YouVersion logo
Dugme za pretraživanje

ម៉ាកុស 15

15
ព្រះយេស៊ូវនៅមុខពីឡាត់
1លុះ​ព្រលឹមឡើង​ភ្លាម ពួក​នាយកបូជាចារ្យ​ពិគ្រោះគ្នា​ជាមួយ​ពួក​ចាស់ទុំ ពួក​គ្រូវិន័យ និង​ក្រុមប្រឹក្សា​ទាំងមូល រួច​ពួកគេ​ចង​ព្រះយេស៊ូវ​នាំទៅ​ប្រគល់​ឲ្យ​ពីឡាត់​។
2ពីឡាត់​សួរ​ព្រះអង្គ​ថា៖ “តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ?”។
ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“គឺ​លោក​និយាយ​ទេ”។
3ពួក​នាយកបូជាចារ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​អំពី​រឿង​ជាច្រើន#15:3 ឯកសារបុរាណខ្លះបន្ថែម “ប៉ុន្តែព្រះអង្គមិនឆ្លើយអ្វីសោះ”។​។ 4ដូច្នេះ ពីឡាត់​ក៏​សួរ​ព្រះអង្គ​ម្ដងទៀត​ថា៖ “តើ​អ្នក​មិន​ឆ្លើយ​អ្វី​ទេ​ឬ​? មើល៍! ពួកគេ​ចោទប្រកាន់​អ្នក​អំពី​រឿង​ជាច្រើនដល់ម្ល៉េះ”។ 5ប៉ុន្តែ​ព្រះយេស៊ូវ​លែង​តប​អ្វី​ទៀត ធ្វើឲ្យ​ពីឡាត់​ភ្ញាក់ផ្អើល​។
យេស៊ូវ ឬបារ៉ាបាស
6រៀងរាល់​ពិធីបុណ្យ​នោះ#15:6 ពិធីបុណ្យនោះ―គឺ “បុណ្យរំលង”។ ពីឡាត់​តែងតែ​ដោះលែង​អ្នកទោស​ម្នាក់​ឲ្យ​ពួកគេ តាម​ដែល​ពួកគេ​សុំ​។ 7ពេលនោះ មាន​ម្នាក់​ដែល​គេ​ហៅថា​បារ៉ាបាស ត្រូវ​ជាប់ចំណង​ជាមួយ​ពួក​អ្នកបះបោរជាគ្នាគាត់ ដែល​ធ្វើ​ឃាតកម្ម​ជាមួយគ្នា​ក្នុង​ពេលបះបោរ​។ 8ដូច្នេះ ហ្វូងមនុស្ស​ក៏​ឡើងទៅ#15:8 ឡើងទៅ​―ឯកសារបុរាណខ្លះថា “ស្រែកឡើង”។ ហើយ​ចាប់ផ្ដើម​ទាមទារ​ឲ្យធ្វើ ដូចដែល​ពីឡាត់​ធ្លាប់​ធ្វើ​សម្រាប់​ពួកគេ​។ 9ពីឡាត់​សួរ​ពួកគេ​ថា​៖ “តើ​អ្នករាល់គ្នា​ចង់ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេចនៃជនជាតិយូដា​ដល់​អ្នករាល់គ្នា​ឬទេ​?”។ 10តាមពិត ពីឡាត់​ដឹង​ថា ពួក​នាយកបូជាចារ្យ​បាន​ប្រគល់​ព្រះអង្គ​មក​លោក​ព្រោះតែ​ការឈ្នានីស​។ 11ប៉ុន្តែ​ពួក​នាយកបូជាចារ្យ​បាន​ពន្យុះ​ហ្វូងមនុស្ស ឲ្យ​សុំ​ពីឡាត់​ដោះលែង​បារ៉ាបាស​ដល់​ពួកគេ​វិញ​។
12ពីឡាត់​សួរ​ពួកគេ​ម្ដងទៀត​ថា៖ “បើដូច្នេះ តើ​អ្នករាល់គ្នា​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នកនេះ​ដែល​អ្នករាល់គ្នា​ហៅថា ស្ដេចនៃជនជាតិយូដា​?”។
13ពួកគេ​ក៏​ស្រែក​ទៀត​ថា៖ “ឆ្កាង​វា​ទៅ!”។
14ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “តើ​អ្នកនេះ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​អ្វី​?”។
ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំង​ថា​៖ “ឆ្កាង​វា​ទៅ!”។
15ពីឡាត់​ចង់​បំពេញចិត្ត​ហ្វូងមនុស្ស ក៏​ដោះលែង​បារ៉ាបាស​ដល់​ពួកគេ​។ បន្ទាប់ពី​ឲ្យ​គេ​វាយ​ព្រះយេស៊ូវ​នឹងខ្សែតី#15:15 វាយនឹងខ្សែតី―ការវាយនឹងខ្សែតីរបៀបរ៉ូម៉ាំង គេប្រើខ្សែស្បែកសត្វដែលមានកម្ទេចឆ្អឹង ឬ​តម្ពក់​លោហៈ​ជាប់​នៅ​ខាង​ចុង នៅពេលវាយធ្វើឲ្យរយះស្បែកដាច់សាច់ ជាទារុណកម្មដ៏សាហាវ។ លោក​ក៏​ប្រគល់​ព្រះអង្គ​ដើម្បីឲ្យ​គេ​ឆ្កាង​ព្រះអង្គ​។
ការចំអកពីពួកទាហាន
16ពួក​ទាហាន​នាំ​ព្រះអង្គ​ទៅ​ក្នុង​ទីធ្លា​ដែល​ជា​វិមាន​អភិបាល ហើយ​ហៅ​កងទាហាន​ទាំងមូល​មក​។ 17ពួកគេ​ពាក់​អាវ​ពណ៌ស្វាយ​ឲ្យ​ព្រះអង្គ ហើយ​ក្រង​មែក​បន្លា​ជា​មកុដ បំពាក់​ឲ្យ​ព្រះអង្គ 18រួច​ចាប់ផ្ដើម​គំនាប់​ព្រះអង្គ​ថា​៖ “ជយោ! ស្ដេចនៃជនជាតិយូដា​!”។ 19ពួកគេ​វាយ​ព្រះសិរ​របស់​ព្រះអង្គ​នឹង​ដើមត្រែង ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ ហើយ​លុតជង្គង់​ថ្វាយបង្គំ​ព្រះអង្គ​ម្ដងហើយម្ដងទៀត​។ 20នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវ​ពណ៌ស្វាយ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ចេញទៅ​ដើម្បី​ឆ្កាងព្រះអង្គ​។
ឆ្កាងនៅចន្លោះចោរប្លន់ពីរនាក់
21មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នកគីរេន ជា​ឪពុក​របស់​អ័លេក្សានត្រុស និង​រូភូស គាត់​មក​ពី​ជនបទ​ដើរកាត់​ទីនោះ​។ ពួកគេ​ក៏​បង្ខំ​គាត់​ឲ្យ​លី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ។ 22ពួកគេ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ហៅថា “គាល់កូថា” (​គាល់កូថា មានអត្ថន័យប្រែថា ទី​លលាដ៍ក្បាល​)​។ 23ពួកគេ​យក​ស្រាទំពាំងបាយជូរ​ដែល​លាយនឹងជ័រល្វីងទេស​ឲ្យ​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​មិន​ទទួល​ទេ​។ 24បន្ទាប់មក ពួកគេ​ឆ្កាង​ព្រះយេស៊ូវ ហើយ​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​យក​វា ដើម្បីឲ្យដឹងថា​អ្នកណា​យក​មួយណា​។ 25ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោងប្រាំបួនព្រឹក#15:25 ម៉ោង​ប្រាំបួន​ព្រឹក―ន័យត្រង់គឺ “ម៉ោងទីបី”។​។ 26ចំណារ​អំពី​ទោស​របស់​ព្រះអង្គ​មាន​សរសេរ​ថា
“ស្ដេចនៃជនជាតិយូដា”។
27ពួកគេ​បាន​ឆ្កាង​ចោរប្លន់​ពីរ​នាក់​ជាមួយ​ព្រះយេស៊ូវ ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​ព្រះអង្គ​។ 28ដូច្នេះ បទគម្ពីរ​នេះ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“លោក​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​ពួក​មនុស្ស​អាក្រក់”#15:28 《អេសាយ》 53:12។#15:28 ឯកសារបុរាណខ្លះគ្មានខនេះ។ 29ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល ហើយ​ពោលថា​៖ “អ្ហាៈ! អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ 30ចូរ​សង្គ្រោះ​ខ្លួនឯង ដោយ​ចុះ​ពី​ឈើឆ្កាង​មក!”។ 31ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​ក៏​ចំអកឡកឡឺយ​ដាក់ព្រះអង្គ​ដូចគ្នា​ដែរ ដោយ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “វា​បាន​សង្គ្រោះ​អ្នកដទៃ ប៉ុន្តែ​មិនអាច​សង្គ្រោះ​ខ្លួនឯង​បានទេ​។ 32ចូរឲ្យ​ព្រះ​គ្រីស្ទ ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក ដើម្បីឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង​!”។ ពួក​អ្នក​ដែល​ត្រូវបាន​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ​ក៏​ត្មះតិះដៀល​ព្រះអង្គ​ដែរ​។
ការសុគតរបស់ព្រះយេស៊ូវ
33លុះដល់​ម៉ោងដប់ពីរថ្ងៃត្រង់#15:33 ម៉ោង​ដប់​ពីរ​ថ្ងៃត្រង់―ន័យត្រង់គឺ “ម៉ោងទីប្រាំមួយ”។ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល#15:33 ម៉ោង​បីរសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំបួន”។​។ 34នៅ​ម៉ោងបីរសៀល#15:34 ម៉ោង​បីរសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំបួន”។ ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖“អេឡយ អេឡយ ឡាម៉ា​សាបាច់ថានី?#15:34 អេឡយ អេឡយ ឡាម៉ា​សាបាច់ថានី? ―ជាភាសាអើរ៉ាម។ ដែល​មានអត្ថន័យប្រែថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”#15:34 《ទំនុកតម្កើង》 22:1។
35អ្នកខ្លះ​ដែល​ឈរនៅទីនោះ​បាន​ឮ ក៏​ពោលថា​៖ “មើល៍! វា​កំពុង​ហៅ​អេលីយ៉ា”។ 36មាន​ម្នាក់​រត់​ទៅ យក​អេប៉ុងហ្ស៍​បញ្ជោក​ដោយ​ទឹកខ្មេះ​រុំ​នឹង​ដើមត្រែង​ឲ្យ​ព្រះអង្គ​ផឹក ទាំង​ពោលថា​៖ “ចាំ​មើល​មើល៍​! ក្រែងលោ​អេលីយ៉ា​មក​យក​វា​ចុះ​ពីឈើឆ្កាង”។
37ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បន្លឺ​សំឡេង​យ៉ាងខ្លាំង រួចក៏​ផុតដង្ហើម​ទៅ​។ 38ពេលនោះ វាំងនន​ក្នុង​ព្រះវិហារ​បាន​រហែក​ជា​ពីរ ចាប់ពី​លើ​រហូតដល់​ក្រោម​។ 39មេទាហានលើមួយរយនាក់​ដែល​ឈរ​ទល់មុខ​ព្រះអង្គ ឃើញ​ថា​ព្រះអង្គ​ផុតដង្ហើម​យ៉ាងដូច្នេះ#15:39 ផុតដង្ហើមយ៉ាងដូច្នេះ―ឯកសារបុរាណខ្លះថា “ស្រែក ហើយផុតដង្ហើមយ៉ាងដូច្នេះ”។ ក៏​ពោលថា​៖ “បុរស​នេះ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!”។
40មាន​ស្ត្រី​ខ្លះ​កំពុង​មើល​ពី​ចម្ងាយ​ដែរ ក្នុងចំណោម​ស្ត្រី​ទាំងនោះ​មាន​ម៉ារា​អ្នកម៉ាក់ដាឡា មាន​ម៉ារា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រមទាំង​មាន​សាឡូមេ​។ 41ពួកនាង​ជា​អ្នក​ដែល​តែងតែ​ទៅតាម​ព្រះអង្គ ព្រមទាំង​បម្រើ​ព្រះអង្គ​ផង កាល​ព្រះអង្គ​គង់នៅ​កាលីឡេ​នៅឡើយ​។ មាន​ស្ត្រី​ឯទៀតៗ​ជាច្រើន​ដែល​បាន​ឡើងមក​យេរូសាឡិម​ជាមួយ​ព្រះអង្គ​។
ការបញ្ចុះព្រះសពព្រះយេស៊ូវ
42លុះដល់​ពេលល្ងាច ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ គឺ​មួយថ្ងៃមុនថ្ងៃសប្ប័ទ 43យ៉ូសែប​អ្នកអើរីម៉ាថេ​បាន​មក ហើយ​ចូលទៅ​ជួប​ពីឡាត់​ដោយក្លាហាន រួច​សុំ​យក​ព្រះសព​ព្រះយេស៊ូវ​។ យ៉ូសែប​ជា​សមាជិកក្រុមប្រឹក្សា​ដែល​មាន​កេរ្តិ៍ឈ្មោះល្អ ហើយ​ខ្លួនគាត់ផ្ទាល់​ក៏​រង់ចាំ​អាណាចក្រ​របស់​ព្រះ​។ 44ពីឡាត់​ក៏​ភ្ញាក់ផ្អើល​ដែល​ព្រះយេស៊ូវ​បាន​សុគត​ហើយ ដូច្នេះ​គាត់​ហៅ​មេទាហានលើមួយរយនាក់​មក សួរថា​តើ​ព្រះអង្គ​សុគត​ហើយ#15:44 សុគតហើយ​―ឯកសារបុរាណខ្លះថា “សុគតយូរហើយ”។​ឬនៅ​។ 45នៅពេល​បាន​ដឹង​ពី​មេទាហានលើមួយរយនាក់​ហើយ ពីឡាត់​ក៏​ប្រគល់​ព្រះសព#15:45 ព្រះសព―ឯកសារបុរាណខ្លះថា “ព្រះកាយ”។​ឲ្យ​យ៉ូសែប​។ 46យ៉ូសែប​ទិញ​ក្រណាត់ផាឌិប ហើយ​យក​ព្រះសព​ចុះ រុំ​នឹង​ក្រណាត់ផាឌិប​នោះ រួច​ដាក់​ក្នុង​រូងផ្នូរ​ដែល​បាន​ដាប់លុង​ក្នុង​ថ្មដា​។ បន្ទាប់មក គាត់​ប្រមៀល​ថ្ម​មួយ​ខ្ទប់​នឹង​មាត់​រូង​។ 47រីឯ​ម៉ារា​អ្នកម៉ាក់ដាឡា និង​ម៉ារា​ម្ដាយ#15:47 ម្ដាយ―ជាពាក្យជំនួយ​របស់​យ៉ូសេ ក៏​ឃើញ​កន្លែងដែល​គេ​ដាក់​ព្រះសព​៕

Trenutno izabrano:

ម៉ាកុស 15: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi