សុភាសិត 25
25
សុភាសិតដែលហេសេគាបានថែមបញ្ចូល
1សេចក្ដីទាំងនេះជាសុភាសិតរបស់សាឡូម៉ូនដែរ ជាសេចក្ដីដែលមនុស្សរបស់ហេសេគាស្ដេចនៃយូដាបានចម្លង:
2ការដែលលាក់សេចក្ដី ជាសិរីរុងរឿងរបស់ព្រះ
រីឯការដែលស្រាវជ្រាវរកឃើញសេចក្ដី ជាសិរីរុងរឿងរបស់បណ្ដាស្ដេច។
3ដូចដែលផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា
ព្រះទ័យរបស់ស្ដេចក៏វាស់ស្ទង់មិនបានយ៉ាងនោះដែរ។
4យកអាចម៍លោហៈចេញពីប្រាក់
នោះវានឹងចេញមកជាភាជនៈសម្រាប់ជាងទង។
5យកមនុស្សអាក្រក់ចេញពីព្រះភក្ត្រស្ដេច
នោះបល្ល័ង្ករបស់ទ្រង់នឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។
6កុំលើកតម្កើងខ្លួននៅចំពោះព្រះភក្ត្រស្ដេចឡើយ
ក៏កុំឈរនៅកន្លែងអ្នកធំដែរ
7ព្រោះការដែលគេប្រាប់អ្នកថា៖ “ចូរឡើងមកទីនេះ”
ប្រសើរជាងការដែលគេបន្ទាបអ្នកនៅចំពោះមុខអ្នកធំ។
8អ្វីដែលភ្នែករបស់អ្នកបានឃើញ កុំប្រញាប់លើកឡើងក្នុងវិវាទឡើយ
បើធ្វើដូច្នោះ នៅពេលអ្នកជិតខាងរបស់អ្នកធ្វើឲ្យអ្នកអៀនខ្មាស
តើអ្នកនឹងធ្វើដូចម្ដេចនៅទីបំផុត?
9ចូរជជែកវែកញែកអំពីវិវាទរបស់អ្នកជាមួយអ្នកជិតខាងអ្នកចុះ
ប៉ុន្តែកុំលាតត្រដាងរឿងសម្ងាត់របស់អ្នកដទៃឡើយ
10ក្រែងលោអ្នកដែលឮនឹងធ្វើឲ្យអ្នកអាម៉ាស់មុខ
នោះកេរ្តិ៍ឈ្មោះអាក្រក់របស់អ្នកនឹងមិនចាកចេញពីអ្នកឡើយ។
11ពាក្យដែលនិយាយត្រូវពេល
ប្រៀបដូចជាផ្លែប៉ោមមាសដែលភ្ជាប់នឹងក្បាច់ប្រាក់។
12ពាក្យស្ដីបន្ទោសនៃប្រាជ្ញាដាក់ត្រចៀករបស់អ្នកដែលស្ដាប់តាម
ប្រៀបដូចជាក្រវិលមាស ឬគ្រឿងអលង្ការមាសសុទ្ធ។
13ទូតស្មោះត្រង់ប្រៀបដូចជាភាពត្រជាក់នៃព្រិលនៅថ្ងៃច្រូតកាត់ ដល់អ្នកដែលចាត់គាត់ឲ្យទៅ;
គាត់ធ្វើឲ្យព្រលឹងរបស់ចៅហ្វាយខ្លួនបានស្រស់ស្រាយឡើងវិញ។
14មនុស្សដែលអួតអំពីអំណោយដែលមិនបានឲ្យ
ប្រៀបដូចជាពពក និងខ្យល់ដែលគ្មានភ្លៀង។
15ដោយការអត់ធ្មត់យ៉ាងយូរ គេអាចលួងលោមអ្នកដឹកនាំ
ហើយអណ្ដាតទន់ភ្លន់ក៏អាចបំបាក់ឆ្អឹងបានដែរ។
16បើអ្នករកបានទឹកឃ្មុំ ចូរហូបតែល្មមចុះ
ក្រែងលោអ្នកទ្រាន់ ហើយក្អួតចេញមកវិញ។
17កុំសូវឲ្យជើងអ្នកនៅផ្ទះអ្នកជិតខាងអ្នកពេក
ក្រែងលោគេទ្រាន់ ហើយស្អប់អ្នកវិញ។
18មនុស្សដែលធ្វើជាសាក្សីភូតភរទាស់នឹងអ្នកជិតខាងរបស់ខ្លួន
ប្រៀបដូចជាពូថៅ ដាវ ឬព្រួញដ៏មុត។
19ការទុកចិត្តលើមនុស្សក្បត់ក្នុងថ្ងៃនៃទុក្ខវេទនា
ប្រៀបដូចជាធ្មេញដែលបាក់ ឬជើងដែលញញីញញ័រ។
20អ្នកដែលច្រៀងចម្រៀងដាក់ចិត្តដែលមានទុក្ខព្រួយ
គឺដូចជាអ្នកដែលដោះសម្លៀកបំពាក់នៅថ្ងៃរងា
ឬដូចជាទឹកខ្មេះលើសូដា។
21ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូបអាហារ;
ប្រសិនបើគេស្រេក ចូរឲ្យគេផឹកទឹកផង;
22ធ្វើដូច្នេះ អ្នកនឹងពូនរងើកភ្លើងលើក្បាលរបស់គេ
ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់អ្នក។
23ខ្យល់ទិសខាងជើង នាំមកនូវទឹកភ្លៀង
អណ្ដាតនិយាយដើមគេ នាំមកនូវមុខមួម៉ៅ។
24រស់នៅតាមជ្រុងនៃដំបូលផ្ទះ
ប្រសើរជាងរស់នៅក្នុងផ្ទះជាមួយប្រពន្ធ#25:24 ប្រពន្ធ―ឬ “ស្ត្រី”។ឌុកដាន់។
25ដំណឹងល្អដែលមកពីស្រុកឆ្ងាយ
ប្រៀបដូចជាទឹកត្រជាក់ដល់ព្រលឹងដែលអស់កម្លាំង។
26មនុស្សសុចរិតដែលរង្គើនៅមុខមនុស្សអាក្រក់
ប្រៀបដូចជាប្រភពទឹកដែលត្រូវបានធ្វើឲ្យល្អក់
ឬដូចជាអណ្ដូងដែលត្រូវបានធ្វើឲ្យពុល។
27ការដែលហូបទឹកឃ្មុំច្រើនពេក មិនល្អទេ
ការស្វែងរកសិរីរុងរឿងរបស់ខ្លួន ក៏មិនមែនជាសិរីរុងរឿងដែរ។
28មនុស្សដែលគ្មានការគ្រប់គ្រងចិត្តរបស់ខ្លួន
ប្រៀបដូចជាទីក្រុងដែលត្រូវបានបំផ្លាញ ហើយគ្មានកំពែង៕
Trenutno izabrano:
សុភាសិត 25: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative