សុភាសិត 27
27
1កុំអួតអំពីថ្ងៃស្អែកឡើយ
ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។
2ទុកឲ្យអ្នកឯទៀតសរសើរអ្នកចុះ គឺមិនមែនមាត់ខ្លួនឯងទេ
ក៏ទុកឲ្យអ្នកដទៃសរសើរវិញ គឺមិនមែនបបូរមាត់ខ្លួនឯងដែរ។
3ថ្មធ្ងន់ ហើយខ្សាច់ក៏មានទម្ងន់ដែរ
ប៉ុន្តែកំហឹងរបស់មនុស្សល្ងីល្ងើ ធ្ងន់ជាងវាទាំងពីរទៅទៀត។
4សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់
ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន?
5ការស្ដីប្រដៅដោយបើកចំហ
ប្រសើរជាងសេចក្ដីស្រឡាញ់ដែលលាក់បាំង។
6របួសពីមិត្តសម្លាញ់ គឺស្មោះត្រង់
រីឯការថើបពីអ្នកដែលស្អប់ខ្លួន គឺជ្រុលពេក។
7មនុស្សដែលឆ្អែត ខ្ពើមទឹកឃ្មុំ
ប៉ុន្តែចំពោះមនុស្សដែលឃ្លាន អ្វីៗដែលល្វីងក៏សុទ្ធតែផ្អែមដែរ។
8ដូចដែលសត្វស្លាបសាត់អណ្ដែតចេញពីសម្បុករបស់វាយ៉ាងណា
មនុស្សដែលសាត់អណ្ដែតចេញពីស្រុករបស់ខ្លួនក៏ជាយ៉ាងនោះដែរ។
9ប្រេង និងគ្រឿងក្រអូបធ្វើឲ្យចិត្តអរសប្បាយ
ហើយភាពផ្អែមល្ហែមរបស់មិត្តភក្ដិខ្លួន មកពីការប្រឹក្សាដ៏អស់ពីចិត្ត។
10កុំបោះបង់ចោលមិត្តភក្ដិរបស់ខ្លួន ឬមិត្តភក្ដិរបស់ឪពុកខ្លួនឡើយ;
កុំទៅផ្ទះរបស់បងប្អូនអ្នកនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់អ្នក;
អ្នកជិតខាងដែលនៅជិត ប្រសើរជាងបងប្អូនដែលនៅឆ្ងាយ។
11កូនរបស់ខ្ញុំអើយ ចូរមានប្រាជ្ញា ហើយធ្វើឲ្យចិត្តរបស់ខ្ញុំមានអំណរចុះ
ដើម្បីឲ្យខ្ញុំមានចម្លើយបកទៅអ្នកដែលត្មះតិះដៀលខ្ញុំវិញ។
12មនុស្សឆ្លាតវៃឃើញមហន្តរាយ ក៏លាក់ខ្លួន
រីឯមនុស្សខ្វះចំណេះដឹងដើរចូលទៅ ហើយទទួលទោស។
13ចំពោះអ្នកដែលធានាឲ្យជនមិនស្គាល់ ចូរយកសម្លៀកបំពាក់របស់គាត់;
ចំពោះអ្នកដែលធានាឲ្យស្រីក្រៅ ចូរយករបស់បញ្ចាំចុះ។
14អ្នកដែលឲ្យពរអ្នកជិតខាងដោយសំឡេងយ៉ាងខ្លាំងតាំងពីព្រឹកព្រលឹម
នោះនឹងត្រូវបានរាប់ជាបណ្ដាសាដល់គេវិញ។
15ប្រពន្ធ#27:15 ប្រពន្ធ―ឬ “ស្ត្រី”។ឌុកដាន់ និងតំណក់ទឹកដែលស្រក់ជានិច្ចនៅថ្ងៃមានភ្លៀង
គឺដូចគ្នា។
16អ្នកដែលឃាត់នាងបាន
គឺឃាត់ខ្យល់បាន ឬចាប់ប្រេងនឹងដៃស្ដាំខ្លួនបានដែរ។
17ដែកសំលៀងដែក
ហើយមនុស្សក៏សំលៀងគ្នាទៅវិញទៅមក#27:17 សំលៀងគ្នាទៅវិញទៅមក―ន័យត្រង់គឺ “សំលៀងមុខរបស់មិត្តសម្លាញ់”។ដែរ។
18អ្នកដែលថែរក្សាដើមល្វានឹងហូបផ្លែវា
ហើយអ្នកដែលរក្សាចៅហ្វាយរបស់ខ្លួននឹងត្រូវបានលើកតម្កើង។
19ដូចដែលមុខឆ្លុះឲ្យឃើញមុខក្នុងទឹកយ៉ាងណា
ចិត្តរបស់មនុស្សក៏ឆ្លុះឲ្យឃើញខ្លួនគេយ៉ាងនោះដែរ។
20ស្ថានមនុស្សស្លាប់ និងស្ថាននរកមិនចេះឆ្អែតឡើយ
ហើយភ្នែករបស់មនុស្សក៏មិនចេះឆ្អែតដែរ។
21ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស
រីឯមនុស្សវិញ ត្រូវបានសាកល្បងដោយពាក្យសរសើរអំពីខ្លួន។
22ទោះបីជាបុកមនុស្សល្ងីល្ងើដោយអង្រែក្នុងត្បាល់ជាមួយស្រូវក៏ដោយ
ក៏ភាពល្ងីល្ងើរបស់គេនៅតែមិនចាកចេញពីគេឡើយ។
23ចូរស្គាល់ច្បាស់នូវស្ថានភាពហ្វូងចៀមរបស់ខ្លួន
ហើយផ្ចង់ចិត្តអ្នកនឹងហ្វូងសត្វចុះ
24ដ្បិតទ្រព្យសម្បត្តិមិននៅជារៀងរហូតឡើយ
ហើយមកុដក៏មិននៅពីជំនាន់មួយទៅជំនាន់មួយដែរ។
25កាលណាស្មៅក្រៀមត្រូវបានកាត់ចេញ ស្មៅខ្ចីក៏លេចឡើង
ហើយស្មៅពីភ្នំក៏ត្រូវបានប្រមូលទុក
26នោះកូនចៀមនឹងផ្ដល់សម្លៀកបំពាក់ដល់អ្នក
ហើយពពែឈ្មោលនឹងទៅជាថ្លៃចម្ការ;
27ទឹកដោះពពែញីនឹងមានល្មមសម្រាប់ជាអាហារអ្នក
និងសម្រាប់ជាអាហារអ្នកផ្ទះរបស់អ្នក
ព្រមទាំងជាអាហារចិញ្ចឹមសម្រាប់ពួកអ្នកបម្រើស្រីរបស់អ្នកផង៕
Trenutno izabrano:
សុភាសិត 27: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative