Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 26

26
1ដូចដែល​ព្រិល​នៅ​រដូវក្ដៅ ឬ​ភ្លៀង​នៅ​រដូវច្រូតកាត់​ជា​យ៉ាងណា
កិត្តិយស​ក៏​មិន​សម​នឹង​មនុស្សល្ងង់​យ៉ាងនោះដែរ​។
2ដូចដែល​ចាប​ហើររេរា ឬ​ត្រចៀកកាំ​ហើរ​ទៅមក​យ៉ាងណា
បណ្ដាសា​ឥតហេតុផល​ក៏​មិន​កើតឡើង​យ៉ាងនោះដែរ​។
3ខ្សែតី​សម្រាប់​សេះ បង្ហៀរ​សម្រាប់​លា
ហើយ​រំពាត់​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​។
4កុំ​ឆ្លើយ​នឹង​មនុស្សល្ងង់​តាម​សេចក្ដីល្ងង់​របស់គេ​ឡើយ
ក្រែងលោ​អ្នក​បាន​ដូច​គេ​ដែរ​។
5ចូរ​ឆ្លើយ​នឹង​មនុស្សល្ងង់​តាម​សេចក្ដីល្ងង់​របស់គេ​ចុះ
ដើម្បីកុំឲ្យ​គេ​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​។
6អ្នកដែល​ផ្ញើ​សារ​តាម​ដៃ​របស់​មនុស្សល្ងង់
គឺដូចជា​កាត់​ជើង​ខ្លួន​ចោល ហើយ​ផឹក​សេចក្ដីឃោរឃៅ​។
7ដូចដែល​ជើង​របស់​មនុស្ស​ខ្វិន​សំយុងចុះរណែងរណោង​យ៉ាងណា
សុភាសិត​នៅក្នុង​មាត់​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។
8ដូចដែល​ចង​ដុំថ្ម​នឹង​ខ្សែដង្ហក់​យ៉ាងណា
ផ្ដល់​កិត្តិយស​ឲ្យ​មនុស្សល្ងង់​ក៏យ៉ាងនោះដែរ​។
9ដូចដែល​ដើមបន្លា​ធ្លាក់​ទៅក្នុង​ដៃ​របស់​មនុស្ស​ប្រមឹក​យ៉ាងណា
សុភាសិត​នៅក្នុង​មាត់​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។
10ដូចដែល​ខ្មាន់ធ្នូ​បាញ់​មនុស្ស​ទាំងអស់​យ៉ាងណា
អ្នកដែល​ជួល​មនុស្សល្ងង់ ឬ​ជួល​អ្នកដែល​ដើរកាត់​ក៏​ជា​យ៉ាងនោះដែរ​។
11ដូចដែល​ឆ្កែ​ត្រឡប់ទៅ​រក​កម្អួត​របស់វា​វិញ​យ៉ាងណា
មនុស្សល្ងង់​ដែល​ធ្វើ​តាម​សេចក្ដីល្ងង់​របស់ខ្លួន​ម្ដងហើយម្ដងទៀត​ក៏ជាយ៉ាងនោះដែរ​។
12តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​?
មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។
13មនុស្ស​ខ្ជិលច្រអូស​ពោលថា​៖
“មាន​សិង្ហកំណាច​នៅតាម​ផ្លូវ​! មាន​តោ​នៅ​កណ្ដាលផ្សារ​!”។
14ដូចដែល​ទ្វារ​ងាកវិល​នៅលើ​ត្រចៀកទ្វារ​យ៉ាងណា
មនុស្ស​ខ្ជិលច្រអូស​ក៏​ងាកវិល​នៅលើ​គ្រែ​របស់ខ្លួន​យ៉ាងនោះដែរ​។
15មនុស្ស​ខ្ជិលច្រអូស​លូក​ដៃ​របស់ខ្លួន​ទៅក្នុង​ចាន
ក៏​ខ្ជិល​នឹង​យក​ដៃ​មកដាក់​ក្នុង​មាត់​របស់ខ្លួន​វិញ​។
16ក្នុង​ភ្នែក​ខ្លួនឯង មនុស្ស​ខ្ជិលច្រអូស​មានប្រាជ្ញា
ជាង​មនុស្ស​ប្រាំពីរ​នាក់​ដែល​ចេះ​ឆ្លើយ​ដោយ​ការយល់ដឹង​។
17ដូចដែល​អ្នកដែល​ចាប់​ត្រចៀក​ឆ្កែ​ជាយ៉ាងណា
អ្នក​ដើរកាត់​ដែល​ជ្រៀតជ្រែក​ទៅក្នុង​ជម្លោះ​ដែល​មិនមែន​ជា​របស់​ខ្លួន ក៏ជាយ៉ាងនោះដែរ​។
18ដូចដែល​មនុស្ស​ឆ្កួត​ដែល​បោះ​កន្ទុយអុស ព្រួញ និង​សេចក្ដីស្លាប់#26:18 បោះកន្ទុយអុស ព្រួញ និង​សេចក្ដីស្លាប់―ឬ “បាញ់ព្រួញភ្លើងនៃសេចក្ដីស្លាប់”។​ជា​យ៉ាងណា
19មនុស្ស​ដែល​បោកបញ្ឆោត​អ្នកជិតខាង​របស់ខ្លួន
ហើយ​និយាយថា​៖ “តើ​ខ្ញុំ​មិនមែន​លេងសើច​ឬ​?” ក៏​ជា​យ៉ាងនោះដែរ​។
20នៅពេល​អស់​អុស ភ្លើង​ក៏​រលត់
នៅពេល​អស់​ពួក​និយាយអេចអូច ទំនាស់​ក៏​ឈប់​។
21ដូចដែល​ធ្យូង​នៅលើ​រងើក និង​អុស​នៅលើ​ភ្លើង​ជាយ៉ាងណា
មនុស្ស​ឌុកដាន់​ដែល​បញ្ឆេះ​ជម្លោះ​ក៏​ជា​យ៉ាងនោះដែរ​។
22ពាក្យសម្ដី​របស់​អ្នក​និយាយអេចអូច
ប្រៀបដូចជា​អាហារដ៏ឆ្ងាញ់​ដែល​ចុះទៅ​ដល់​ផ្នែកខាងក្នុងនៃរូបកាយ​។
23បបូរមាត់​ភ្លើង និង​ចិត្ត​អាក្រក់
ប្រៀបដូចជា​អាចម៍ប្រាក់​ស្រោប​លើ​ភាជនៈដី​។
24មនុស្សដែល​ស្អប់​គេ បន្លំ​ខ្លួន​ដោយ​បបូរមាត់
ហើយ​ទុក​សេចក្ដីបោកបញ្ឆោត​នៅក្នុង​ចិត្ត​ខ្លួន​;
25ទោះបីជា​គាត់​និយាយ​សម្ដី​ទន់ភ្លន់​ក៏ដោយ ក៏​កុំ​ជឿ​គាត់​ឡើយ
ដ្បិត​មាន​សេចក្ដីគួរឲ្យស្អប់ខ្ពើម​ប្រាំពីរ​យ៉ាង​នៅក្នុង​ចិត្ត​គាត់​។
26ថ្វីត្បិតតែ​គាត់​លាក់បាំង​សម្អប់​ដោយ​ការបញ្ឆោត​ក៏ដោយ
ប៉ុន្តែ​ការអាក្រក់​របស់គាត់​នឹង​ត្រូវបាន​លាតត្រដាង​នៅមុខ​អង្គប្រជុំ​។
27អ្នកដែល​ជីក​រណ្ដៅ អ្នកនោះ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ
ហើយ​អ្នកដែល​ប្រមៀល​ថ្ម ថ្មនោះ​នឹង​ត្រឡប់មក​លើ​អ្នកនោះ​វិញ​;
28អណ្ដាត​ភូតភរ​ស្អប់​អ្នកដែល​វា​សង្កត់សង្កិន
ហើយ​មាត់​រលូន​បង្កើត​ការហិនវិនាស​៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi