Logo Aplikacije Biblija
Dugme za pretraživanje

សុភាសិត 1

1
គោលបំណងនៃសុភាសិត
1សុភាសិត​របស់​សាឡូម៉ូន​ដែលជា​បុត្រ​របស់​ដាវីឌ និងជា​ស្ដេច​នៃ​អ៊ីស្រាអែល​:
2ដើម្បីឲ្យ​ស្គាល់​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ
ដើម្បីឲ្យ​យល់ច្បាស់​នូវ​ពាក្យ​នៃ​ការយល់ដឹង
3ដើម្បីឲ្យ​ទទួល​ការប្រៀនប្រដៅ​ឲ្យ​ចេះដឹង​សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និង​សេចក្ដីទៀងត្រង់
4និង​ដើម្បី​ផ្ដល់​សេចក្ដីឆ្លាតវៃ​ដល់​មនុស្សខ្វះចំណេះដឹង
ព្រមទាំង​ផ្ដល់​ចំណេះដឹង និង​សមត្ថភាពពិចារណា​ដល់​យុវជន​ផងដែរ​។
5ចូរឲ្យ​មនុស្ស​មានប្រាជ្ញា​ស្ដាប់ ហើយ​កើន​សេចក្ដីអប់រំ​ចុះ
ចូរឲ្យ​មនុស្ស​ដែល​យល់ច្បាស់ ទទួលបាន​ការ​ណែនាំ​ចុះ
6ដើម្បី​បាន​យល់ច្បាស់​នូវ​សុភាសិត និង​ពាក្យឧបមា
គឺ​យល់ច្បាស់​នូវ​ពាក្យ​របស់​មនុស្ស​មានប្រាជ្ញា និង​ប្រស្នា​របស់ពួកគេ​។
7ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម#1:7 ការចាប់ផ្ដើម―ឬ “ប្រភព”។​នៃ​ចំណេះដឹង
រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។
ចៀសវាងពីផ្លូវរបស់មនុស្សអាក្រក់
8កូន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក​អ្នក
ហើយ​កុំ​បោះបង់ចោល​សេចក្ដីបង្រៀន​របស់​ម្ដាយ​អ្នក​ឡើយ​!
9ដ្បិត​វា​ជា​ភួងផ្កា​ដ៏សមសួន​លើ​ក្បាល​អ្នក
និង​ជា​ខ្សែក​នៅ​ក​អ្នក​។
10កូន​របស់ខ្ញុំ​អើយ
ប្រសិនបើ​មនុស្សបាប​ល្បួង​អ្នក កុំ​ព្រម​ឲ្យសោះ​។
11ប្រសិនបើ​ពួកគេ​និយាយថា​៖ “ចូរ​មក​ជាមួយ​យើង​ចុះ
មក៍! យើង​នាំគ្នា​សម្ងំចាំ​បង្ហូរឈាម​គេ
ហើយ​ពួនស្ទាក់​មនុស្ស​ឥតទោស​ដោយគ្មានមូលហេតុ​!
12យើង​នឹង​លេប​ពួកគេ​ទាំង​រស់​ដូច​ស្ថានមនុស្សស្លាប់
គឺ​លេប​ទាំងមូល ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។
13យើង​នឹង​រកឃើញ​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ​គ្រប់យ៉ាង
ក៏​នឹង​បំពេញ​ផ្ទះ​របស់យើង​ដោយ​ជ័យភណ្ឌ​ផង​។
14ចូរ​ដាក់​ចំណែក​របស់អ្នក​រួមជាមួយ​យើង​ចុះ#1:14 ចូរដាក់ចំណែករបស់អ្នករួមជាមួយ​យើងចុះ―ន័យត្រង់គឺ “ចូរបោះឆ្នោតរបស់អ្នកក្នុងចំណោម​យើងចុះ”។
យើង​ទាំងអស់គ្នា​នឹង​មាន​ថង់ប្រាក់​តែមួយ​!”
15កូន​របស់ខ្ញុំ​អើយ កុំ​ដើរ​ជាមួយ​ពួកគេ​ក្នុង​ផ្លូវ​នោះ​ឡើយ
ចូរ​ឃាត់ឃាំង​ជើង​អ្នក​ពី​គន្លង​របស់ពួកគេ
16ដ្បិត​ជើង​ពួកគេ​រត់ទៅ​រក​ការ​អាក្រក់
ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​។
17ជាការពិត ដែល​រាយ​សំណាញ់​នៅមុខ​ភ្នែក​សត្វស្លាប​ណាមួយ ជា​ការឥតប្រយោជន៍​ទេ​។
18តាមពិត ពួកគេ​សម្ងំចាំ​បង្ហូរឈាម​ខ្លួនឯង
ហើយ​ពួនស្ទាក់​ព្រលឹង​របស់ខ្លួនឯង​វិញទេ​។
19ផ្លូវ​របស់​អស់អ្នក​ដែល​លោភចង់បាន​កម្រៃទុច្ចរិត គឺ​ដូច្នេះ​ឯង
វា​ដកយក​ព្រលឹង​របស់​ម្ចាស់​វា​ទៅ​។
ពាក្យស្រែកហៅរបស់ប្រាជ្ញា
20ប្រាជ្ញា​ស្រែកយ៉ាងខ្លាំង​នៅតាម​ផ្លូវ
ហើយ​បន្លឺ​សំឡេង​របស់នាង​នៅ​កន្លែងសាធារណៈ​។
21នាង​ស្រែកហៅ​នៅ​ដើមផ្លូវ​អ៊ូអែ
ទាំង​ថ្លែង​ពាក្យពេចន៍​នៅ​មាត់ច្រក​ខ្លោងទ្វារ​ទីក្រុង​ថា​៖
22“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​!
តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​?
តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ
ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?
23ចូរឲ្យ​អ្នករាល់គ្នា​បែរមក​រក​ការស្ដីប្រដៅ​របស់ខ្ញុំ​វិញ
នោះ​មើល៍! ខ្ញុំ​នឹង​ចាក់​វិញ្ញាណ​របស់ខ្ញុំ​លើ​អ្នករាល់គ្នា
ហើយ​ធ្វើឲ្យ​អ្នករាល់គ្នា​យល់​ពាក្យ​របស់ខ្ញុំ​!
24ដោយសារ​ខ្ញុំ​បាន​ស្រែកហៅ ប៉ុន្តែ​អ្នករាល់គ្នា​បដិសេធ
ខ្ញុំ​បាន​លាត​ដៃ​របស់ខ្ញុំ ប៉ុន្តែ​គ្មានអ្នកណា​យកចិត្តទុកដាក់
25ដោយសារ​អ្នករាល់គ្នា​ធ្វើព្រងើយ​នឹង​អស់ទាំង​ដំបូន្មាន​របស់ខ្ញុំ
ហើយ​មិន​ព្រម​ទទួល​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ
26ដូច្នេះ ខ្ញុំ​នឹង​សើច​ដែរ ចំពោះ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា
ខ្ញុំ​នឹង​សើចចំអក​នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់
27នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់​ដូច​ព្យុះ
ហើយ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា​មកដល់​ដូច​ខ្យល់កួច
គឺ​នៅពេល​ទុក្ខវេទនា និង​ទុក្ខព្រួយ​ធ្លាក់មក​លើ​អ្នករាល់គ្នា​។
28ពេលនោះ ពួកគេ​នឹង​ស្រែកហៅ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​ទេ
ពួកគេ​នឹង​ខំប្រឹងស្វែងរក​ខ្ញុំ ប៉ុន្តែ​រក​ខ្ញុំ​មិន​ឃើញ​ឡើយ​។
29នេះគឺដោយសារ​ពួកគេ​បាន​ស្អប់​ចំណេះដឹង
ហើយ​មិន​បាន​ជ្រើសរើស​ការកោតខ្លាច​ព្រះយេហូវ៉ា
30ក៏មិន​ព្រម​ទទួល​ដំបូន្មាន​របស់ខ្ញុំ
ហើយ​បាន​មើលងាយ​អស់ទាំង​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ​ដែរ
31ដូច្នេះ ពួកគេ​នឹង​ស៊ី​ផលផ្លែ​ពី​ផ្លូវ​របស់ខ្លួន
ហើយ​បាន​ឆ្អែត​ដោយ​ឧបាយកល​របស់ខ្លួន​។
32ជាការពិត ការបកក្រោយ​របស់​មនុស្សខ្វះចំណេះដឹង​នឹង​ធ្វើឲ្យ​ខ្លួនគេ​ស្លាប់
ហើយ​សេចក្ដីសុខស្រួល​របស់​មនុស្សល្ងង់​នឹង​បំផ្លាញ​ខ្លួនគេ​;
33រីឯ​អ្នកដែល​ស្ដាប់តាម​ខ្ញុំ នឹង​រស់នៅ​ដោយ​សុខដុមរមនា
ហើយ​នៅសុខសាន្ត​ឥតភ័យខ្លាច​មហន្តរាយ​ឡើយ”៕

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi