សុភាសិត 24
24
1កុំច្រណែនមនុស្សអាក្រក់ឡើយ
ក៏កុំចេះតែចង់នៅជាមួយពួកគេដែរ
2ដ្បិតចិត្តពួកគេប៉ុនប៉ងអំពើហិង្សា
ហើយបបូរមាត់ពួកគេពោលអំពីការបង្កអន្តរាយ។
3ដោយប្រាជ្ញា ផ្ទះត្រូវបានសាងសង់
ដោយការយល់ដឹង វាត្រូវបានធ្វើឲ្យស្ថិតស្ថេរ
4ហើយដោយចំណេះដឹង
បន្ទប់ទាំងឡាយក៏ត្រូវបានបំពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាងដ៏មានតម្លៃ និងដ៏ជាទីគាប់ចិត្ត។
5មនុស្សមានប្រាជ្ញាមានភាពរឹងមាំ
ហើយមនុស្សមានចំណេះដឹងចម្រើនកម្លាំងឡើង#24:5 មនុស្សមានប្រាជ្ញាមានភាពរឹងមាំ ហើយមនុស្សមានចំណេះដឹងចម្រើនកម្លាំងឡើង―ឬ “មនុស្សមានប្រាជ្ញាប្រសើរជាងមនុស្សខ្លាំងពូកែ ហើយមនុស្សមានចំណេះដឹងប្រសើរជាងមនុស្សមានអំណាច”។
6ដ្បិតអ្នកនឹងធ្វើសង្គ្រាមបានដោយសារតែការណែនាំ
ហើយមានជ័យជម្នះដោយសារមានទីប្រឹក្សាច្រើន។
7ប្រាជ្ញាខ្ពស់ពេកសម្រាប់មនុស្សល្ងីល្ងើ
ដូច្នេះពួកគេបើកមាត់របស់ខ្លួននៅទ្វារក្រុងមិនបានឡើយ។
8អ្នកដែលគិតគូរធ្វើអាក្រក់
នឹងត្រូវគេហៅថាមេកលល្បិច។
9បំណងអាក្រក់ដ៏ល្ងីល្ងើជាបាប
ហើយមនុស្សចំអកឡកឡឺយជាទីស្អប់ខ្ពើមដល់មនុស្សជាតិ។
10បើអ្នកខ្សោយល្វើយនៅថ្ងៃនៃទុក្ខវេទនា
នោះកម្លាំងរបស់អ្នកមានតិចណាស់។
11ចូររំដោះពួកអ្នកដែលត្រូវបាននាំទៅរកសេចក្ដីស្លាប់
ហើយរារាំងពួកអ្នកដែលដើរទ្រេតទ្រោតទៅរកទីពិឃាត។
12ប្រសិនបើអ្នកនិយាយថា៖ “មើល៍! យើងមិនបានដឹងរឿងនេះទេ”
តើព្រះអង្គដែលស្ទង់ចិត្តមិនឈ្វេងយល់ទេឬ?
តើព្រះអង្គដែលថែរក្សាព្រលឹងរបស់អ្នកមិនជ្រាបទេឬ?
តើព្រះអង្គមិនសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួនទេឬ?
13កូនរបស់ខ្ញុំអើយ ចូរហូបទឹកឃ្មុំចុះ ដ្បិតវាល្អ
ហើយផ្លិតឃ្មុំក៏ផ្អែមដល់មាត់អ្នកដែរ។
14ចូរដឹងថាប្រាជ្ញាក៏ដូចគ្នាដែរសម្រាប់ព្រលឹងរបស់អ្នក;
ប្រសិនបើអ្នករកនាងឃើញ នោះអ្នកនឹងមានអនាគត
ហើយសេចក្ដីសង្ឃឹមរបស់អ្នកនឹងមិនត្រូវបានកាត់ចេញឡើយ។
15មនុស្សអាក្រក់អើយ!
កុំសម្ងំចាំទាស់នឹងផ្ទះរបស់មនុស្សសុចរិតឡើយ
ក៏កុំបំផ្លាញលំនៅរបស់គេដែរ
16ដ្បិតទោះបីជាមនុស្សសុចរិតដួលប្រាំពីរដងក៏ដោយ ក៏គង់តែនឹងក្រោកឡើងវិញ
រីឯមនុស្សអាក្រក់នឹងជំពប់ទៅក្នុងមហន្តរាយ។
17នៅពេលសត្រូវរបស់អ្នកដួល កុំអរសប្បាយឡើយ
នៅពេលគេជំពប់ ក៏កុំឲ្យចិត្តអ្នកត្រេកអរដែរ
18ក្រែងលោព្រះយេហូវ៉ាទតឃើញ
ហើយការនោះជាការអាក្រក់ក្នុងព្រះនេត្ររបស់ព្រះអង្គ
នោះព្រះអង្គនឹងបង្វែរព្រះពិរោធរបស់ព្រះអង្គចេញពីគេ។
19កុំរសាប់រសល់ព្រោះតែមនុស្សដែលធ្វើអាក្រក់ឡើយ
ក៏កុំច្រណែនមនុស្សអាក្រក់ដែរ
20ដ្បិតមនុស្សពាលគ្មានអនាគតទេ
ហើយចង្កៀងរបស់មនុស្សអាក្រក់នឹងត្រូវបានពន្លត់។
21កូនរបស់ខ្ញុំអើយ ចូរកោតខ្លាចព្រះយេហូវ៉ា និងស្ដេច
ក៏កុំសេពគប់ជាមួយពួកបះបោរ#24:21 ពួកបះបោរ―ឬ “ពួកមានគំនិតរេរា”។ឡើយ។
22ដ្បិតសេចក្ដីអន្តរាយពីព្រះយេហូវ៉ា និងស្ដេច នឹងកើតឡើងក្នុងមួយរំពេច
តើនរណាអាចស្គាល់ភយន្តរាយដែលមកពីព្រះយេហូវ៉ា និងស្ដេចបាន?
23សេចក្ដីទាំងនេះក៏ជាពាក្យរបស់មនុស្សមានប្រាជ្ញាដែរ:
មានការរើសមុខក្នុងការកាត់ក្ដី នោះមិនល្អទេ។
24អ្នកដែលនិយាយនឹងមនុស្សអាក្រក់ថា៖ “អ្នកជាមនុស្សសុចរិត”
បណ្ដាជននឹងដាក់បណ្ដាសាអ្នកនោះ
ជាតិសាសន៍ទាំងឡាយនឹងស្អប់ខ្ពើមអ្នកនោះ
25រីឯពួកអ្នកដែលស្ដីបន្ទោសមនុស្សអាក្រក់នឹងបានរីករាយ#24:25 នឹងបានរីករាយ―ឬ “គេនឹងរីករាយចំពោះអ្នកនោះ”។
ហើយពរដ៏ល្អនឹងមកលើពួកគេ។
26អ្នកដែលផ្ដល់ចម្លើយត្រឹមត្រូវ ប្រៀបដូចជាថើបបបូរមាត់។
27ចូររៀបចំកិច្ចការរបស់អ្នកនៅខាងក្រៅ
ហើយត្រៀមកិច្ចការនៅក្នុងស្រែចម្ការសិន
ក្រោយមកសឹមសាងសង់ផ្ទះរបស់ខ្លួនចុះ។
28កុំធ្វើជាសាក្សីទាស់នឹងអ្នកជិតខាងរបស់អ្នកដោយគ្មានមូលហេតុឡើយ
តើអ្នកនឹងបញ្ឆោតគេដោយបបូរមាត់របស់អ្នកឬ?
29កុំពោលថា៖ “ដូចដែលគេបានធ្វើដល់ខ្ញុំយ៉ាងណា
ខ្ញុំក៏នឹងធ្វើដល់គេយ៉ាងនោះដែរ។
ខ្ញុំនឹងតបសងដល់អ្នកនោះតាមការប្រព្រឹត្តរបស់គេ”។
30ខ្ញុំបានដើរកាត់តាមស្រែចម្ការរបស់មនុស្សខ្ជិលច្រអូស
និងតាមចម្ការទំពាំងបាយជូររបស់មនុស្សខ្វះវិចារណញ្ញាណ
31នោះមើល៍! មានគុម្ពបន្លាដុះឡើងពាសពេញ
ដើមកន្ទេចអាលក៏គ្របដណ្ដប់ផ្ទៃដី ហើយរបងថ្មក៏រលំដែរ។
32ខ្ញុំក៏សង្កេតមើល ហើយផ្ចង់ចិត្ត
ខ្ញុំបានឃើញ ហើយបានទទួលយកសេចក្ដីប្រៀនប្រដៅ។
33ដេកបន្តិច រលីវបន្តិច ឱបដៃសម្រាកបន្តិច
34នោះភាពក្រីក្ររបស់អ្នកនឹងមកដូចជាចោរប្លន់
ហើយភាពខ្វះខាតរបស់អ្នកនឹងមកដូចជាអ្នកកាន់គ្រឿងសឹក#24:34 អ្នកកាន់គ្រឿងសឹក―ន័យត្រង់គឺ “អ្នកកាន់ខែល”។៕
Trenutno izabrano:
សុភាសិត 24: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative