ដែល​ទន្លេ​តែងតែ​ហូរ​ទៅ វា​ក៏​ហូរទៅ​ទីនោះ​ទៀត​។
8អ្វីៗ​ទាំងអស់​គួរឲ្យធុញទ្រាន់ រហូតដល់​មនុស្ស​រក​ថ្លែង​ពុំបាន​;
ភ្នែក​មិនចេះ​ឆ្អែត​នឹង​ការ​មើល
ហើយ​ត្រចៀក​ក៏​មិនចេះ​ស្កប់ស្កល់​នឹង​ការ​ស្ដាប់​ដែរ​។
9អ្វី​ដែល​បាន​កើតមាន​ហើយ ក៏​នឹង​កើតមាន​ទៀត​;
អ្វី​ដែល​បាន​ធ្វើ​ហើយ ក៏​នឹង​ត្រូវបាន​ធ្វើ​ទៀត​;
គ្មាន​អ្វី​ថ្មី​នៅក្រោម​ថ្ងៃ​ឡើយ​។
10តើ​មាន​អ្វីមួយ​ដែល​គេ​អាច​និយាយថា​៖ “មើល៍! នេះ​ជាអ្វី​ថ្មី” ទេ​?
តាមពិត វា​មាន​រួចហើយ​តាំងពីបុរាណមក
គឺ​មាន​មុន​យើង​ទៅទៀត​។
11គ្មាន​ការនឹកចាំ​អំពី​អ្វីៗ​ពីមុន​ឡើយ
ហើយ​សូម្បីតែ​អ្វីៗ​នៅ​ខាងមុខ​ដែល​នឹង​កើតមាន
ក៏​នឹង​មិន​ត្រូវ​ពួកអ្នកដែល​មក​ដល់​បន្ទាប់ទៀត នឹកចាំ​ដែរ​។
ដែនកំណត់នៃប្រាជ្ញា
12ខ្ញុំ សាស្ដា ជា​ស្ដេច​លើ​អ៊ីស្រាអែល នៅ​យេរូសាឡិម​។ 13ខ្ញុំ​បាន​ដាក់ចិត្ត​ដើម្បី​ស្វែងរក និង​សង្កេត​ដោយ​ប្រាជ្ញា ពី​គ្រប់ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​មេឃ នោះ​វា​ជា​បន្ទុក​ដ៏ធ្ងន់​ដែល​ព្រះ​បាន​ដាក់​លើ​មនុស្សលោក ឲ្យ​បាន​រវល់​នឹង​វា​។ 14ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។
15អ្វី​ដែល​វៀច​មិនអាច​ធ្វើឲ្យត្រង់​បានឡើយ
អ្វីដែលគ្មាន​ក៏​មិនអាច​រាប់​បាន​ដែរ​។
16ខ្ញុំ​បាន​និយាយ​ក្នុង​ចិត្ត​ថា​៖ “មើល៍! ខ្ញុំ​បាន​បង្កើន និង​ចម្រើន​ប្រាជ្ញា លើស​អស់អ្នក​ដែល​គ្រប់គ្រង​យេរូសាឡិម​មុន​ខ្ញុំ​ទៅទៀត ហើយ​ចិត្ត​ខ្ញុំ​ក៏​បាន​យល់ដឹង​យ៉ាងច្បាស់​នូវ​ប្រាជ្ញា និង​ចំណេះដឹង​ដែរ”។ 17រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។
18ជាការពិត មាន​ប្រាជ្ញា​ច្រើន ទុក្ខព្រួយ​ក៏​ច្រើន
ហើយ​ចំណេះដឹង​កើនឡើង ទុក្ខសោក​ក៏​កើនឡើង​ដែរ​៕

Trenutno izabrano:

សាស្ដា 1: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi